ភ្នំពេញ ៖ ព័ត៌មានទាក់ទងនឹងអន្ទិត ឡុង ចន្ថា ឃើញថាបាននិងកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់អតីតសង្ឃរូបនេះ ចេញមុខ Live វីដេអូ បើកឡានពីខេត្តតាកែវ ទៅចូលរួមពិធីមង្គលការបងប្អូននៅខេត្តកំពង់ធំ ក្រោយពីបានសឹកអស់រយៈពេលជិត ៣ ខែ។
ជាមួយនឹងការចេញមុខ តាមរយៈការ Live បើកឡានដើរលេងទៅទីនេះទៅនោះ ដោយក្នុងនោះ ឡុង ចន្ថា ដែលបួសអស់រយៈពេលជាង ២០ ឆ្នាំ បាននិយាយហាក់ដាក់ខ្លួនដដែលៗទៅកាន់អ្នកទើសមួយចំនួនថា ក្រោយសឹកមក ជិះតែម៉ូតូជិះតែឡានដើរតែលេងលិចកើតជើងត្បូង គ្មានអ្វីទេ ទទេ ព្រោះអត់ចេះធ្វើអ្វីដូចគេ…។ បន្ទាប់មក ឡុង ចន្ថា ក៏បានធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ តាមរយៈការច្រៀងលេងកម្សាន្តបង្ហើរបទចម្រៀងជាច្រើនបទហូរហែ។
ដោយឡែក ទាក់ទងនឹងរឿងគេចោទឡើងថាចង់បួសវិញ ព្រោះគ្មានលុយការប្រពន្ធ ស្រាប់តែ ឡុង ចន្ថា ប្រាប់ទៅវិញតាមរយៈបទសម្ភាសន៍ថា រឿងខ្វះលុយទៅមិនរួចទេ ត្រឹមការប្រពន្ធមួយថ្លៃផ្ទះពីរបីពាន់ ឬ១ម៉ឺនដុល្លារហ៊ានឲ្យ ចង់ការពេលណា ខែណាក៏បាន ប៉ុន្តែ មិនរក គឺដោយសារចិត្តខ្លួនមិនទាន់ចង់បាន និងនិយាយឲ្យខ្លីទៅ គឺនៅស្រឡាញ់ មិនទាន់អស់និស្ស័យពីភេទជាអ្នកបួស។ ដោយឡែក ពេលសួរនាំចេះច្រៀងតាំងពីពេលណា ឡុង ចន្ថា ក៏បានប្រាប់ថា ចេះច្រៀងតាំងពីរៀនថ្នាក់ទី១មកម្ល៉េះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់ ក្នុងករណីបែកធ្លាយរឿងអាស្រូវមានទំនាក់ទំនងជាមួយស្ត្រីភេទ បង្កឲ្យផ្ទុះការរិះគន់ពេញបណ្តាញសង្គមថា បានប្រាសចាកធម៌វិន័យរបស់ខ្លួន ដែលធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង