អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ ពីបទទទួលសំណូក ដោយតុលាការជាន់ខ្ពស់របស់កូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ (១៤ មករា) ។ ហើយជាមួយនឹងការការផ្តន្ទាទោសដ៏ធ្ងន់ទៅលើអតីតប្រធានាធិបតីឆ្នាំ ២០១៨ រូបនេះផងដែរ គេសង្ឃឹមថា នឹងបញ្ចប់នូវរឿងអាស្រូវពុករលួយដែលបានធ្វើឱ្យប្រទេសជាតិមានការព្រួយបារម្ភជាច្រើនឆ្នាំ។
យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា លោកស្រី Park ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៤ ឆ្នាំ បន្ទាប់ពីលោកស្រីត្រូវបានរកឃើញថា មានពិរុទ្ធពីបទរំលោភអំណាច, ការសូកប៉ាន់ និងការបង្ខិតបង្ខំជាច្រើនដង។
លោកស្រី Park ដែលធ្លាប់ជាប្រធានាធិបតីស្ត្រីដំបូងគេរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានជាប់ពន្ធនាគារចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ។ ហើយនៅពេលនោះ លោកស្រីបានបដិសេធចំពោះការធ្វើខុសរបស់លោកស្រី និងមិនបានបង្ហាញខ្លួននៅក្នុងតុលាការឡើយ។ តែទោះយ៉ាងណា ទោសរបស់លោកស្រីត្រូវបានកាត់បន្ថយមកត្រឹម ២០ ឆ្នាំ នៅខែកក្កដា ឆ្នាំ ២០២០ បន្ទាប់ពីការកាត់ទោសម្តងទៀត។
គួរបញ្ជាក់ថា លោកស្រី Park បានកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៣ មុនពេលត្រូវបានបណ្តេញចេញពីតំណែងក្នុងឆ្នាំ២០១៧ បន្ទាប់ពីការបោះឆ្នោតសភា ដើម្បីកាត់ទោសលោកស្រីពីរឿងអាស្រូវពុករលួយ ដែលនាំឱ្យមានផ្ទុះការតវ៉ាដ៏ចម្រូងចម្រាស់ពេញផ្ទៃប្រទេស។ លោកស្រីត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទទទួលសំណូកដែលមានទឹកប្រាក់រាប់សិបពាន់លានវ៉ុនពីក្រុមហ៊ុនធំៗ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕ រក្សាសិទ្ធិដោយ៖ លឹមហុង