ភ្នំពេញ៖ សារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ , សម្តេច សូម អធ្យាស្រ័យចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលឆ្នាំនេះ រាជរដ្ឋាភិបាលមិនអាចរៀបចំពិធីជួបជុំ រវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកម្ពុជាដូចឆ្នាំកន្លងទៅដោយសារការរីករាលដាលឆ្លង ជាសកលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និងគម្រាមកំហែងដល់សុខភាពសាធារណៈ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ បានផ្ញើសារនេះជូនបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីអបអរសាទរទិវាជំនួបរវាងប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា ដែលកំពុងបំពេញការងារលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាទំលាប់ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ខែមករារៀងរាល់ឆ្នាំ ហើយក៏សូម អធ្យាស្រ័យចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលឆ្នាំនេះ រាជរដ្ឋាភិបាលមិនអាចរៀបចំពិធីជួបជុំ រវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកម្ពុជាដូចឆ្នាំកន្លងទៅដោយសារការរីករាលដាលឆ្លង ជាសកលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និងគម្រាមកំហែងដល់សុខភាពសាធារណៈ សេចក្តីសុខ សាន្ត និងអាយុជីវិតប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងសកលលោក។
ឆ្នាំនេះគឺជាលើកទី៥ ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មាន កម្ពុជា ដែលជំនួបលើកទី៤កាលពីឆ្នាំកន្លងទៅមានអ្នកសារព័ត៌មានចូលរួមប្រមាណជាង៥០០០នាក់ ដែល ជាការជួបជុំដ៏ធំប្រចាំឆ្នាំរវាងប្រមុខរាជរដ្ឋាភិបាលជាមួយស្ថាប័នសារព័ត៌មាន ក្នុងគោលបំណងបង្កើន សាមគ្គីភាពនិងពង្រឹងភាពជាដៃគូររវាងរាជរដ្ឋាភិបាលជាមួយស្ថាប័នសារព័ត៌មាន ដើម្បីលើកស្ទួយសិទ្ធិ សេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មានដែលគាំពារដោយច្បាប់រដ្ឋ និងធានាបាននូវ សុខដុមនីយកម្មនៅក្នុងសង្គម ការថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង។
ជំងឺកូវីដ-១៩ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតនៅទូទាំងសកលលោកដ៏គួរឱ្យព្រួយបារម្ភនេះ មិនត្រឹមតែមិនទាន់បានថយចុះនៅលើសកលលោកប៉ុណ្ណោះទេ ថែមទាំងបំលែងជាវីរុសកូវីដ-១៩ ប្រភេទថ្មី កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអង់គ្លេស ហើយត្រូវបានរកឃើញផងដែរនៅក្នុង ប្រទេសមួយចំនួនទៀតក្នុងទ្វីបអឺរ៉ុប ដែលទាមទារឱ្យយើងយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងនឹងការ រីករាលដាលឆ្លងជាសកលនៃជំងឺកូវីដ -១៩ឱ្យកាន់តែសកម្មថែមទៀត។ បច្ចុប្បន្ន ប្រទេសក្នុងតំបន់អាស៊ាន មួយចំនួនកំពុងតែប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលនៃរលកទី៣ និងទី៤នៃជំងឺកូវីដ-១៩ ដែលរហូត មកដល់ពេលនេះនៅទូទាំងសកលលោក មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៨៣លាននាក់ និងអ្នកស្លាប់ជិត ២លាននាក់។ សភាពការណ៍នេះនៅតែធ្ងន់ធ្ងរនៅឡើយ ដែលតម្រូវឱ្យយើងអាក់ខានក្នុងការរៀបចំពិធី ជួបជុំផ្សេងៗ និងត្រូវបង្កើនការប្រុងប្រយ័ត្នដោយគោរព និងអនុវត្តតាមវិធានការបន្ទាន់នានារបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជាការចាំបាច់បំផុត។
សម្រាប់ប្រទេសកម្ពុជា ព្រឹត្តិការណ៍ឆ្លងសហគមន៍២៨វិច្ឆិកា បានបញ្ចប់ទាំងស្រុងប្រកបដោយ ជោគជ័យ។ ប៉ុន្តែ យើងមិនអាចមើលស្រាលពីស្ថានការណ៍ និងឱកាសនៃការវិលត្រឡប់មកវិញរបស់ មេរោគដ៏កាចសាហាវនេះបានទេ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការ និងឆ្លើយតបបានទាន់ពេលវេលា ដែលអាចគ្រប់គ្រងស្ថានការណ៍បានដោយការកាត់ផ្តាច់មធ្យោបាយដែលនាំឱ្យជំងឺកូវីដ-១៩ឆ្លងរីករាលដាលចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។ បើប្រៀបធៀបប្រទេសក្នុងតំបន់ ចំនួនអ្នកឆ្លងមេរោគកូវីដ -១៩ នៅកម្ពុជាមានចំនួនតិចហើយត្រូវបានព្យាបាលឱ្យជាសះស្បើយជាបន្តបន្ទាប់ ដោយគ្មានប្រជាពលរដ្ឋ ខ្មែរ ឬជនបរទេសណាម្នាក់ស្លាប់ដោយសារជំងឺនេះនៅកម្ពុជានៅឡើយទេ។ នេះគឺជាជោគជ័យដ៏ធំធេង ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការបានល្អទាន់ពេលវេលារបស់ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់អនុវត្តវិធានការបន្ទាន់និងចាំបាច់របស់ រាជរដ្ឋាភិបាលកម្ពុជា និងវិធានការរបស់ក្រសួង ស្ថាប័នជំនាញ ហើយក៏មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹង ។ ប្រែងចូលរួមយ៉ាងសកម្មពីស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានរបស់យើងបានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំសូមឆ្លៀតយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះស្ថាប័នព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានដែលខិតខំផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ទាក់ទងនឹងការវិវត្តនៃជំងឺកូវីដ-១៩ និងសភាពការណ៍ វិវត្តនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់និងនៅលើសកលលោកទាំងមូល ជាពិសេសការផ្សព្វផ្សាយ វិធានការបន្ទាន់ទាំងឡាយរបស់រាជរដ្ឋាភិបាល និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បានរហ័សទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវតាមវិជ្ជាជីវៈ។ រយៈពេលជិតមួយឆ្នាំកន្លងទៅនេះ ទោះបីប្រឈមនឹងឧបសគ្គនៃការរីករាល ដាលនៃការឆ្លងជំងឺកូវីដ -១៩ យ៉ាងណាក្តី ក៏បងប្អូនអ្នកសារព័ត៌មានរបស់យើងបានខិតខំពុះពារជំនះរាល់ ការលំបាកនានាបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សារភ្ជាប់ទំនាក់ទំនងពីរាជរដ្ឋាភិបាលទៅកាន់ ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ តាមរយៈការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ជូនប្រជាពលរដ្ឋបានយល់ដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្វែងយល់ពីសភាពការណ៍ពិត នៅកម្ពុជា និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ ដើម្បីបានដឹងអំពីតម្រូវការរបស់ ប្រជាពលរដ្ឋ ជាការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ និងថែរក្សាសុខសន្តិភាពយូរអង្វែង នៅកម្ពុជា។
ស្ថិតក្នុងស្ថានភាពនៃការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យប្រជាជនកម្ពុជា ក៏ដូច ជាប្រជាជននៅទូទាំងសកលលោកចេះរស់នៅ និងការបំពេញការងារតាមគន្លងថ្មីដើម្បីបញ្ចៀសការឆ្លង ជំងឺដ៏កាចសាហាវ និងដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថលនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ មានស្ថាប័ន ព័ត៌មាននិងអ្នកសារព័ត៌មានមួយចំនួនមានសមត្ថភាពយល់ដឹងអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បី សម្រួលដល់ការបំពេញការងារបានរហ័សទាន់សភាពការណ៍និងមានសុវត្ថិភាពក្នុងការបំពេញភារកិច្ច របស់ពួកគេ។ ទន្ទឹមនេះ ក៏មានស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មានរបស់យើងមួយចំនួនពុំទាន់បានរស់ នៅក្នុងបរិបទគន្លងថ្មី ហើយកំពុងបំពេញការងារតាមបែបប្រពៃណីនៅពីក្រោយការរីកចម្រើននៃបច្ចេក វិទ្យាឌីជីថលដែលអាចប្រឈមទៅនឹងជំងឺឆ្លងកូវីដ -១៩ និងប៉ះពាល់ដល់ការប្រកួតប្រជែងទីផ្សារដោយ សារតែការដើរមិនទាន់ការវិវត្តនៃសភាពការណ៍ដែលទាមទារឱ្យស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារ ព័ត៌មានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាពបន្ថែមទៀត ដើម្បីសម្រួលដល់ការបំពេញភារកិច្ច របស់ខ្លួនស្របតាមគន្លងថ្មី និងដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ហើយត្រៀមខ្លួន ការពារជំងឺឆ្លងរាតត្បាតសកលដែលអាចនឹងកើតមាននៅពេលអនាគតមិនអាចប៉ាន់ស្មានបាន។
ជាថ្មីម្តងទៀត ខ្ញុំសូមណែនាំដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវការអនុវត្តឱ្យ បានត្រឹមត្រូវតាមវិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន និងគោរពតាមគោលការណ៍ «កុំបំពានសិទ្ធិ អ្នកដទៃ កុំបំភ្លៃការពិត » ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ មានអ្នកសារព័ត៌មាននិងជនឱកាសនិយម មួយចំនួនតូចបាននិងកំពុងប្រើប្រាស់ស្ថាប័នព័ត៌មានធ្វើសកម្មភាពទុច្ចរិតជំរិតទារប្រាក់ជាថ្នូរនឹងការមិន ចុះផ្សាយ ឬលុបព័ត៌មានដែលបានចុះផ្សាយ ការដើរតួនាទីជាចៅក្រមកាត់សេចក្ដីនូវរឿងទំនាស់បញ្ហា ដីធ្លី ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត បំប៉ោងសភាពការណ៍ ជេរប្រមាថ ញុះញង់ និងបំពុល បរិយាកាសសង្គមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មានដែលធ្វើឱ្យខូចតម្លៃកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់ស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មានដែលអនុវត្តបាន ត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ។
សម្តេច ក៏សូមរំលឹកផងដែរថា នៅក្នុងជំនួបលើកទី៤ រវាងរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកាល ពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលបានផ្តល់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីការពារអ្នកសារព័ត៌មានតាម ការស្នើសុំរបស់ស្ថាប័នសារព័ត៌មាន ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន ។ ប៉ុន្តែរាជរដ្ឋាភិបាល នឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោម ស្លាកសារព័ត៌មានបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់របៀប រៀបរយសង្គមឡើយ ។ កន្លងមក ខ្ញុំបានលើកឡើងហើយថា ជំងឺកូវីដ១៩ ជាជំងឺឆ្លងដ៏កាចសាហាវ ប៉ុន្តែ ការផ្សព្វផ្សាយព័ត៌មានបំពុលសង្គមគឺវាកាចសាហាវឆ្លងលឿនជាងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ទៅ ទៀត ដែលទាមទារឱ្យរាជរដ្ឋាភិបាលចាត់វិធានការចាំបាច់ ដើម្បីការពារសេចក្តីសុខសាន្តរបស់ប្រជាជន និងការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍនៅកម្ពុជា។
មុននឹងបញ្ចប់ ប្រមុខរាជរដ្ឋាភិបាល សូមអំពាវនាវសារជាថ្មីម្តងទៀត សូម ឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារ ព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំ និង វិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ និងចូលរួមប្រឆាំង ទប់ស្កាត់ លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចឆ្លងក្នុងសហគមន៍។ ជាមួយគ្នានេះដែរ ក៏សូមចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាប និងបំផ្លាញ ចោលព័ត៌មានក្លែងក្លាយដែលបំពុលបរិយាកាសសង្គម និងពង្រឹងសមត្ថភាពខាងវិជ្ជាជីវៈ និងការប្រើប្រាស់ បច្ចេកវិទ្យាជំនាន់ថ្មី ព្រមទាំងចេះបន្សំខ្លួនក្នុងការរស់នៅ និងការបំពេញការងារតាមគន្លងថ្មី ដើម្បីការពារ និងទប់ស្កាត់ជំងឺរាតត្បាតផ្សេងទៀតដែលអាចកើតមាននៅពេលអនាគត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ