ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានសម្ដែងការចូលរួមរំលែកទុក្ខក្រៀមក្រំ និងថ្វាយសារលិខិតមួយ ចំពោះ ការយាងចូលទិវង្គតរបស់ សម្តេច ព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ។
សូមបញ្ជាក់ថា សម្តេច ព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា)។ នេះបើតាមការជូនដំណឹងរបស់មន្ត្រីព្រះបរមរាជវាំង ។
ក្នុងសារលិខិតចូលរួមសម្ដែការសោកស្តាយ និងរំលែកទុក្ខនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ រូបខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយអ្នកម្នាង រួមទាំងបុត្រាបុត្រី ប្រកបដោយអនិច្ចលក្ខណធម៌ សង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យ ស្ទើររកទីបំផុតគ្មាន ព្រោះថា ការបាត់បង់សម្តេច ព្រះបរមរាមា នរោត្តម យុវនាថ គឺជាការបាត់បង់ព្រះស្វាមីប្រកបដោយសង្គហធម៌ និងការបាត់បង់ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ពិសេសគឺជាការបាត់បង់ អង្គព្រះរាជវង្សទ្រង់ស្នេហាជាតិ សាសនា ព្រះមហាក្សត្រមួយអង្គដ៏ល្អឆ្នើមបំផុតផងដែរ» ។
សូមបញ្ជាក់ថា សម្តេច ព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី ។
សម្តេច ព្រះបរមរាមា ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ជាមួយនឹងសារលិខិតរំលែកទុក្ខនេះទៀតសោត សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេច ព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់យាងយោនយកកំណើតក្នុងសុគតិភពគ្រប់ៗព្រះបរជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN