បាត់ដំបង៖ សាលារៀនយកធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលករមកពីប្រទេសថៃ នៅក្នុងខេត្តបាត់ដំបង បានបើកឲ្យសិស្សចូលរៀនវិញហើយ បន្ទាបពីអាជ្ញាធរខេត្តរៀបចំសំអាតអនាម័យរូចរាល់។
លោក យី ស៊ុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបាត់ដំបង បានមានប្រសាសន៍ថា ចាប់តាំងពីបើកបវេសនកាល កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មានសាលាចំនួន១៨ មិនទាន់អនុញ្ញាតឲ្យចូលរៀនបាន ក្នុងនោះមានសិស្សចំនួនជាង១៩០០០នាក់ និងគ្រូបង្រៀន ៧០៦នាក់ ព្រោះជាប់ធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលករទើបមកពីប្រទេសថៃ។ ប៉ុន្តែ ដោយសារពលករខ្មែរ បានបញ្ចប់ការធ្វើចត្តាឡីស័ក ហើយមានសាលាចំនួន២ ត្រូវបានអនុញ្ញាតឲ្យសិស្សចូលរៀនវិញ ក្នុងនោះមានសាលាវិទ្យាល័យព្រះមុនីវង្ស ស្ថិតក្នុងក្រុងបាត់ដំបង និងសាលាវិទ្យាល័យជ្រៃ ស្ថិតក្នុងស្រុកថ្មគោល ខណៈសាលាជាប់ធ្វើមណ្ឌលចត្តាឡីស័កមួយចំនួនទៀត នឹងត្រូវបើកឲ្យសិស្សចូលរៀនវិញដែរ នៅបំណាច់ខែមករា ឆ្នាំ២០២១នេះ។ នៅមានសាលារៀនចំនួន ៧ទៀត ស្ថិតក្នុងស្រុកជាប់ព្រំដែន មានស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន មិនទាន់អនុញ្ញាតនោះទេ ព្រោះនៅជាប់ធ្វើមណ្ឌលចត្តាឡីស័ក សម្រាប់ពលករខ្មែរនៅឡើយ។
លោក អេង ភារុណ នាយវិទ្យាល័យព្រះមុនីវង្ស បានមានប្រសាសន៍ឲ្យដឹងថា រាល់ឆ្នាំវិទ្យាល័យព្រះមុនីវង្ស មានសិស្សចូលរៀនរង្វង់ ៤០០០នាក់ ហើយឆ្នាំសិក្សាថ្មីក្នុងវិបត្តិកូវីដ១៩នេះ មានសិស្សប្រមាណ ៣៩០០នាក់ បានចុះឈ្មោះចូលរៀន ប៉ុន្តែនៅបន្តមានសិស្សកំពុងផ្ទេរមករៀនថែមទៀត។ ឆ្នាំនេះគិតថា សិស្សក៏មានចំនួនដូចរាល់ឆ្នាំដែរ ខណៈសាលាបានតម្រូវឲ្យពួកគេ អនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។ មួយវិញទៀត សាលាក៏មានការបំបែកសិស្ស ដែលបន្ទប់មានច្រើនគ្នា ឲ្យសិក្សាចែកតាមវេន ខណៈសាលាក៏បានរៀបចំសិស្ស រៀនតាមអនឡាញ មានគ្រូបង្រៀនពួកគេតាមផ្ទះនិងការយកឯកសារពីសាលាទៅរៀនជាដើម។
ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខ ប្រទេសថៃ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ ចូលតាមច្រកព្រំដែនជាប់ខេត្តបាត់ដំបងមានជាង ២៨០០នាក់ បញ្ចប់ចត្តាឡីស័ក និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះចំនួន ១៣៤៧នាក់ បានធ្វើសំណាក ២ ៨២២នាក់ លទ្ធផលអវិជ្ជាមាន ខណៈបច្ចុប្បន្នមានអ្នកជំងឺកូវីដ១៩ កំពុងសម្រាក់ព្យាបាលក្នុងមន្ទីរពេទ្យខេត្តចំនួន ១១នាក់។ មានមណ្ឌលចត្តាឡីស័កសរុបចំនួន១១ ក្នុងនោះមណ្ឌលសម្រាប់ទទួលពលករខ្មែរ ចូលតាមច្រកព្រំដែនខេត្តបាត់ដំបង មាននៅស្រុកកំរៀង សំពៅលូន ភ្នំព្រឹក បវេល សំឡូត ឯកភ្នំ បាណន់ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមោងឫស្សី។ ដោយឡែកមណ្ឌលចត្តាឡីស័កមួយទៀត សម្រាប់ទទួលពលករខ្មែរចូលតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តមានជ័យនៅវិទ្យាល័យអន្លង់វិលស្ថិតក្នុងស្រុកសង្កែ៕ រក្សាសិទ្ធិដោយៈអ៊ុងសារុំ