ភ្នំពេញ: សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចបង្កើតគណៈកម្មការកំណែទម្រង់នគរបាលជាតិ។ គណៈកម្មការកំណែទម្រង់នគរបាលជាតិមានសមាសភាពចំនួន ២៧រូប មកពីអង្គភាពក្រសួងស្ថាប័នពាក់ព័ន្ធ។
សមាសភាពគណៈកម្មការកំណែទម្រង់នគរបាលជាតិ គឺសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំក្រសួង មហាផ្ទៃ ជាអនុប្រធានទី១។
លោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួង មហាផ្ទៃ
ជាអនុប្រធានអចិន្ត្រៃយ៍។ ចំណែក២៤រូបទៀតជាសមាជិក។ នេះបើយោងតាមប្រកាសស្ដីពីការបង្កើតគណៈកម្មការកំណែទម្រង់នគរបាលជាតិកម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម:
– សិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់ធ្វើការវិភាគមុខងារ រចនាសម្ព័ន្ធ នៃអង្គភាព នីមួយៗ ដើម្បីកំណត់ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ការបំពាក់មធ្យោបាយសម្ភារៈបម្រើការងារ និងការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស សំដៅធ្វើការកែទម្រង់នគរបាលជាតិកម្ពុជា សម្រាប់រយៈពេលចំពោះមុខ និង រយៈពេលមធ្យម ទៅរយៈពេលវែងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិនិត្យ សិក្សាលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្តថ្មីៗបន្ថែមទៀត សំដៅបម្រើដល់ការងារកំណែទម្រង់នគរបាលជាតិកម្ពុជា ។
ពិនិត្យរៀបចំឯកសារពាក់ព័ន្ធការងារកំណែទម្រង់នគរបាលជាតិកម្ពុជា ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់៕ រក្សាសិទ្ធិដោយ: ចេស្តារ