បាត់ដំបង៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា បន្តជំរុញទៅតាមសាលារៀនរបស់រដ្ឋ ត្រូវបង្កើនប្រសិទ្ធភាពការសិក្សា ដើម្បីឆ្ពោះទៅបាននូវស្ដង់ដារជាតិនិងអន្តរជាតិ ខណៈរាជរដ្ឋាភិបាល បានយកវិស័យធនធានមនុស្ស ជាអទិភាពសម្រាប់អាណត្តិ៦នេះ។
ការលើកឡើងនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីចំនួន២០២៣នាក់នៅសក
លវិទ្យាល័យជាតិបាត់ដំបង កាលពីថ្ងៃទី២០ខែមករា ឆ្នាំ២០២១។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាបច្ចុប្បន្នកម្ពុជា ត្រូវការជាចាំបាច់នូវធនធានមនុស្សដែលមានសមត្ថភាព ក្នុងការជួយអភិវឌ្ឍន៍ជាតិ ដូច្នេះក្នុងដំណាក់កាលកម្ពុជា មានសុខសន្តិភាពពេញលេញនេះ យុវជន យុវនារីទាំងអស់ ត្រូវក្ដោបឱកាសឲ្យបានក្នុងការខិតខំសិក្សារៀនសូត្រ។ក្នុងការសម្រេចបាននូវគោលដៅឲ្យការសិក្សារបស់កម្ពុជា ទទួលបាននូវស្ដង់ដាជាតិនិងអន្តរជាតិនោះ សូមស្នើឲ្យក្រសួងអប់រំ អាជ្ញាធរខេត្ត ក៏ដូចជាគណៈគ្រប់គ្រងសកលវិទ្យាល័យជាតិបាត់ដំបងឬសាលារៀនផ្សេងៗទៀត រួមនឹងសិស្សនិស្សិត ត្រូវខិតខំគាំទ្រការដឹកនាំនិងកម្មវិធីសិក្សាដែលបានដាក់ចេញថ្មីៗនេះ។គម្រោងចង់បង្កើតសកលវិទ្យាល័យជាតិមួយទៀតនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ ក្នុងការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ឲ្យបានកាន់តែច្រើនថ្នាក់ឧត្តមសិក្សា។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍កោតសរសើរនិងជំនឿចិត្ត ចំពោះសមាសភាពគណៈកម្មការ ដែលជួយគាំទ្រដល់ដំណើរការសកលវិទ្យាល័យបាត់ដំបងនិងគណៈគ្របគ្រងសកលវិទ្យាល័យថានឹងអាចរួមកម្លាំងសាមគ្គីគ្នា សហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅបន្តអភិវឌ្ឍន៍សកលវិទ្យាល័យនេះឱ្យកាន់តែមានគុណភាពក្នុងការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស។
ឯឧត្តម សុខ ឃន សកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានមានប្រសាសន៍ថាចាប់ពីឆ្នាំ២០០៨ សកលវិទ្យាល័យបាត់ដំបងនេះ បានបណ្ដុះបណ្ដាលនិស្សិតចំនួនជាង ២០ ០០០នាក់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលក្នុងនោះមាននៅស្ថាប័នរដ្ឋនិងឯកជន ប្រមាណជា ៩០ភាគរយ។បច្ចុប្បន្ននិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យជាតិបាត់ដំបង កំពុងបម្រើរការងារក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវចម្រុះ ទេសចរណ៍ ធនាគារ បដិសណ្ឋារកិច្ច វិស្វកម្និងសំណង់ជាដើម។គណៈគ្រប់គ្រងសាលា ដែលដឹកនាំដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ជួយបន្តខិតខំអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាឲ្យកាន់តែរីកចម្រើន៕ រក្សាសិទ្ធិដោយៈអ៊ុងសារុំ