Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្លាំង​ជំនាញ​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឋានន្តរស័ក្តិ​ផ្កាយ​១ បោក​លុយ​បុរស​ម្នាក់ ចំនួន ១២.០០០​ដុល្លារ ដោយ​សន្យាថា​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ក្រសួងមហាផ្ទៃ​

​កំពត​៖ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​នឹង​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ អំ រដ្ឋា ឋានន្តរស័ក្តិ​ផ្កាយ​១ បាន​បោក​លុយ​បុរស​ម្នាក់ ចំនួន ១២.០០០​ដុល្លារ ដោយ​សន្យាថា​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ក្រសួងមហាផ្ទៃ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកំពត ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​មាន​កិត្តិយស សូម​ជម្រាបជូន​សាធារណជន អ្នកសារព័ត៌មាន និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជ្រាប​ពាក់ព័ន្ធ​នឹង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ និស្ស័យ សីហៈ បាន​សំណូមពរ សុំឱ្យ​សម្តេច​ក្រឡាហោម ស ខេង ជួយ​អន្តរាគមន៍​ដោះស្រាយ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​: “​ខ្ញុំ​ឈ្មោះ និស្ស័យ សីហៈ មានទុក្ខ​ស្នើសុំ​ឱ្យ សម្តេច​ក្រឡាហោម ស ខេង ជួយ​អន្តរាគមន៍​ដោះស្រាយ ដោយ​ខ្ញុំបាទ​ត្រូវបាន​ជន​ឆបោក​ឈ្មោះ អំ រដ្ឋា តួនាទី​ស្គាល់​មិន​ច្បាស់ ឋានន្តរស័ក្តិ​ផ្កាយ​១ បាន​បោក​លុយ​ខ្ញុំបាទ​ចំនួន ១២.០០០​ដុល្លារ ដោយ​សន្យាថា​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ក្រសួងមហាផ្ទៃ យកលុយ​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ និង​បាន​យក​ជា​បន្តបន្ទាប់​សន្យាថា​តែ ១៤​ថ្ងៃ​បាន​ឈ្មោះ​ចូល​ក្របខ័ណ្ឌ ប៉ុន្តែ​មកដល់​ពេល​កំណត់​មិនមាន​ឈ្មោះ ខ្ញុំ​ទុកពេល​ឱ្យ​រហូតដល់​១​ឆ្នាំ​ក៏​នៅតែ​មិនបាន ហើយ​លុយ ក៏​មិន​ប្រគល់ឱ្យ​ខ្ញុំបាទ​វិញ រហូត​ឈានដល់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ ខ្ញុំបាទ​បាន​ដំណឹង​ថា​ឈ្មោះ អំ រដ្ឋា ត្រូវបាន​គេ​ប្តឹង​ពីបទ​ឆបោក រត់​ការចូល​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​។ ខ្ញុំ​ក៏បាន​ទៅ​ដាក់ពាក្យ បណ្តឹង​ទៅ​តុលាការ​ខេត្តកំពត​។ តែ​ក្រោយ​រយៈពេល​១០​ថ្ងៃ បុគ្គល អំ រដ្ឋា ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​ទៅហើយ​។ ខ្ញុំ​បន្ត​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខេត្តកំពត ឱ្យជួយ​រក​យុត្តិធម៌​។ ហើយ​មកដល់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ តុលាការ​ក៏បាន​ចេញ​សាលក្រម​សម្រេច​រឿង​ដល់​ដំណាក់កាល​កាត់ទោស​ជាប់ពន្ធនាគារ និង​សំណង​ទឹកប្រាក់​ចំនួន ១៣.០០០​ដុល្លារ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ចំណាយ​សេវា​កម្លាំង​ដើម្បី​ចុះ​ចាប់ តែ​ខ្ញុំបាទ​គ្មាន​លទ្ធភាព​បង់ ដូច្នេះ​មិនដឹង​ពេលណា​ទើបបាន​ទទួល​សំណង​មកវិញ ហើយ​ជន​ឆបោក​ក៏​មិន​ព្រម​សង​តាម​ចំនួន​ទាមទារ ដោយ​ព្រម​សង​តែ​២.០០០​ដុល្លារ ខ្ញុំ​មិន​ទទួល ព្រោះ​ខ្ញុំ​ក៏បាន​ខ្ចីលុយ​គេ​ដែរ​ចំនួន ១២.០០០​ដុល្លារ ដើម្បី​យកមក​ឱ្យ​ជននេះ​រត់ការ ដូច្នេះ​ខ្ញុំបាទ​សូម សម្តេច ជួយ​ដោយ​ក្តី​គោរព​ពី​ខ្ញុំបាទ​ផង សូម​អរគុណ​។ លេខ​ទូរស័ព្ទ​ខ្ញុំបាទ និស្ស័យ សីហៈ ០១១ ៧០២ ២០៦ និង ០៧០ ៧០២ ២០៦​។​”

ចំពោះ​ករណីនេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សូម​ធ្វើការ​បំភ្លឺ​ជូនជ្រាប ដូចខាងក្រោម​:

​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ កាន់ វណ្ណ​ធឿន ភេទ​ប្រុស អាយុ ៥១​ឆ្នាំ និង​ឈ្មោះ ស៊ីម គឹម​អាន អាយុ ៤១​ឆ្នាំ ប្តឹង​ឈ្មោះ អំ រដ្ឋា ភេទ​ប្រុស អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​ទួល​ត្បែង ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ ពីបទ​ឆបោក (​ប្រាក់​) ចំនួន ២៣.០០០​ដុល្លារ ជា​ថ្នូរ​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាលជាតិ​។ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ អំ រដ្ឋា និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពត​។

​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ សាលាដំបូង​ខេត្តកំពត បានចេញ​ដីកា​លេខ ៣៩៤ បង្គាប់​ឱ្យ​ឃុំខ្លួន​ឈ្មោះ អំ រដ្ឋា បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តកំពត​។ ប៉ុន្តែ​បន្ទាប់ពី​សវនាការ​រួច​ឈ្មោះ អំ រដ្ឋា បាន​យល់ព្រម​តាម​ការទាមទារ​ពី​ភាគី​ដើមបណ្តឹង និង​បានបញ្ចប់​នីតិវិធី​ដោយ​ការព្រមព្រៀង​សះជា ហើយ​តុលាការ​ខេត្តកំពត​សម្រេច​ដោះលែង​ឈ្មោះ អំ រដ្ឋា ឱ្យនៅ​ក្រៅ​ឃុំ​។​

​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ទើបតែ​បានទទួល​ដីកា​លេខ ២៥៥ របស់ សាលាដំបូង​ខេត្តកំពត ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ បង្គាប់​ឱ្យ​ចាប់ខ្លួន​ឈ្មោះ អំ រដ្ឋា ជាថ្មី​ម្តងទៀត ដែលមាន​ដើមបណ្តឹង​ឈ្មោះ និស្ស័យ សីហៈ ករណីនេះ​កម្លាំង​ជំនាញ​បាន នឹង​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ឃាត់ខ្លួន​បុគ្គល​ឈ្មោះ អំ រដ្ឋា មក​ផ្តន្ទាទោស​តាមច្បាប់ ប៉ុន្តែ​បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ​បាន​រត់គេចខ្លួន​។

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សូម​បដិសេធ​ចំពោះ​ការលើកឡើង​ពី​ឈ្មោះ និស្ស័យ សីហៈ ដែលថា សមត្ថកិច្ច​ទាមទារ​សេវា​ចុះ​ចាប់​ជនសង្ស័យ ឬ​អនុវត្ត​ដីកា​។ កន្លងមក​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពត ពុំ​ធ្លាប់​ទទួលបាន​ពាក្យបណ្តឹង ឬ​ទំនាក់ទំនង​ការងារ​ជាមួយ​ឈ្មោះ និស្ស័យ សីហៈ នោះឡើយ​។​

​លុះ​រសៀល​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​កោះអញ្ជើញ​ឈ្មោះ និស្ស័យ សីហៈ ដើម្បី​សួរនាំ​ពាក់ព័ន្ធ​ករណី​ខាងលើ​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ និស្ស័យ សីហ​: បាន​ឆ្លើយថា ខ្លួន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សាលាដំបូង​ខេត្តកំពត​ពិតប្រាកដ​មែន ពុំបាន​ដាក់ពាក្យ​បណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​នោះទេ រីឯ​ការ​សរសេរថា​ត្រូវ​ចំណាយ​សេវា​ដើម្បី​តាម​ចាប់​ជនសង្ស័យ​នោះ គឺ​បានដឹង​ពី​មិត្តភក្តិ​ប៉ុណ្ណោះ ពុំ​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​នោះឡើយ​។ ឈ្មោះ និស្ស័យ សីហ​: បាន​សុំ​ការ​អភ័យទោស​ពី​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ចំពោះ​ការសរសេរ​ខ្លឹមសារ​មិន​ពិត ប៉ះពាល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ព្រមទាំង​យល់ព្រម​សរសេរ​ខ្លឹមសារ​គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង​
​ដើម្បី​គោរព​ជូនជ្រាប​។​

បច្ចុប្បន្ន កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​នឹង​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ អំ រដ្ឋា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកំពត ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×