កោះកុង៖អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋ ស្នើឲ្យសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធ ប្រចាំការនៅច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ច្រកចាំយាមខេត្តកោះកុង ឲ្យពង្រឹងងារងារចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលនាំចូលពីប្រទេសថៃ ឲ្យបានត្រឹមត្រូវតាមច្បាប់ ដើម្បីទប់ស្កាត់ទំនិញគេចពន្ធ និងទំនិញខូចគុណភាពឲ្យមានប្រសិទ្ធភាព។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន មានសមាគមអាដហុក (Adhoc) និងអង្គការលីកាដូ (Licadho) ប្រចាំខេត្តកោះកុង បានឲ្យអ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តកោះកុងដឹងថា រាលថ្ងៃនេះ សកម្មភាពចុះត្រួតពិនិត្យទំនិញ ដែលនាំចូលតាមច្រកទ្វារច្រកចាំយាម របស់មន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួន រួមមាន៖ មន្ត្រីសាខាកាំកុងត្រូលខេត្ត និងមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុងជាដើមហាក់មានភាពធូរលុង។
អ្នកសម្រួបសម្រួលសមាគមអាដហុក ប្រចាំខេត្តកោះកុង លោក ញៀប សំអឿន ផ្តល់សម្ភាសថា ទំនិញដឹកតាមរទេះ ពិសេសទំនិញដឹកតាមរថយន្តធំៗ ឆ្លងកាត់តាមច្រកចាំយាម មន្ត្រីពាក់ព័ន្ធ ពិសេសមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង និងមន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង មិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវទេ។ បញ្ហានេះ លោកស្នើដល់ លោកបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក ម៉ក ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ពិសេសប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ឲ្យបញ្ជូនមន្ត្រីចុះស៊ើបអង្កេតទៅលសកម្មភាព របស់មន្ត្រីប្រចាំការនៅច្រកព្រំដែនចាំយាម ខេត្តកោះកុង ថាតើអាចមានជាប់ពាក់ព័ន្ធ ការអនុញ្ញាតិឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងខូចគុណភាពតាមច្រកទ្វារនេះខុសច្បាប់ ជាថ្នូរទទួលបានសំណូកពុករលួយដែរឬយ៉ាងណា។
លោក ញៀប សំអឿន កត់សម្គាល់ថា កន្លងមក មន្ត្រីជំនាញស្ថាប័នខ្លះ នៅច្រកទ្វារចាំយាម បានត្រួតពិនិត្យតែទៅលើឯកសារនាំចូលទំនិញ ឬទទួលយកត្រឹមសំណូកលុយកាក់ ដែលឈ្មួញ ឬពាណិជ្ជករទាំងនោះបង់ជូនស្ថាប័ននីមួយៗនៅតាមច្រកព្រំដែនជាប្រចាំថ្ងៃតែប៉ុណ្ណោះ ដោយមិនបានត្រួតពិនិត្យទំនិញនាំចូលនោះទេ។
ចំណែក លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តកោះកុង ក៏ស្នើ ដល់ស្ថាប័នប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ឲ្យបញ្ជូនមន្ត្រីស្អាតស្អំ ឲ្យចុះស៊ើបអង្កេតសកម្មភាពបំពេញការងារ របស់មន្ត្រីជំនាញប្រចាំការនៅច្រកទ្វារចាំយាមខេត្តកោះកុង ដើម្បីឈានទៅទប់ស្កាត់អំពើពុករលួយ កើតចេញពីការអនុញ្ញាតិឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខូចគុណភាពនៅតាមច្រករបៀង តាមផ្លូវសមុទ្រ និងតាមច្រកទ្វារអន្តរជាតិកម្ពុជាថៃច្រកចាំយាមនេះដែរ។
ទាក់ទិនបញ្ហានេះ ទាំងមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋ ខេត្តកោះកុង កន្លងមកធ្លាប់បានរិះគន់មន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិចាំយាម ពិសេសមន្ត្រីគយ និងរដ្ឋាករ ព្រមទាំងមន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុងជាដើម ដែលបានអនុញ្ញាតឲ្យពាណិជ្ជករថៃ នាំចូលទំនិញគេចពន្ធ និងទំនិញខូចគុណភាព ចូលមកកម្ពុជាយ៉ាងអនាធិបតេយ្យ ជាថ្នូរទទួលបានសំណូកពុករលួយ ឬចែកផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ មួយចំនួនប្រចាំការនៅច្រកទ្វារចាំយាម ខេត្តកោះកុង មានមន្ត្រីគយ និងរដ្ឋាករខេត្តនេះជាដើម បានឆ្លើយដោះសារថា មិនបានដឹងថា មានករណីនាំចូលទំនិញគេចពន្ធនាំចូលមកពីប្រទេសថៃនោះទេ។ ជាងនេះក៏បានឆ្លើយបដិសេធន៍ថា ពួកគេមិនឃុបឃិត ឬអនុញ្ញាតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញហួសថ្ងៃប្រើប្រាស់ចូលតាមច្រកព្រំដែនកម្ពុជាថៃ ច្រកចាំយាមខេត្តកោះកុង តាមសមុទ្រនិងច្រករបៀងផ្សេងៗ តាមព្រណដែន ជាថ្នូរទទួលបានសំណូកលុយកាក់នោះទេ។
យ៉ាងនេះក្តី ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តកោះកុង បានអះអាងថា ទាំងច្រកតាមផ្លូវសមុទ្រ និងច្រកចាំយាម ពិតជាច្រកធ្លាប់ឆ្លងកាត់ទំនិញគេចពន្ធគ្រប់ប្រភេទជាបន្តបន្ទាប់នាពេលកន្លងមក និងបន្តមកដល់បច្ចុប្បន្ននេះ។ ហើយសមត្ថកិច្ចជំនាញស្ថាប័នមួយចំនួន នាមូលដ្ឋាននេះ ក៏បានទទួលផលប្រយោជន៍ពីឈ្មួញជាថ្នូរ អនុញ្ញាតិឲ្យនាំចូលទំនិញគេចពន្ធមានម៉ូតូ អាហារសមុទ្រស្រស់ៗ គ្រឿងសម្អាតកាយ ភេសជ្ជៈ និងអាហារកំប៉ុងគ្រប់ប្រភេទ ដែលខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម។
បញ្ហានេះ ប្រជាពលរដ្ឋរស់នៅខេត្តកោះកុង បានឲ្យអ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តកោះកុងដឹងថា ទំនិញមិនបង់ពន្ធ ឬគេចពន្ធជាច្រើនប្រភេទដូចជា៖ ស្រាស្រាបៀរ គ្រឿងភេសជ្ជៈ ឥវ៉ាន់ចាប់ហួយ សម្ភារៈសំណង់ និងម៉ូតូសេរីថី្មៗជាដើម ត្រូវក្រុមឈ្មួញនាំចូលពីប្រទេសថៃ តាមច្រករបៀងមួយចំនួនខេត្តកោះកុង ក្នុងនោះ ក៏មានច្រកចាំយាមនេះដែរ។ ទំនិញខ្លះឈ្មួញបានដឹកតាមរថយន្ត និងដឹកកតាមទូកជាដើម មកចែកចាយនៅទីរួមខេត្តកោះកុង និងចែកឲ្យម៉ូយមួយចំនួននៅតាមបណ្តារាជធានីខេត្តផ្សេងៗ។ ហើយឈ្មួញទាំងនោះ បានចែកផលប្រយោជន៍ជូនដល់មន្ត្រីស្ថាប័នជំនាញ ប្រចាំការនៅតាមច្រកព្រំដែនខេត្តកោះកុង និងមន្ត្រីជំនាញ ដែលដាក់ពង្រាយ ប្រចាំការ នៅតាមផ្លូវ ឆ្លងកាត់ ជាថ្នូរអាចដឹកទំនិញគេចពន្ធឆ្លងកាត់បានដោយរលូន។
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលប្រឆាំងបទល្មើស នៃស្នងការនគរបាលខេត្តកោះកុង ដឹកនាំដោយ លោកវរសេនីយ៍ឯក មីន រស្មី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ និងបង្ក្រាប បទល្មើសនាំចូលសាច់មាន់ និងប្រហិតស្រស់ ពីប្រទេសថៃចូលមកខេត្តកោះកុង ដោយបានដកហូតទំនិញខុសច្បាប់ទាំងនោះបានចំនួន ១៦៨៧គីឡូក្រាម។ ក្នុងនោះសាច់មាន់ខូចគុណភាពមានចំនួន ១១១៤គីឡូក្រាម និងប្រហិតខូចគុណភាពមានចំនួន ៥៦៤គីឡូក្រាម។ ក្រោយការបង្ក្រាប ទំនិញទាំងនេះ កម្លាំងនគរបាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានប្រគល់ជូនមន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធី និងដុតបំផ្លាញចោល៕ សត្យា