ព្រះសីហនុ ៖ កាលពីម្សិលមិញនេះ (ថ្ងៃទី១៩ ខែមករា) មានរឿងរ៉ាវមួយបង្កឲ្យផ្ទុះការចាប់អារម្មណ៍ និងការវែកញែកឡើងក្តៅគគុកតែម្តង នៅលើបណ្តាញសង្គម ទាក់ទងនឹងទង្វើឡាន១គ្រឿង ដែលបានចតនៅលើផ្លូវដើរលំហែកម្សាន្ត នៅឆ្នេរសមុទ្រកំពង់សោម។
ជាមួយនឹងទង្វើចតឡានហាក់គ្មានជំពាក់អ្នកណាមួយរៀលនេះ ឬ ហៅថាមួយស្រុកមានតែមួយ ក្នុងនោះបានធ្វើឲ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អត់ទ្រាំពុំបាន លោកក៏បានបញ្ចេញកំហឹងដ៏កម្រដាក់ឲ្យធ្ងន់ៗបែបនេះថា៖ «តើនេះជាទង្វើ ឡូយឆាយ ឬអួតអាង ថោកទាប ប្រិយមិត្ត?»។
តែទោះយ៉ាងណា រឿងនេះបានក្តៅគគុក ក្រោយគណនីមួយឈ្មោះ «អ្នកស្ទូចត្រី» បានចេញមុខប្រតិកម្មចំពោះការលើកឡើងរបស់ឯកឧត្តម គួច ចំរើន ដោយបាននិយាយដាក់ឲ្យវិញបែបនេះថា៖ «កំឆ្កួតពេកពូ ស្រុកគេក៏គេឲ្យបើកលើឆ្នេរសាច់ដែរពូ បើសិនឡានរបស់យើងរត់កង់បួន គិតពីបញ្ហាផ្ទាល់ខ្លួនរបស់យើង កុំឲ្យជាន់និងកុំបង្ករបួសដល់អ្នកដទៃទៅបានហើយ ប្រសិនកន្លែងមិនអនុញ្ញាតឲ្យយានយន្តបើកបរលើឆ្នេរខ្សាច់ ដាក់ស្លាកសញ្ញាហាមគាត់ទៅ អ្នកល្មើសចាប់ផាក់ពិន័យកុំថតយកមកផុសទាំងគ្នាមិនដឹងអី ចង់បានល្បីនិងឡាយថាខ្លួនអភិបាលខេត្តល្អនោះទេ ថាខ្ញុំដឹងហើយ! ខ្ញុំនិយាយតាមត្រង់ ព្រោះខ្ញុំក៏ធ្លាប់បើកឡានលើឆ្នេខ្សាច់ស្រុកគេដែរ មិនដែលមានអ្នកគិតដូចស្រុករំដួលយើងទេ ខ្ញុំនិយាយនេះកុំឲ្យស្រុកយើងធ្វើខុសតែគេរហូតអ៊ីចឹង»។
ក្រោយពីបានឃើញគណនីខាងលើ និយាយឡើងបែបនេះ ក៏មានគណនីជាច្រើនបានចូលដាក់ឲ្យវិញថា «ស្រុកគេ គឺជា ច្បាប់ស្រុកគេ ។ តែនេះស្រុកខ្មែរ ខាងរដ្ឋាគេចំណាយលុយធ្វើ ផ្លូវស្អាតណាស់ មិនជិះ ទៅជិះលើឆ្នេរ នោះហើយដែលគេ ហៅថា ឆ្កួត ។ ហើយពាក្យ ថា ឆ្កួតគេប្រើទៅលើមនុស្សដែលខ្វះខួរក្បាលគិតថា ស្រុកគេសុទ្ធតែល្អជាងស្រុកកំណើតខ្លួន, បែបខាងស្រុកគេរបស់បង គេឲ្យជិះឡានចង់ចូលទឹកសមុទ្របែបនេះអត់អី តែស្រុកគេខាងខ្ញុំ គេអត់ឲ្យជិះដូចនៅខ្មែរដែរ! គេទុកឲ្យប្រជាជនដេកសំដិល អាំងថ្ងៃ ហែលទឹកលេង បើឲ្យទៅជិះផ្តេសផ្តាស វីវរកិនគេកិនឯង នាំអម្ពល់ទុក្ខទៀត ការពារប្រសើរជាងព្យាបាល កុំចាំដល់បុកមនុស្សបានអ៎…, ពូឯងល្បីហើយ ព័ត៌មានផ្សាយព្រោងព្រាត ល្បីបស់គេពូ បើកទ្បានលើឆ្នេរ ប្រមាថដល់ថ្នាក់ដឹកនាំខេត្តទៀត!»។
រីឯខ្លះទៀត ក៏បានសួរថា៖ «តើមុខផ្ទះអ្នក គេអាចយកឡានទៅចតបានទេ ឲ្យចេះគិតគូរពីសណ្តាប់ធ្នាប់ខ្លះផង បើគ្រប់គ្នាគេមកធ្វើបែបហ្នឹងបាន ពេលក្រោយអ្នកឯងចង់មកដើរលេងលើឆ្នេរ ក្រែងមិនសប្បាយចិត្ត ឬស្រឡះខួរក្បាលទេដឹង បើលើឆ្នេរសម្រាប់ដើរកម្សាន្តមានឡានមានម៉ូតូពាសពេញហ្នឹង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង