ខេត្តតាកែវ ៖ អ្នកហាត់ប្រាណ នៅតាមផ្លូវទំនប់បឹងតាកែវ រិះគន់ចំពោះប្រជាពលរដ្ឋ ដែលចោលសំរាមនៅតាមទីសាធារណៈថា ក្លាយទៅជាទម្លាប់ទៅហើយ និងថាមន្ទីរទេសចរណ៍ខេត្តតាកែវ មិនគំនិតច្នៃប្រឌិតបង្កើតកន្លែងទេសចរណ៍បែបធម្មជាតិ។
ផ្លូវទំនប់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាទីកន្លែងស្រស់ស្អាតមួយ និងមានខ្យល់អាកាសបរិសុទ្ធ កំពុងក្លាយទៅជាទីកន្លែងចោលសំរាមហើយ ក្រោយអ្នកទាំងនោះនៅតែបន្តយកកាកសំណល់ មកបោះចោលតាមផ្លូវទំនប់បឹងតាកែវ កាន់តែមានសម្រាមគរច្រើនឡើង បើទោះបីជាកន្លងមកអាជ្ញាធរក្រុងដូនកែវលោក កង អាណាន់ ធ្លាប់បានធ្វើហាមប្រាមដល់ប្រជាពលរដ្ឋក្នុងក្រុងដូនកែវ រហូតមានការសរសេរជាច្បាប់ផាកពិន័យជាទឹកប្រាក់ ដល់ជនណាដែលយកកាកសំណល់មកចោលពាស់វាល់ពាស់កាលយ៉ាងណាមក៏ដោយ ក៏នៅតែមានក្រុមពលរដ្ឋមួយចំនួនតូច ដែលមិនចេះខ្មាសអៀនមួយចំនួនតូចមិនខ្លាចរអា ហើយបានបន្តយកកាកសំណល់របស់ខ្លួន(សំរាម) មកបោះចោលយ៉ាងអាណាធិបតេយ្យនៅខាងផ្លូវក្បែរមាត់បឹងតាកែវដដែល។
ទង្វើគ្មានការអៀនខ្មាសនេះ បានធ្វើឲ្យអ្នកដំណើរឆ្លងកាត់ក៏ដូចជាពលរដ្ឋដែលដើរមកហាត់ប្រាណ ស្រូបយកខ្សល់បរិសុទ្ធព្រឹកល្ងាចនៅលើផ្លូវមាត់បឹងតាកែវ ផ្ទុះការរិះគន់ថាជាមនុស្សខួរអន់រស់នៅមិនចេះមើលគេឯង មិនគិតពីសុខភាពសាធារណៈ ជាអ្នកបង្កើតបរិយាកាសកខ្វក់និងមានខ្លិនស្អុយដល់គេឯង ព្រោះទីដែលពួកគេយកកាកសំណល់មកចោលនេះ ជាកន្លែងពលរដ្ឋដើរហាត់ប្រាណស្រូបយកខ្សល់បរិសុទ្ធមាត់បឹង និងជាកន្លែងអង្គុយមើលថ្ងៃលិចដ៏ស្រស់ស្អាត ថែមទៀត ហើយមន្ទីរទេសចរណ៍ខេត្តតាកែវវិញគ្មានឈឺក្បាលឡើយ ក្នុងការច្នៃប្រឌិតបង្កើតទីកន្លែងទេសចរណ៍បែបធម្មជាតិបែបនេះឡើយ ។ តាមការសង្កេតកន្លងមក អ្នកដែលយកកាកសំណល់មកចោលនោះ គឺដឹកមកពីទីតាំងផ្សេងៗគ្នា ហើយឆ្ងាយពីតំបន់មាត់បឹង ដោយច្រកថង់ដឹកតាមម៉ូតូយកមកទម្លាក់ចោលតៗគ្នាទាំងព្រលឹមជិតភ្លឺ និងពេលល្ងាចព្រលប់ៗ៕ រក្សាសិទ្ធិដោយ៖ តាកែវ