ភ្នំពេញ៖ ថ្មីៗនេះ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋានបទល្មើសបច្ចេកវិទ្យា បានជម្រាបជូនសាធារណៈជន ជាពិសេសអ្នកមានគណនីធនាគារ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះបានរកឃើញមានជនខិលខូច បានបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ា ក្នុងគោលបំណងដើម្បីបោកបញ្ឆោតចូលលួចប្រាក់របស់លោកអ្នក។
ក្នុងនោះ តាមរយៈទំព័រហ្វេសប៊ុក នាយកដ្ឋានបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានបញ្ជាក់ប្រាប់ឲ្យដឹងពីល្បិចរបស់ជនខិលខូច ដែលមានខ្លឹមទាំងស្រុងថា៖ «នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទើបតែបានរកឃើញមានអ្នកប្រើប្រាស់មួយចំនួន បានទទួលសារជាភាសាអង់គ្លេសដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ា ដោយអះអាងថា គណនីធនាគាររបស់លោកអ្នកត្រូវបានចូលប្រើជាមួយឧបករណ៍ផ្សេងទៀត ហើយថែមទាំងផ្ដល់នូវតំណភ្ជាប់ដើម្បីឱ្យពួកគេបញ្ជាក់អំពីអត្តសញ្ញាណ (Your Canadia bank account has been logged in through another platform, please verify again to protect your rights. www.canadias.com)។
នៅពេលដែលអ្នកប្រើប្រាស់ចូលទៅគេហទំព័រតាមតំណភ្ជាប់នោះ វានឹងទាមទារឱ្យបំពេញព័ត៌មានលម្អិតមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ លេខទូរសព្ទ ឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់ផងដែរ។ តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានរកឃើញថា នេះគឺជាគេហទំព័រក្លែងក្លាយដែលជនខិលខូចបង្កើតឡើងដើម្បីបោកបញ្ឆោតយកព័ត៌មាន ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីធនាគារ ក្នុងគោលបំណងលួចយកប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន នៅពេលដែលទទួលបានសារណាមួយ ដែលទាមទារឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ព្រោះនេះគឺជាល្បិចដែលជនខិលខូចប្រើដើម្បីលួចយកព័ត៌មានរបស់លោកអ្នកតែប៉ុណ្ណោះ ហើយវិធីដែលល្អបំផុតនោះគឺលោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនផ្ទាល់ ដើម្បីទទួលបានព័ត៌មានបន្ថែម»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង