ឧត្តរមានជ័យ៖ កាលពីថ្មីៗនេះ មហាជនពិតជាមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញអតីតសង្ឃ ប៊ុន សាលួត ដែលទើបតែសឹកបានជាង១ខែសោះ ស្រាប់តែលេចមុខភ្ជាប់ពាក្យជាមួយនារីវ័យក្មេងដ៏ស្រស់ស្អាត ធ្វើឲ្យកំលោះៗជាច្រើនលួចច្រណែនមិនស្ទើរនោះស្ទើរ និងអ្នកខ្លះទៀតក៏ចោទឡើងថា ក្រោមដំណាក់ស្រីស្អាតគឺអំណាចទឹកលុយ។
បើតាមការឲ្យដឹង កម្មវិធីភ្ជាប់ពាក្យនេះ ត្រូវបានធ្វើឡើងនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានការរៀបចំកម្មវិធីយ៉ាងអធឹកអធ័ម ក្រោមទិដ្ឋភាពភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយគ្រប់ៗគ្នាតែម្តង។
ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំងនោះ គឺត្រង់ថានារីជាគូដណ្តឹងរបស់អន្ទិត ប៊ុន សាលួត ពុំត្រឹមតែខ្ចីល្ហក់ទេ តែថែមទាំងមានរូបសម្រស់ស្អាតខ្លាំងប្រៀបដូចព្រះនាងអ៊ីចឹង ដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមបានឃើញហើយ នាំគ្នាលាន់មាត់សរសើរថា៖ «ពិតជាមានសំណាងណាស់លោកគ្រូ, ខាងស្រីស្អាតដូចគំនូរ, កូនក្រមុំដូចបារាំងអ៊ីចឹង» និងព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលលើកយកមករៀបរាប់មិនអស់។
គួរបញ្ជាក់ថា ក្រោយលាចាកសិក្ខាបទស្ងាត់ៗ ដែលមនុស្សមួយចំនួនបានចោទឡើងថា មិនដឹងលួចទាក់ទងខាងស្រីតាំងពីពេលណា អន្ទិត ប៊ុន សាលួត ក៏បានប្រកាសសុំការអភ័យទោសតាមបណ្តាញសង្គមយ៉ាងដូច្នេះថា៖ « ខ្ញុំព្រះករុណា ខ្ញុំបាទ ប៊ុន សាលួត បួសបាន ៣០វស្សា ជាស្ថាបនិកសង្ឃសហគមន៍រុក្ខាវ័ន អតីតព្រះមេគណខេត្តឧត្តរមានជ័យ បានលាចាកសិក្ខាបទ (សឹក) ហើយ កាលពីវេលាម៉ោង 7:30 នាទីព្រឹកមិញនេះ (26/11/2020)។
ខ្ញុំព្រះករុណា ខ្ញុំបាទសូមអភ័យទោសពីសំណាក់ព្រះករុណា ព្រះថេរានុត្ថេរៈគ្រប់ៗព្រះអង្គ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា លោកគ្រូ អ្នកគ្រូ ប្រជាពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេសដែល ខ្ញុំព្រះករុណា ខ្ញុំបាទមិនបានប្រាប់ពីការលាចាសិក្ខាបទរបស់ខ្ញុំ។ សូមទានអធ្យាស្រ័យ សូមអរព្រះគុណនិងអរគុណ!!! ពីខ្ញុំព្រះករុណា ខ្ញុំបាទ ប៊ុន សាលួត!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង