ព្រះវិហារ៖ បណ្ឌិតសុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ទាំងអស់នេះហើយដែលយើងចង់ជួយគាត់ ប៉ុន្តែផ្ទុយទៅវិញ គាត់នៅតែបន្តកាប់បំផ្លាញឈើល្អៗរានយកដីដោយកាប់ហើយដុតព្រៃនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
បណ្ឌិតសុខ ទូច បានបញ្ជាក់ថា យើងបានអប់រំឱ្យគាត់ស្រឡាញ់ព្រៃឈើអស់រយៈពេល២ឆ្នាំហេីយ និងសុំឱ្យកុំកាប់ព្រៃឈើ កាប់ឈើរានយកដី ប៉ុន្តែគាត់អាចអាស្រ័យអនុផលព្រៃឈើ មានដូចជា ផ្សិត វល្លិ៍ ទំពាំង…។ យើងបានបង្កើតការងារឱ្យគាត់មកចិញ្ចឹមគោទឹកដោះ ចៀម ពពែ។ គាត់អាចរក្សាបាននូវវប្បធម៌របស់ខ្លួន ដូចជាការរៀបចំយកជ័រពីដើមច្បោះ(ជ័រត្រាចជាដើម) និងទីតាំងឡស្លដែកបុរាណ ដែលសុទ្ធសឹងតែជាវប្បធម៌របស់ជនជាតិគួយ ដែលជាជនដើមភាគតិច។ យើងបានធ្វើអ្វីៗទាំងអស់ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់កូនចៅជំនាន់ក្រោយរបស់គាត់។ ក្រោយការរីករាលដាលជំងឺកូវីដ-១៩ចប់ កូនចៅរបស់គាត់នឹងក្លាយទៅជាអ្នកផ្ដល់សេវាកម្មក្នុងវិស័យទេសចរណ៍ ដោយធ្វើជាអ្នកនាំភ្ញៀវទេសចរ រៀបចំផ្ទះសំណាក់ រៀបចំម្ហូបអាហារជូនភ្ញៀវទេសចរជាដើម ដែលយើងនឹងរៀបចំបណ្តុះបណ្តាលនៅពេលខាងមុខ។
ទាំងអស់នេះហើយដែលយើងចង់ជួយគាត់ ប៉ុន្តែផ្ទុយទៅវិញ គាត់នៅតែបន្តកាប់បំផ្លាញឈើល្អៗរានយកដីដោយកាប់ហើយដុតព្រៃនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបដដែល ដូច្នេះ យើងនឹងចាប់ផ្ដើមអនុវត្តច្បាប់ហើយ ចាប់ពីពេលនេះទៅ យើងនឹងចាប់ទាំងឈើ ទាំងអ្នកប្រព្រឹត្តបទល្មើស និងទាំងគោយន្តយកមករក្សាទុកហើយ។
នៅថ្ងៃនេះ ខ្ញុំពិតជាអស់កម្លាំងខ្លាំងណាស់ ក្រោយពីបានដើរល្បាតនៅជ្រុងម្ខាងនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានជនល្មើសកាប់បំផ្លាញព្រៃឈើអស់៣០០ដើម ដែលអ្នកកាប់បំផ្លាញនេះបានដឹងថាខ្ញុំមិនបានធ្វើការល្បាតរយៈពេលប្រមាណជិត១ខែ ដោយសារមានធុរៈមមាញឹកខ្លាំង។ អ្នកដែលកាប់បំផ្លាញទាំងនេះ គឺជាអ្នកដែលទើបតែបានរស់នៅក្នុងឧទ្យាននេះ នៅក្រោយព្រះមហាក្សត្រ ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ ស្ដីពី ការបង្កើតឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប និងដាក់ឧទ្យាននេះទៅជាឧទ្យានសម្រាប់ធ្វើការអភិរក្ស។ ក្រុមការងារបានចុះទៅត្រួតពិនិត្យផ្ទះរបស់ប្រជាពលរដ្ឋទាំង៣១គ្រួសារដែលរស់នៅក្នុងឧទ្យាននេះចំនួន១៥ខ្នង និងបានរកឃើញថា នៅក្នុងផ្ទះទាំង១៥ខ្នងនេះ សុទ្ធសឹងតែមានឈើដែលត្រូវបានកាប់បំផ្លាញពីឧទ្យាន។ ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្ដមអភិបាលខេត្តព្រះវិហារ បានចាត់តាំងអភិបាលរងខេត្តមួយរូប ដើម្បីដាក់ចេញនូវចំណាត់ការ និងដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋទាំង៣១គ្រួសារនេះ ដោយអាជ្ញាធរខេត្តបានសម្រេចផ្ដល់ជូននូវដីដែលមានទំហំ១៥០០ម៉ែត្រក្រឡា (ទទឹងប្រវែង៣០ម៉ែត្រ បណ្ដោយប្រវែង៥០ម៉ែត្រ) ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជា សាលារៀន វត្តអារ៉ាម ភូមិ និងអណ្ដូងទឹក ដោយនៅពេលដែលពួកគាត់តាំងទីលំនៅក្នុងឧទ្យាននេះ ពួកគាត់ពុំទទួលបានហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះឡើយ។
អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរដែលមានសមត្ថកិច្ច មេត្តាជួយពន្លឿនការចាត់វិធានការនិងដំណោះស្រាយជូនដល់ប្រជាពលរដ្ឋទាំង៣១គ្រួសារនេះឱ្យបានកាន់តែឆាប់រហ័ស៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ