គ្រោះធម្មជាតិរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦.២ រ៉ិចទ័រ នៅកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ី ដែលបានកើតឡើងភ្លាមៗបន្ទាប់ពាក់កណ្តាលអាធ្រាត្រថ្ងៃសុក្រ បានផ្តួលរំលំផ្ទះ និងអគារជាច្រើន និងព្រមទាំងបង្កឲ្យបាក់ដី បណ្តាលឲ្យមនុស្សយ៉ាងតិច ៤២ នាក់ ស្លាប់។
តាមរបាយការណ៍ជាច្រើនបានឲ្យដឹងថា មនុស្សជាង ៦០០ នាក់ បានរងរបួសដោយសារការរញ្ជួយដីនេះ ដែលបានបណ្តាលឱ្យប្រជាជន ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេទាំងនៅក្នុងទីងងឹត។
មានសេចក្តីរាយការណ៍ជាច្រើនទៀត ក៏បាននិយាយថា មានមនុស្សជាច្រើននាក់ ត្រូវបានជាប់គាំងនៅក្នុងគំនរបាក់បែកនៃផ្ទះ និងអគារ ដែលបានបាក់រលំ។
នៅក្នុងវីដេអូ ត្រូវបានចេញផ្សាយដោយទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានបង្ហាញថា ក្មេងស្រីម្នាក់បានជាប់គាំងនៅក្នុងបំណែកនៃផ្ទះមួយ ដោយនាងបានស្រែករកជំនួយ ហើយបាននិយាយថា មានសមាជិកគ្រួសារដទៃទៀតក៏កំពុងជាប់គាំងផងដែរ។ ក្មេងស្រីនោះបានប្រាប់ក្រុមសង្គ្រោះថា «ជួយខ្ញុំផង ខ្ញុំឈឺណាស់»។
ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា ឧបករណ៍ជីកគឺត្រូវការជាចាំបាច់ ដើម្បីជួយសង្គ្រោះក្មេងស្រី និងអ្នកផ្សេងទៀត ដែលជាប់នៅក្នុងអគារបាក់រលំ។ ចំណែករូបភាពផ្សេងទៀត ក៏បង្ហាញពីស្ពានដែលបាក់ និងផ្ទះជាច្រើនខ្នងត្រូវដួលរាបដល់ដី។
ការរញ្ជួយដីនេះ ក៏បានធ្វើឱ្យខូចខាតផ្នែកខ្លះនៃមន្ទីរពេទ្យ ហើយអ្នកជម្ងឺត្រូវបានជម្លៀសចេញទៅកាន់តង់ជាបន្ទាន់នៅខាងក្រៅ។ ក្នុងនោះ ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមទាញយកអ្នកជំងឺ និងបុគ្គលិកចំនួន ៧ នាក់ ដែលបានជាប់នៅក្រោមគំនរបាក់បែករាប់តោន។ ប៉ុន្មានម៉ោងក្រោយមក ក្រុមសង្គ្រោះបានរកឃើញអ្នកនៅរស់រានមានជីវិត ៤ នាក់ និងសាកសព ៣ នាក់។
ដោយឡែកវីដេអូផ្សេងទៀត ក៏បានបង្ហាញឪពុកម្នាក់កំពុងយំ ដោយសុំជំនួយដើម្បីជួយសង្គ្រោះកូនៗរបស់គាត់ ដែលបានកប់នៅក្រោមផ្ទះដែលដួលរលំរបស់ពួកគេ។ គាត់បានស្រែកថា «ពួកគេជាប់នៅខាងក្នុង សូមជួយផង»។
ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក បាននិយាយថា ការរញ្ជួយដីនេះស្ថិតនៅចំងាយ ៣៦ គីឡូម៉ែត្រ ពីភាគខាងត្បូងនៃស្រុកម៉ាមូជូ នៃខេត្តស៊ូលូវ៉ាសាស៊ី នៅជម្រៅ ១៨ គីឡូម៉ែត្រ។
ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ី បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤២ នាក់ ខណៈក្រុមជួយសង្គ្រោះនៅម៉ាម៉ាជូ បានរកឃើញសាកសព ៣៤ នាក់ ដែលជាប់នៅក្នុងគំនរបាក់បែកនៃផ្ទះនិងអគារដែលដួលរលំ។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ៨ នាក់ បានស្លាប់ និង ៦៣៧ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងស្រុក Majene ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង