រឿងរ៉ាវមួយបានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមប្រទេសថៃតែម្តង ក្រោយសារព័ត៌មាន និងផេកមួយចំនួន បានចែករំលែករូបភាពជាច្រើនសន្លឹក ពីករណីក្មេងស្រីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាក់ជើង ប៉ុន្តែ ពួកគេបែរជាផ្តោតការចាប់អារម្មណ៍ និងចោទប្រកាន់បុរសម្នាក់ជាអ្នកជួយសង្គ្រោះ ជាមនុស្សមានតណ្ហាបៀតបៀនកេរ្តិ៍ខ្មាសរបស់នាងទៅវិញ។
តាមរយៈរូបភាពត្រូវបានចែករំលែក បានបង្ហាញឲ្យឃើញបុរសម្នាក់អាយុប្រហែលជាង ៣០ ឆ្នាំ ទៅ ៤០ ឆ្នាំ ពាក់អាវក្រណាត់ដៃខ្លីពណ៌ខ្មៅ បានទ្រនារីរងគ្រោះពីក្រោយ និងកំពុងចុចទូរស័ព្ទ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យគេចោទប្រកាន់នោះ គឺដៃស្តាំរបស់គាត់ហាក់មើលទៅទំនងជាចង់កេញចំណេញ ប៉ះដើមទ្រូងរបស់នាងតែម្តង។
ក្រោយរឿងនេះបានផ្ទុះឡើងកាន់តែខ្លាំង លោក ម៉ុនៀន អូសាក់ ប្រធានសមាគមជួយសង្គ្រោះខេត្ត Ang Thong បានចេញមកបញ្ជាក់ថា បុរសនោះពុំមានជាអ្នកស្ម័គ្រចិត្តរបស់សមាគមទេ។ បន្ទាប់មក ប៉ូលីសក៏បានធ្វើការស៊ើបអង្កេត ហើយទីបំផុត បានរកឃើញបុរសនោះមានឈ្មោះ ស៊ូរ៉ាឆៃ ឆាឡាយ៉ាវ៉ាន មានអាយុ ៣៥ ឆ្នាំ គាត់មានមុខរបស់ជាអ្នកលក់ត្រីនៅផ្ទះ។
លោក ស៊ូរ៉ាឆៃ បានប្រាប់ពីដំណើររឿងហេតុឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ គាត់បានជិះម៉ូតូចេញពីផ្ទះ ឆ្ពោះទៅផ្សារដើម្បីទិញត្រី។ លុះធ្វើដំណើរបានពាក់កណ្តាលផ្លូវ គាត់ក៏បានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ហើយភ្លាមៗនោះ គាត់ក៏បានប្រញាប់ប្រញាល់ឈប់ម៉ូតូ រត់ទៅជួយក្មេងស្រីរងគ្រោះ ទាំងថ្ងៃក្តៅហែង។
ស៊ូរ៉ាឆៃ បន្តថា «នៅពេលនោះ ខ្ញុំបានសួរទៅក្មេងស្រីរងគ្រោះ អំពីលេខទូរស័ព្ទក្រុមគ្រួសាររបស់នាង ហើយខ្ញុំក៏បានខលទាក់ទងទៅសាច់ញាតិរបស់នាង។ ដៃម្ខាងរបស់ខ្ញុំចុចទូរស័ព្ទ ខណៈដៃម្ខាងទៀតគ្រានាង រហូតទាល់តែក្រុមសង្គ្រោះមកដល់ ហើយបន្ទាប់មក ពួកគេក៏បាននាំយកនាងទៅកាន់មន្ទីរពេទ្យ Ang Thong។ ខ្ញុំមិនបានដឹងព័ត៌មានណាមួយទេ ព្រោះខ្ញុំមិនបានលេងបណ្តាញសង្គម រហូតទាល់តែអ្នកជិតខាងបានប្រាប់ខ្ញុំថា ពេលនេះខ្ញុំកំពុងរងការចោទប្រកាន់ខ្លាំងក្លាណាស់ !»។
ជាមួយនឹងព័ត៌មានដ៏អកុសលនេះ ស៊ូរ៉ាឆៃ បាននិយាយថា «ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ នៅលើកក្រោយ ប្រសិនបើបានជួបករណីបែបនេះ ខ្ញុំនឹងមិនទៅជួយអ្នកណាទៀតទេ!»។
ចំណែកក្មេងស្រីរងគ្រោះដែលមានឈ្មោះ ណយ អាយុ ១៤ ឆ្នាំ ដែលកំពុងសម្រាកព្យាបាលរបួសបាក់ជើង២កំណាត់ នៅក្នុងមន្ទីរពេទ្យ ក៏បានប្រាប់អំពីដំណើររឿងនេះផងដែរថា «នៅថ្ងៃកើតហេតុ ខ្ញុំបានជិះម៉ូតូទៅផ្ទះមិត្តភក្តិ ប៉ុន្តែ នៅពេលដល់កន្លែងមួយ ខ្ញុំបានគេចឡានដឹកទំនិញ ហើយក៏បានដួលខ្លួនឯងតែម្តង។ ប៉ុន្តែ នៅពេលនោះ ក៏មានពូម្នាក់ចូលជួយគ្រាខ្ញុំមុនគេ ហើយគាត់ក៏បានសួរនាំលេខទូរស័ព្ទម៉ាក់ប៉ាខ្ញុំ។ ប៉ុន្តែ ខ្ញុំពុំបានគិតថា នឹងមានរឿងនេះកើតឡើងនោះទេ ខ្ញុំគិតថា គាត់ជាអ្នកមានគុណ ដែលបានជួយសង្គ្រោះខ្ញុំនៅពេលនោះ»។
ជាមួយគ្នានេះផងដែរ លោក ស៊ូរ៉ាឆៃ ក៏មិនអត់ឱន និងបានដាក់ពាក្យបណ្តឹងទៅប៉ូលីសរួចហើយ ដើម្បីចាត់វិធានការផ្លូវច្បាប់ ប្រឆាំងទៅនឹងផេកទាំងនោះ ដែលបានធ្វើឲ្យរូបគាត់ក្លាយជាមនុស្សម្នាក់ ដែលគេស្អប់ខ្ពើមពេញបណ្តាញនៅពេលនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង