Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​សហរដ្ឋអាមេរិក បានអនុម័ត​ជំនួយ​ចំនួន ១២​ម៉ឺន​ដុល្លារ ជូន​ដល់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដើម្បី​អភិរក្ស​ជណ្តើរ​ខាងជើង នៃ​ប្រាសាទព្រះវិហារ​និង​ប្រាសាទភ្នំបាខែង​

​សៀមរាប​៖​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ផា​ទ្រី​ក​មឺ​ហ្វី (W. Patrick Murphy) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មូលនិធិ​ឯកអគ្គរដ្ឋទូត​ដើម្បី​ការអភិរក្ស​វប្បធម៌​លើ​គម្រោង​ជំនួយ​អភិរក្ស​ប្រាសាទព្រះវិហារ និង​ប្រាសាទភ្នំបាខែង ដោយមាន​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មកពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​អង្គការ​មូលនិធិ​ពិភពលោក​ដើម្បី​ការអភិរក្ស​ប្រាសាទ​ផងដែរ​នា​ថ្ងៃ​សៅរ៍ ទី​១៦ ខែមករា ឆ្នាំ​២០២១ នៅ​ប្រាសាទភ្នំបាខែង ខេត្តសៀមរាប ។​

​ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ បានអនុម័ត​លើ​ជំនួយ​ជា​ថវិកា​ចំនួន ១២​ម៉ឺន​ដុល្លារ ជូន​ដល់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដើម្បី​អភិរក្ស​ជណ្តើរ​ខាងជើង នៃ​ប្រាសាទព្រះវិហារ ដែល​ត្រូវបាន​សាងសង់​នៅ​សតវត្ស​ទី​១១​។ ហើយ​ជំនួយ​នេះ នឹងត្រូវ​ប្រើប្រាស់​ផងដែរ​សម្រាប់​ជួសជុល​ឡើងវិញ នូវ​ប្រព័ន្ធ​បង្ហូរទឹក​សម័យបុរាណ នៅ​សងខាង​នៃ​ជណ្តើរ​នោះ​។

​ជាមួយគ្នានេះ ទឹកប្រាក់​ចំនួន ៣០​ម៉ឺន​ដុល្លារ ទៀត ត្រូវ​ផ្តល់ជូន​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) សម្រាប់​បន្តការងារ​អភិរក្ស​ក្នុងដំណាក់កាល​ទី​៥ នៃ​គម្រោង​នៅ​ប្រាសាទភ្នំបាខែង ក្នុង​ក្រុង​សៀមរាប សម្រាប់​រយៈពេល ២៤​ខែ រហូតដល់​ឆ្នាំ​២០២២​។ គម្រោង​នេះ​នឹង​ដំណើរការ​ទៅក្នុង​បរិបទ​នៃ​ទំនាក់ទំនង​រយៈពេល​យូរ​របស់​អង្គការ WMF ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ឯកឧត្តម​បន្តថា ទីតាំង​ប្រវត្តិសាស្ត្រ​ទាំងនេះ គឺជា​ចំណែក​ដែល​នៅ​ស្ថិតស្ថេរ​យូរអង្វែង នៃ​បេតិកភណ្ឌ​វប្បធម៌​យ៉ាង​ពិសេស​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ទទួលស្គាល់ និង​ផ្តល់​តម្លៃ​នៅ​ទូទាំង​ពិភពលោក​។ ហើយ​ការប្រកាស​ផ្តល់ជំនួយ​ជា​ថវិកា​នៅ​នេះ ក្នុង​ភាពជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា​ថវិកា​នេះ​នឹង​ជួយ​អភិរក្ស​ប្រាសាទ​ទាំងនេះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​។​

​លោកជំទាវ​បណ្ឌិត ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា ការចុះហត្ថលេខា​នៅថ្ងៃនេះ បានបញ្ជាក់​ពី​ការគាំទ្រ​យូរអង្វែង និង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្នុងការ​ចូលរួម​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ ក្នុងការ​ការពារ អភិរក្ស និង​ជួសជុល​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា​។ ហើយ​ទាំងនេះ​ក៏បាន​បង្ហាញ​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ដែល​ឈរលើ​គុណ​តម្លៃ​រួម រវាង​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក នឹង​បន្ត​មាន​ភាពរឹងមាំ​បន្ថែមទៀត​។​

​លោកជំទាវ​បន្តថា ចាប់តាំងពី​ឆ្នាំ​២០០១​មក សហរដ្ឋអាមេរិក​បាន​ផ្តល់​មូលនិធិ​ជាច្រើន​សម្រាប់​ជួសជុល​ប្រាសាទ​នៅ​កម្ពុជា ទប់ស្កាត់​ការនាំ​វត្ថុ​បុរាណ​ចេញ​ដោយ​ខុសច្បាប់​។ ម្យ៉ាងទៀត​ក៏​ជា សក្ខីភាព​រវាង​ប្រជាជន និង​ប្រជាជន និង​ការចូលរួម​ថែរក្សា​បេតិកភណ្ឌរ​មរតក​វប្បធម៌ ។ លោកជំទាវ​បន្តថា កន្លងមកនេះ ខ្មែរ​យើង​មាន​អ្នកបច្ចេកទេស​គ្រប់គ្រាន់ និង​សហការ​ជាមួយ​បរទេស សម្រាប់​ការងារ​អភិរក្ស ក្នុងនោះ​មាន​ប្រាសាទ​ភាគច្រើន​ត្រូវបាន​ជួសជុល​ដោយ​អ្នកជំនាញ​ខ្មែរ ហើយ​សម្រាប់​ថវិកា​មួយចំនួន​ជា​ថវិកាជាតិ និង​ខ្លះទៀត​ជា​ជំនួយ​របស់​មិត្ត​ភ​ក្កិប​រទេស មានដូចជា បារាំង ឥណ្ឌា ចិន ជប៉ុន អាមេរិក និង​បណ្តា​ប្រទេស​មួយចំនួនទៀត​។​

​សូមបញ្ជាក់ថា មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការអភិរក្ស​វប្បធម៌ (AFCP) ត្រូវបាន​បង្កើតឡើង ដើម្បី​ជួយ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​សំខាន់ៗ​។ នៅក្រោម​ជំនួយ​ជា​ថវិកា​ពី​មូលនិធិ​នេះ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានផ្តល់​ថវិកា​ចំនួន​ជាង ៤​លាន​ដុល្លារ ហើយ​មកដល់​ប្រទេស​កម្ពុជា ដោយ​គិតពី​ឆ្នាំ​២០០១​មក​។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក ថែមទាំង​បាន​ផ្តល់ជំនួយ​ជា​ថវិកា​ផងដែរ សម្រាប់​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​សំខាន់ៗ​ដទៃទៀត នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×