អ្នកនេសាទអូស្ត្រាលីពីរនាក់ បានជួយសង្គ្រោះបុរសអាក្រាតម្នាក់ ដែលខ្លួនប្រាណពោរពេញទៅដោយភក់ នៅតែលតោលនៅនឹងដើមកោងកាង លើទឹកដែលមានក្រពើ ហើយក្រោយមកទើបដឹងថា បុរសរូបនេះជាជនល្មើសដែលបានរត់គេចខ្លួនចូលទៅក្នុងទីរហោស្ថាន ហើយបានរស់រានមានជីវិតនៅទីនោះអស់រយៈពេល ៤ថ្ងៃ ដោយសារហូបខ្យង។
អ្នកនេសាទក្តាមពីរនាក់មានឈ្មោះ Kev Joiner និង Cam Fraust បាននិយាយថា ពួកគេបានរកឃើញជនសង្ស័យឈ្មោះ Luke Voskresensky អាយុ ៤០ ឆ្នាំ ឆ្នាំ នៅ East Point ស្ថិតនៅជិតទីក្រុង Darwin កាលពីថ្ងៃអាទិត្យ។ អ្នកទាំងពីរបានរាយការណ៍ថា ខណៈកំពុងរកចាប់ក្តាម ពួកគេបានឮសំឡេងស្រែកឲ្យជួយផងៗ!។
Luke ដែលពោរពេញដោយភក់ និងមានស្នាមដាច់នៅលើខ្លួន បានស្នើសុំពួកគេផ្តល់ទឹកផឹកផង និងនិយាយថា រូបគេបានរស់នៅទីនោះ ៤ ថ្ងៃ ដោយសារហូបខ្យង។ Fraust និយាយថា Luke ស្ទើរតែអាក្រាតទាំងស្រុង ព្រោះខោអាវរបស់គេបានដាច់រហែកអស់ទៅហើយ។
Fraust បន្តថា៖ «Luke បានធ្វើសំបុកមួយ នៅលើដើមកោងកាង និងមានទីតាំងប្រហែល ១ ម៉ែត្រ ពីផ្ទៃទឹក ដែលមានក្រពើនៅតាមដងទន្លេ ដូច្នេះ រូបគេពិតជាបានធ្វើការងារយ៉ាងអស្ចារ្យ ដើម្បីបន្តរស់មកទល់ពេលនេះ»។
Fraust ក៏បានឲ្យដឹងទៀតថា គាត់បានផ្តល់ខោខ្លី១កំប្លេទៅឲ្យ Luke និងព្រមទាំងស្រា១ដបផងដែរ ខណៈអ្នកទាំងពីរធ្វើតាមទូក ចេញទៅកាន់ Darwin។
សូមបញ្ជាក់ថា Luke ជាអ្នកទោសម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទប្លន់ធ្ងន់ធ្ងរ ហើយបានដោះចេញឧបករណ៍តាមដានអេឡិចត្រូនិចរបស់ខ្លួន ដើម្បីរត់គេចពីប៉ូលិស។
តែទោះយ៉ាងណា នៅពេលឡើងដល់ដីគោកវិញ Luke ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងទីក្រុង Darwin និងស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ូលិស ខណៈពេលព្យាបាល។
អាជ្ញាធរបាននិយាយថា Luke ត្រូវបានចោទប្រកាន់ពីបទប្លន់ប្រដាប់អាវុធ និងបទល្មើសជាច្រើនទៀតផងដែរ។ ហើយសម្រាប់ពេលនេះផងដែរ រូបគេនឹងត្រូវប្រឈមបទចោទប្រកាន់ថ្មី ដែលធ្ងន់ធ្ងរជាងមុនទៅទៀត។ Luke នឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការ នៅថ្ងៃទី៩ ខែកុម្ភៈ ខាងមុខ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង