ភ្នំពេញ៖ ម្ចាស់ផ្ទះជួល ព្រមទាំងអាជីវករអគ្គិសនីឯកជន ប្រមាណ ២០០នាក់ ត្រូវបានអាជ្ញាធរខណ្ឌដង្កោ កោះអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំដើម្បីបញ្ចុះថ្លៃផ្ទះ ដល់កម្មកររោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌដង្កោ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។
លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានថ្លែងថា ក្នុងឱកាសនោះ បងប្អូនម្ចាស់ផ្ទះជួលទាំងអស់បានប្តេជ្ញាមិនតម្លើងថ្លៃឈ្នួលផ្ទះ សម្រាប់ឆ្នាំ២០១៨ ក្នុងពេលដែលកម្មករ កម្មការិនី ត្រូវបានតម្លើងប្រាក់ខែគោល ដល់ ១៧០ដុល្លារ ក្នុងមួយខែ ស្របតាមអនុសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
លោកអភិបាលខណ្ឌស្នើសុំឲ្យម្ចាស់ផ្ទះជួលទាំងអស់សហការឲ្យបានល្អជាមួយអជ្ញាធរភូមិ សង្កាត់ ប៉ុស្តិ៍ និងរាយការណ៍រាល់បញ្ហា ការលំបាកនានា ព្រមទាំងករណីសង្ស័យផ្សេងៗ ដើម្បីអជ្ញាធរចាត់វិធានការ និងដោះស្រាយបានទាន់ពេលវេលា និងជាពិសេស ម្ចាស់ផ្ទះជួលទាំងអស់ ត្រូវថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកជួល ដើម្បីងាយស្រួលពេលក្នុងការគ្រប់គ្រង។
លោកបន្តថា ចំពោះអនាម័យបរិស្ថានសូមឲ្យយកចិត្តទុកដាក់សម្អាត ឲ្យបានស្អាត និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមម៉ោងពេលកំណត់។ ម្ចាស់ផ្ទះជួលទាំងអស់ស្នើសុំលិខិតអនុញ្ញាតអាជីវកម្មផ្ទះជួល ឲ្យបានត្រឹមត្រូវ នៅការិយាល័យច្រកចេញចូលតែមួយ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង
ក្នុងនោះចំពោះម្ចាស់អគ្គិសនីឯកជន ស្នើសុំកុំតម្លើងថ្លៃអគ្គិសនី និងយកថ្លៃអគ្គិសនី ទៅតាមតម្លៃដែលរដ្ឋបានកំណត់។
ជាមួយគ្នាដែរ ម្ចាស់ផ្ទះជួលមួយចំនួន ក៏បានលើកឡើងអំពីកង្វល់ និងបញ្ហានានា ដើម្បីរដ្ឋបាលខណ្ឌដោះស្រាយ ជូនបានទាន់ពេលវេលា៕ ដោយ៖ជាលី