តាកែវ៖ សមិទ្ធផលថ្មីមួយទៀតហើយនៅក្នុងខេត្តតាកែវដែលត្រូវសម្រេចបាននៅដើមឆ្នាំ២០២១នេះ កំពុងមានការគាំទ្រនិងចាប់អារម្មណ៍ខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តតាកែវ ជាមួយការកែលំអរពង្រីកសួនច្បារមាត់បឹងតាកែវឲកាន់តែមានសភាពធំទូលាយ និងមានសោភ័ណភាពស្រស់ស្អាត ឡើងថែមមួយកម្រិតធំទៀត ក្នុងការទាកទាញភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ត បានមកលេងកំសាន្ត ធ្វើលំហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ធ បែបបរិយាកាសធម្មជាតិមាត់បឹងតាកែវ ។
ជាមួយនិងការប្រែមុខមាត់ថ្មីលើការអភិវឌ្ឍន៍នៅក្នុងខេត្តតាកែវនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានប្រាប់ភ្នាក់ងារព័ត៌មានយើងឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១នេះថា ពិតណាស់ក្នុងខេត្តតាកែវ បាននឹងកំពុងឈានទៅរកចំណុចអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ មិនថាតែសួនច្បារធំៗទាំងនេះនោះទេ គឺមានប្រព័ន្ធហេដ្ឋារចនាសម្ព័នលើផ្លូវថ្នល់កៅស៊ូ និងថ្នល់ប៉េតុងជាច្រើនខ្សែ ដែលកំពុងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរលើដងផ្លូវ ដឹកទំនិញកសិផលមកលក់នៅតាមទីផ្សារនានាផងដែរ លើសពីនោះទៀតការស្តារនៅហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់និងប្រព័ន្ធលូរបង្ហូរទឹកមិនឲ្យលិចនេះ ក៏បានធ្វើឲ្យហាងឆេងដីរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តមានការកើនឡើងមួយកម្រិតថែមទៀតផងដែរ ។
ឯកឧត្តម អ៊ូច ភា បន្តថានៅដើមឆ្នាំ២០២១នេះ គឺយើងបានសម្រេចនៅការកែលំអរពង្រីកសួនច្បារថ្មីនេះគឺសម្រេចបាន ៨៥%ហើយ និងគ្រោងបញ្ចប់គម្រោងនេះនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ហើយមិនតែប៉ុណ្ណោះខេត្តក៏បានពង្រីកប្រព័ន្ធសរសៃឈាមសេដ្ឋកិច្ច ដែលអាចនិយាយបានថា ជាការជួសជុល ចាក់ពង្រីកថ្នល់កៅស៊ូប្រភេទ DBST ជាច្រើនខ្សែថែមទៀតនៅតាមតំបន់ជាយក្រុងដូនកែវ តភ្ជាប់ជាមួយបណ្តារស្រុកផ្សេងៗនៅជាប់គ្នា ដើម្បីសម្រួលដល់ការងារដឹកជញ្ជូនផលិតផល កសិផល ស្រូវ ដំណាំ បន្លែបង្ការ ផ្សេង យកមកចែកចាយលក់នៅតាមទីផ្សារធំនៅក្នុងចំនុចកណ្តាលនៃបេះដូងខេត្តតាកែវតែម្តង។
ទន្ទឹមនិងការទទួលបាននូវសមិទ្ធិផលថ្មីៗនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មេត្តាចូលរួមថែរក្សាឲ្យបានចំពោះការសម្អាតបរិស្ថានល្អស្អាតនេះសម្រាប់សួនច្បារ ដោយឡែកសម្រាប់ផ្លូវថ្នល់ សូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់លើដងផ្លូវ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នាឲបានខ្ជប់ខ្ជួន រួមគ្នាជាមួយនិងរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ កាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសឲធ្លាក់មកនូវកម្រិតទាបបំផុត ៕ រក្សាសិទ្ធិដោយ៖តាកែវ