កូនគោចម្លែកមួយក្បាល ដែលទើបកើតថ្មីៗនេះ ជាមួយជើងដល់ទៅ៥ បានកំពុងល្បីតំបន់ ខណៈមនុស្សបានមកពីគ្រប់ទិសទី ដើម្បីគោរពទៅតាមអបិយជំនឿរបស់ពួកគេ។
វីដេអូបានបង្ហាញអ្នកភូមិប្រមូលផ្តុំគ្នានៅវាលស្រែ ដើម្បីបានប៉ះកូនគោចម្លែកនេះ ស្ថិតខេត្តសុរិន ភាគឦសាននៃប្រទេសថៃ កាលពីថ្ងៃទី៦ ខែមករា។ តាមរយៈរូបភាពកាមេរ៉ា បានបង្ហាញឲ្យ នៅលើខ្នងក្បែរបូកផ្នែកខាងឆ្វេងរបស់កូនគោនេះ គឺមានជើងដោះបន្ថែមមួយទៀត។ ជើងទីប្រាំរបស់វាក៏មានក្រចកធម្មតាផងដែរ ប៉ុន្តែពួកវាត្រូវបានភ្ជាប់គ្នា។
ទោះយ៉ាងណា កូននេះដែលម្ចាស់វាដាក់ឈ្មោះថា Kamkoo គឺមានសុខភាព ល្អហើយអាចរត់ជុំវិញវាលស្មៅ ជាមួយមេរបស់វា។
ក្រុមគ្រួសារដែលជាម្ចាស់កូនគោ បានជឿថា វានឹងនាំសំណាងដល់ពួកគេ ព្រោះបើយោងតាមប្រតិទិនចន្ទគតិឆ្នាំ២០២១ គឺឆ្នាំឆ្លូវ ដែលជាប្រភេទសត្វដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងសត្វគោ។
លោក Thongjan Glangvichit អ្នកមើលថែគោបានមានប្រសាសន៍ថា «ខ្ញុំបានយល់សប្តិឃើញថាឪពុកចុងរបស់ខ្ញុំ បានប្រាប់ខ្ញុំឱ្យថែរក្សាកូនគោនេះ ហើយឲ្យចាក់ឆ្នោតលេខ ៦៥ ទៀតផង»។
ចំណែកប្រពន្ធរបស់គាត់ អ្នកស្រី Bualee បាននិយាយថា «ខ្ញុំបានយល់សប្តិថាមាននរណាម្នាក់មកប្រាប់ខ្ញុំថា លេខ 551-465 គឺជាលេខត្រូវឆ្នោត»។ ហើយពុំត្រឹមតែម្ចាស់កូនគោនេះទេដែលជឿថាវាជាពរជ័យមួយ គឺមានប្រជាពលរដ្ឋនៅក្នុងតំបន់ជាច្រើនទៀត ក៏បាននិយាយថា ចាប់តាំងពីកូនគោនេះកើតមក ពួកគេបានយល់សប្តិឃើញខ្មោចសាច់ញាតិប្រាប់លេខឆ្នោតដល់ពួកគេជារឿយៗ។ រីឯអ្នកដែលបានមកជួបកូនគោនេះផ្ទាល់វិញ ក៏បាននិយាយថា ពួកគេក៏មានសំណាងផងដែរ។
តាមពិតទៅ ការកើតមកខូចទម្រង់របស់កូនគោនេះ ត្រូវបានយល់ឃើញថា វាបណ្តាលមកពី plymelia គឺការពិការភាពពីកំណើត ដែលនាំឲ្យអវៈយវៈមិនត្រូវការ តែងតែកើតមានឡើងនៅលើសត្វជាច្រើន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង