ភ្នំពេញ៖បងប្អូននិងលោកតាជាអ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០៦នាក់ បានទទួលអំណោយពីមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ)នៅសាលារាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៥មករានេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធានក្រុមប្រឹក្សាមូល និធិត្រីចក្រយានកម្ពុជានិងលោកស្រី។
ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ សម្តេចតេជោបានផ្តួចផ្តើមឲ្យមានការមូលនិធិនេះឡើងសំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំង។ លោកបន្តថា៖កន្លងមកបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០៦នាក់បានទទួលអំណោយពីមូលនិធិត្រីចក្រយានកម្ពុជាព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូ និងប័ណ្ណ ប. ស. ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់។
លោកអភិបាលរាជធានីបន្តថា៖នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងសំ ខាន់ក្នុងការបង្កើតឲ្យមានមូលនិធិត្រីចក្រយានកម្ពុជានេះ ឡើងគឺដើម្បីរួមចំណែកជួយសម្រួលការលំបាករបស់បងប្អូនដោយគិតគូពីសុខភាព ជីវភាពរស់នៅរបស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ និងដើម្បីរួមចំណែកលើកស្ទួយ និងអភិ រក្ស និងអភិវឌ្ឍន៏ស៊ីក្លូដែលមានជាយូមកហើយឲ្យបានគង់វង់កុំឲ្យបាត់បង់។
ក្នុងលោកឃួង ស្រេង ក៏បានក្រើនរំលឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូដែលភាគច្រើនមានវ័យចំណាស់ ឲ្យថែរក្សាសុខភាពប្រកាន់ខ្ជាប់នូវគោលការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ពិសេសការពារខ្លួនពីការរីករាលដាលជំងឺកូវីដ.១៩ មានការលាងដៃដោយសាប៊ូ អាល់កុលនិងជែលហើយពាក់មាស់ជាប្រចាំ នៅពេលមានមនុស្សច្រើនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ អំណោយដែលបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០៦នាក់ទទួលបាន ក្នុងម្នាក់មាន៖មីមួយកេះ,ម៉ាស់មួយប្រអប់,និងភួយមួយ។ការផ្តល់អំណោយនេះ ធ្វើឡើងក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងលោកស្រី។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូល និធិត្រីចក្រយានកម្ពុជាបានឲ្យដឹងថា៖មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨ គឺមានរយៈពេលជាង៣ឆ្នាំមកហើយក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ហើយសម្តេចក៏ជាប្រធានកិត្តិយស, លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធានក្រុមប្រឹក្សាមូល និធិនេះ។ លោកម៉េត មាសភក្តី បន្តថា៖មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ ជូនថវិកាទ្រទ្រង់ដល់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០៦នាក់ក្នុងម្នាក់៧ពាន់រៀលក្នុងរយះពេល១០ថ្ងៃស្មើនឹង២១ម៉ឺនរៀលក្នុងមួយខែ។
គួរបញ្ជាក់ដែរថា៖ក្នុងនោះបងប្អូនលោកតា លោកពូនិងលោកអុំដែលប្រកបរបរធាក់ស៊ីក្លូដែលភាគច្រើនមានវ័យចំណាស់មានខ្លះអាយុ៨៣ឆ្នាំខ្លះអាយុ៨៧ឆ្នាំនិងលោកតាអាយុ៩០ឆ្នាំនៅមានសុខភាពល្អអត់កូននិងប្រពន្ធធាក់ស៊ីក្លូចិញ្ចឹមជីវិត ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ