សៀមរាប៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជិះកង់សាកល្បងលើផ្លូវកង់ថ្មី ដែលជាផលិតផលទេសចរណ៍ថ្មីសម្រាប់ឆ្នាំ២០២១នៅក្នុង រមណីយដ្ឋានអង្គរ។
ឯកឧត្តម បណ្ឌិត ហង់ ពៅ មានប្រសាសន៍ថា ថ្ងៃនេះយើងនាំគ្នាមកជិះកង់សាកល្បងលើផ្លូវកង់ថ្មីដែលយើងបានស្ថាបនាឡើងនាឆ្នាំ២០២០កន្លងទៅនេះ ក្នុងគោលបំណងដើម្បីពិនិត្យ សាកល្បង និងត្រៀមទទួលស្វាគមន៍ដល់សហប្រធានគណៈកម្មាធិកាICC ដែលនឹងមកពិនិត្យ និងដកបទពិសោធន៍កម្រិតសប្បាយពេញចិត្តចំពោះគម្រោងនេះយ៉ាងណា ហើយថាតើនៅមានចំណុចណាខ្លះទៀតដែលត្រូវកែសម្រួលដើម្បីឱ្យស្របតាមគោលការណ៍រមណីយដ្ឋានដែលជាបេតិកភណ្ឌពិភពលោក។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ការស្ថាបនាផ្លូវកង់នេះឡើងក្រោមទស្សនៈគិតគូរវែង ឆ្ងាយរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដើម្បីជួយសម្រួលចរាចរណ៍ និងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមចំណែកថែរក្សាបរិស្ថានក្នុងតំបន់អង្គរ និងទាក់ទាញទេសចរណ៍កីឡា អ្នកជិះកង់កម្សាន្ត អ្នកជិះកង់ហាត់ប្រាណដើម្បីសុខភាព ជាដើម។
ឯកឧត្តម បណ្ឌិត អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកជិះកង់កម្សាន្ត អ្នកជិះកង់ហាត់ប្រាណ ទាំងអស់ជួយចូលរួមថែរក្សាបរិស្ថាន អនាម័យ ដោយកុំបោះបង់សម្រាម សំបកដប ម៉ាសប្រើរួចនៅតាមបណ្តោយផ្លូវកង់ថ្មីនេះ និងសូមជួយចូលរួមសម្អាតទាំងអស់គ្នាដើម្បីបង្ហាញពីមោទនភាពជាតិយើង៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ