បាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជម្រុញដល់អាជ្ញាធរស្រុកដែលទទួលពលករមកពីប្រទេសថៃនិងមានមណ្ឌលចត្តាឡីស័កទាំងនោះ ត្រូវពិនិត្យធ្វើការផ្លាស់ប្តូរទីតាំងថ្មី ដើម្បីរៀបចំសាលាឲ្យសិស្សបានចូលរៀនក្នុងបវេសនកាលឆ្នាំសិក្សា២០២០-២០២១ឡើងវិញ ខណៈដែលរដ្ឋបាលខេត្តនិងមន្ទីរសុខាភិបាលបានរៀបចំជាមណ្ឌចត្តាឡីស័ក ដើម្បីធ្វើការត្រួតពិនិត្យសុខភាពនិងធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ-19 ។
ការលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែធ្នូឆ្នាំ២០២០កន្លងទៅ ដែលប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២១នេះ ក្រោមវត្តមានពីឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាង់ដំបង។
លោក យីសុងគី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថាការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ដែលមានសាលារៀនមួយចំនួនក្នុងខេត្តបាត់ដំបង មិនបានបើកបវេសនកាលឆ្នាំសិក្សាថ្មី ដោយសារតែសាលារៀនទាំងនោះ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង កំណត់យកធ្វើជាទីតាំងមណ្ឌលចត្តាឡីស័ក ដើម្បីទទួលបងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ។មានសាលាចំនួន១៨សាលាដែលមិនទាន់បានបើកបវេសនកាលរួមមាន វិទ្យាល័យចំនួន០៧សាលាអនុវិទ្យាល័យចំនួន០៤សាលានិងបឋមសិក្សាចំនួន០៧សាលា ក្នុងស្រុកចំនួន១០ ហើយសិស្សដែលមិនបានចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មីគឺមានចំនួនសរុប១៩.០៥៥នាក់និងគ្រូចំនួន ៧០៦នាក់។បើយ៉ាងយូរដំណាច់ខែមករាឆ្នាំ២០២១នេះ សាលារៀនទាំងនិងដំណើរការធម្មតាឡើងវិញ។នៅសល់តែសាលាចំនួន៧ ប៉ុណ្ណោះ ដែលអាចពន្យាពេលយូរ ដោយសារសាលារៀនទាំងនោះនៅជាប់បន្តធ្វើជាមណ្ឌលចត្តាឡីស័កសមរាប់ពលករ។ ក្នុងចំណោមសាលាទាំង០៧ មានវិទ្យាល័យចំនួន០២ អនុវិទ្យាល័យចំនួន១និងបឋមសិក្សាចំនួន០៤ ដែលស្ថិតក្នុងស្រុកចំនួន៣គឺស្រុកកំរៀង ភ្នំព្រឹកនិងស្រុកសំពៅលូន។ដោយឡែកវិទ្យាល័យចំនួន០២ទៀត គ្រោងបើកឲ្យចូលរៀននៅថ្ងៃទី១៨ខែមករាឆ្នាំ២០២១នេះ ក្នុងនោះមានវិទ្យាល័យព្រះមុនីវង្សក្នុងក្រុងបាត់ដំបងនិងវិទ្យាល័យជ្រៃក្នុងស្រុកថ្មគោល។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានមានប្រសាសន៍ថាបើទោះបីស្ថានភាពពលករមកពីថៃ ខ្លះបានធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃដែលបានកំណត់និងបានត្រួតពិនិត្យសុខភាពនិងបានយកវត្ថុសំណាកធ្វើតេស្តជាបន្តបន្ទាប់និងអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋាននិងស្រុកកំណើតរបស់ខ្លួនហើយក្តី។ប៉ុន្តែតែមកដល់ត្រឹមថ្ងៃទី១៣ខែមករានេះ ចំនួនបងប្អូនដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានាតាមបណ្តាស្រុកមានភូមិសាស្ត្រជាប់ព្រំដែនថៃនិងកំពុងតែធ្វើចត្តាឡីស័កនៅទីនោះ មានចំនួនសរុបប្រមាណជាង១៤០០នាក់ កំពុងតែស្នាក់នៅមណ្ឌលទាំងនោះ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំនិងជម្រុញឲ្យអាជ្ញាធរស្រុកពាក់ព័ន្ធដែលមានមណ្ឌលចត្តាឡីស័កតាមសាលារៀន គួរធ្វើការផ្ទេរឬផ្លាស់ទីតាំងនូវមណ្ឌលចត្តាឡីស័កនៅតាមសាលារៀនធំៗ គួរបង្វែររកសាលារៀនតូចសមល្មមធ្វើកន្លែងចត្តាឡីស័កជំនួសវិញ ដើម្បីយកសាលាទាំងនោះឲ្យសិស្សដែលមានចំនួនច្រើនបានចូលរៀនឡើងវិញ។ចំពោះបណ្តាស្រុកជាប់និងព្រំដែន រដ្ឋបាលខេត្តនិងរិះរកលទ្ធភាពក្នុងការផ្ទេរទីតាំងមណ្ឌលចត្តាឡីស័កទាំងនោះទៅកាន់ទីតាំងសមស្រប ដើម្បីឲ្យសិស្សបានចូលរៀនឡើងវិញដូចបណ្តាសិស្សដទៃទៀតក្នុងខេត្តផងដែរ៕ រក្សាសិទ្ធិ ដោយ៖អ៊ុងសារុំ