ពោធិ៍សាត់ : ជីវិតមនុស្សម្នាក់ៗកើតមកលើលោកនេះ មានវាសនាខុសៗគ្នា អ្នកខ្លះកើតមកមានអ្វីៗគ្រប់បែបយ៉ាង រីឯខ្លះទៀត ក៏ស្ថិតក្នុងគ្រួសារមានទ្រព្យធនមធ្យម និងពោរពេញទៅភាពកក់ក្តៅ។ ប៉ុន្តែ អ្នកខ្លះទៀត ពុំត្រឹមតែក្រក្សត់ទេ គឺថែមទាំងគ្មានឪពុកម្តាយជាទីពឹង ដែលតម្រូវឲ្យជីវិតមួយនេះត្រូវតែតស៊ូ ជាពិសេសបានរៀនសូត្រ ដែលសង្ឃឹមនឹងមានពន្លឺរស្មីនៅអនាគត។
តួយ៉ាងដូចជាយុវតីដ៏កម្សត់ម្នាក់នេះ បើទោះជាឪពុកម្តាយរបស់នាងបានស្លាប់ចោល តែនាងបានខិតខំជំនះឧបសគ្គជីវិតគ្រប់បែបយ៉ាង ដើម្បីបានរៀនសូត្រ ហើយឥឡូវនេះ នាងរៀនដល់ថ្នាក់ទី៥ហើយ។ ប៉ុន្តែ បើយើងក្រឡេកមកមើលជ្រុងមួយ ពីស្ថានភាពជីវិតរបស់នាងវិញ គឺយើងពិតជារំជួលចិត្តខ្លាំងណាស់ ព្រោះថា ក្មេងស្រីកំព្រាម្នាក់នេះព្រោះតែដើម្បីការសិក្សា បានឆ្លៀតដើរបេះត្រួយស្តៅ យកមកលក់ឲ្យអ្នកភូមិ បានប្រាក់បន្តិចបន្តួច ដើម្បីគ្រាន់ដោះស្រាយជីវិភាពប្រចាំថ្ងៃ និងសល់ខ្លះសម្រាប់ទិញសម្ភារៈសិក្សា។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Stiren Shop បានបង្ហោះអំពាវនាវទៅដល់សប្បុរសជនមេត្តាជួយយុវតីកំព្រាម្នាក់នេះផង ដោយក្នុងនោះគាត់បានរៀបរាប់ពីជីវិតដ៏កំសត់របស់នាងថា៖ «ថ្ងៃទី15ខែមករាឆ្នាំ2021 កុមារី ប៉ុន ចន្ធី ជាសិស្សថ្នាក់ទី5(ក)នៃសាលាបឋមសិក្សាគោករំល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ គាត់ជាកូនកំព្រាឪពុកម្ដាយ នៅជាមួយអ៊ុំស្រីដែលជាអ្នកជំងឺនៅតែលើរទេះរុញ ។ កូនមករៀនផងឆ្លៀតបេះត្រួយស្ដៅមកលក់ដើម្បីបានលុយទិញ សៀវភៅប៊ិច…..។ ហេតុនេះបើលោក លោកស្រី សប្បុរសជនបានឃើញ មេត្តាជួយគាត់ផង ។ 0977556641»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង