ភ្នំពេញ ៖ ក្នុងពិធីសម្ពោធអគារថ្មីនៃទីស្ដីការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ម្ជុលដូសទី១ នៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ចិន ដែលនឹងមកដល់ ប្រទេសកម្ពុជានៅក្នុង ខែកុម្ភៈ ឆ្នាំ២០២១នេះ គឺសម្ដេចជាអ្នកចាក់មុនគេបង្អស់ ហើយសម្ដេចសង្ឃឹមថា ថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត នឹងចាក់វ៉ាក់សាំងនេះជាបន្ដបន្ទាប់ផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វ៉ាក់សាំងស៉ីណូហ្វាម របស់ចិន នៅពេលមកដល់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ខ្ញុំនឹងចេញទៅទទួលខ្លួនឯង នូវការមកដល់នៃវ៉ាក់សាំងនេះ ព្រោះនេះយើងចាត់ទុកជាទំនិញយុទ្ធសាស្ដ្រ និងជាសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានប្រកាសថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ នឹងចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដោយឥតគិតថ្លៃ ហើយគ្មានការបង្ខំនោះទេ ពោលគឺ អ្នកណាចង់ចាក់ក៏បាន អ្នកណាមិនចង់ចាក់ក៏បាន។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ធ្វើជំរឿនចាប់ពីពេលនេះ ដើម្បីកំណត់អំពីចំនួនច្បាស់លាស់ អ្នកដែលត្រូវការចាក់ និងអ្នកណាដែលមិនត្រូវការចាក់។
គួររំលឹកផងដែរថា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ របស់ចិននេះ ឈ្មោះ ស៊ីណូហ្វាម មានប្រសិទ្ធិភាព ៧៩,៣៤ភាគរយ និងបានចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសផ្សេងៗជាង ២២៣លានដូស រួចហើយ, វាមានប្រសិទ្ធភាព អាចរារាំង និងទប់ស្កាត់វីរុសកូវីដ-១៩ មិនឱ្យជ្រាបចូលទៅក្នុងខ្លួនរបស់យើងបាន នៅពេលដែលយើងប្រើប្រាស់វា បូករួមជាមួយនឹងវិធានការផ្សេងៗ ។ គឺជាផលិតផលរបស់ក្រុមហ៊ុនវិទ្យាសាស្ត្រឱសថដ៏ធំក្នុងចំណោមក្រុមហ៊ុនធំៗឯទៀតក្នុងប្រទេសចិន ហើយត្រូវបានរដ្ឋាភិបាលចិនទទួលស្គាល់ថា វាមានប្រសិទ្ធភាព និងអាចសម្របសារធាតុបានតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ី ដោយរក្សាទុកដាក់ក្នុងសីតុណ្ហភាព +២ ទៅ +៨ ប៉ុណ្ណោះ ។
ចំពោះវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ស៊ីណូហ្វាម នេះ វាក្លាយទៅជាការចែករំលែកក្នុងទិសដៅរួមគ្នាការពារសុខភាពសាធារណៈ រវាងសាធារណរដ្ឋប្រជាមានិតចិន-កម្ពុជា ។ វ៉ាក់សាំង ស៊ីណូហ្វាម ត្រូវបានប្រើប្រាស់នៅបណ្ដាប្រទេសជាច្រើនក្នុងមជ្ឈិមបូព៌ា អេហ្ស៊ីប , ក្រិក , អាប៊ីសាអូឌីត … ចិនខ្លួនឯង , ឃើញថាវាមានប្រសិទ្ធភាព ព្រោះបានចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសផ្សេងមានចំនួន ២២៣លានដូស រួចហើយ។
វ៉ាក់សាំងនេះ ប្រើប្រាស់បានទៅលើមនុស្សវ័យ ១៦ឆ្នាំ ឡើងទៅ ហើយត្រូវចាក់ពីរដង, ដោយការចាប់ផ្ដើមចាក់១ដង ត្រូវប្រើពេលវេលា រយ:ពេល ២១ថ្ងៃ ទើបអាចចាក់ជាលើកទី២ បាន,
វាមានផលប៉ះពាល់តិចតួច អាចធ្វើឱ្យយើងក្តៅខ្លួន ប៉ុន្តែមិនគ្រោះថ្នាក់នោះទេ ៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN