ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំសា្ដប់របាយការណ៍ និងរកវិធានការដោះស្រាយបញ្ហាប្រឈមមួយចំនួន ក្នុងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ឯក អគ្គនាយករង, ប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញដែលពាក់ព័ន្ធមួយចំនួន។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ឲ្យលើកឡើងពីបញ្ហាប្រឈម ក្នុងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត។
ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គនាយក ក៏បានឲ្យក្រុមការងារគ្រប់គ្រងទិន្នន័យឲ្យបានល្អត្រឹមត្រូវ ច្បាស់លាស់ ងាយស្រួលក្នុងស្វែងរក និងមានប្រសិទ្ធភាព ជាពិសេសនៅពេលជនបរទេស ដែលមានពាក់ព័ន្ធនឹងបទល្មើសណាមួយ ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ