អ្នកថតរូបជនជាតិអេស្ប៉ាញម្នាក់លោក Xavier Gil Tabios អាយុ ៦២ ឆ្នាំ ថ្មីៗនេះបានបញ្ចេញបណ្តារូបភាពដ៏រន្ធត់ៗ បង្ហាញឲ្យឃើញពីទិដ្ឋភាពការប្រលងប្រជែងដណ្តើមប្រពន្ធរបស់កុលសម្ព័ន្ធដ៏ចម្លែកមួយ តាមរយៈការវាយប្រយុទ្ធបង្ហូរឈាមយ៉ាងសាហាវៗ ខណៈពេលលោកស្នាក់នៅជាមួយកុលសម្ព័ន្ធ Suri អស់រយៈពេល ៧ ថ្ងៃ នៅជ្រលងភ្នំ Omo ប្រទេសអេត្យូពី។
រូបភាពច្បាស់ៗ បានបង្ហាញពីកុលសម្ព័ន្ធសូរីវ័យៗក្មេង បើកឆាកប្រយុទ្ធគ្នា ពោរពេញទៅដោយរបួស និងឈាមស្រោចខ្លួន ព្រោះដើម្បីទទួលបានកូនក្រមុំម្នាក់មកធ្វើជាគូជីវិត ហើយអ្នកឈ្នះត្រូវបានចាត់ទុកថាជាបុរសដ៏អស្ចារ្យ។
នៅក្នុងរូបភាពមួយ បានបង្ហាញបុរសវ័យក្មេងម្នាក់កំពុងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធបន្ទាប់ ទោះបីជាឈាមនៅតែហូរក៏ដោយ។ រីឯរូបថតមួយទៀត បានបង្ហាញពីស្ត្រីម្នាក់កំពុងយំ ខណៈដែលបានឃើញការប្រយុទ្ធដ៏គួរឱ្យរន្ធត់នេះ នៅចំពោះមុខនាង។
លោក Tabios មកពីទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ បានប្រាប់ឲ្យដឹងថា អ្នកចូលរួមប្រយុទ្ធគ្នាគឺ ២ ទល់នឹង ២ បន្ទាប់មក ១ ទល់នឹង ១ រហូតដល់រកឃើញអ្នកឈ្នះចុងក្រោយ។
លោកនិយាយថា «វាអាចជាកន្លែងដ៏ឃោរឃៅដែលមិនអាចស៊ូនៅបានឡើយ។ អ្នកត្រូវតែចរចាផ្នែកសេដ្ឋកិច្ចសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ទើបជាការត្រឹមត្រូវ ។ ព្រោះថា គ្រាន់តែដើម្បីប្រពន្ធ១ មិនគួរណាយកវិធីដ៏ឃោរឃៅ ដើម្បីបង្ហូរឈាមគ្នាបែបនេះឡើយ»។
ទាក់ទងនឹងករណីនេះផងដែរ សារព័ត៌មាន Mail Online បានរាយការណ៍ថា មានបុរសប្រហែលជា ២០ ទៅ ៣០ នាក់ បានចូលរួមប្រកួតប្រជែងនឹងឈុតឆាកវាយប្រយុទ្ធដ៏សាហាវ ហើយជួនកាលអាចបណ្តាលឱ្យស្លាប់ក៏មានដែរ បើទោះជាមានអាជ្ញាកណ្តាលតែងតែមានវត្តមាន ដើម្បីការពារក៏ដោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង