Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុម​ស្រាវជ្រាវ​ជីវៈចម្រុះ​ចូលរួម​វគ្គ​បណ្ដុះបណ្តាល​ស្តីពី​ការសិក្សា​វត្តមាន​សត្វ​ក្រពើ​ភ្នំ​នៅក្នុង​តំបន់ការពារធម្មជាតិ​

​ខេត្តមណ្ឌលគិរី ៖ រយៈ​ពេញ​១​សប្ដាហ៍​ទី​៣ នៃ​មករា ឆ្នាំ​២០២១​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ​និង​ជីវៈចម្រុះ​របស់​មន្ទីរ​ប​រិ​ស្ថាន​ខេត្តមណ្ឌលគិរី និង​ភ្នាក់ងារ​ល្បាត​សហគមន៍​តំបន់ការពារធម្មជាតិ បានទទួល​វគ្គ​បណ្ដុះបណ្ដាល​បំប៉នបន្ថែម​ទៅលើ​ជំនាញ​ផ្នែក​ស្រាវជ្រាវ​សត្វ​ក្រពើ​ភ្នំ នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដោយមាន​កញ្ញា MILOU Groenenbrg ប្រធាន​ផ្នែក​តាមដាន​និង​អ្នកស្រាវជ្រាវ​ជីវចម្រុះ​នៃ​អង្គការ​WWF ជា​គ្រូ​ឧទ្ទេសនាម​។

​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សិក្សា​ពី​លក្ខណៈ​ជីវសាស្ត្រ​និង​ប្រភេទ​របស់​ក្រពើ​ភ្នំ (​ក្រពើ​ភ្នំ និង​ក្រពើ​ទឹកប្រៃ​), ការកំណត់​អត្តសញ្ញាណ​របស់​ក្រពើ ដានជើង លាមក ទំហំ និង​ការវាស់វែង ជាពិសេស​បង្ហាញ​ពី​លទ្ធផល និង​វិធីសាស្ត្រ​ប្រមូល​សំណាក និង​លាមក​។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ​ក៏បាន​បង្ហាញ​ផងដែរ​នូវ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​សត្វ​ក្រពើ​ភ្នំ​នៅក្នុង​ឆ្នាំ​២០១៩ និង​លទ្ធផល​នៃ​ការវិភាគ​ទៅលើ​លាមក​របស់​ក្រពើ​ពី​ការ​ស៊ី​ចំណី​របស់​វា​។​

មន្ត្រី​នៃ​អង្គការ​មូលនិធិ​សាកល​សម្រាប់​ធម្មជាតិ​(WWF) បាន​ថ្លែងថា​នាពេល​បច្ចុប្បន្ននេះ​កម្ពុជា​នៅ​សេសសល់​ក្រពើ​ភ្នំ​ដែលជា​សត្វ​ដ៏​កម្រ​បំផុត​នៅលើ​ពិភពលោក​ចំនួន​ប្រមាណ​២០០-៣០០​ក្បាល ហើយ​ក្នុងចំណោម​នេះ​ស្ថិតនៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ទឹកដី​ខេត្តកោះកុង និង​មួយចំនួនទៀត​ស្ថិតនៅតាម​តំបន់​ទន្លេស្រែពក​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​។​

​នៅក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន​ដឹកនាំ​ដោយ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នៅ​ដែល​ជម្រក​សត្វព្រៃ​ស្រែ​ពក​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ កញ្ញា MILOU Groenenbrg ប្រធាន​ផ្នែក​តាមដាន​និង​អ្នកស្រាវជ្រាវ​ជីវចម្រុះ​នៃ​អង្គការ​WWF​បានឱ្យដឹងថា​នៅ​ដង​ទន្លេស្រែពក​និង​ភ្នំ​ព្រេច​ខេត្តមណ្ឌលគិរី​គេ​បាន​ប្រទះឃើញ​ដាន​វត្តមាន​សត្វ​ក្រពើ​ភ្នំ​។ កញ្ញា​បាន​បន្ត​ឱ្យដឹងថា​សត្វ​ក្រពើ​ភ្នំ​ជា​ប្រភេទ​សត្វ​ដែល​អៀន​ច្រើន ហេតុនេះ​គេ​កម្រ​ឃើញ​វា​ដោយផ្ទាល់​ភ្នែក​ណាស់​។​ដោយហេតុនេះ​ដើម្បី​ដឹងថា​វា​ពិតជា​មាន​វត្ត​មាននៅ​កម្ពុជា​នោះគេ​ចាំបាច់​ត្រូវ​តាមដាន​ពី​ដានជើង​,​រូង​របស់​វា​រស់នៅ​ឬក៏​លាមក​របស់​សត្វ​ប្រភេទ​នេះ​ជា​ចាំបាច់​។​យ៉ាងណាក្តី​សម្រាប់​ស្លាកស្នាម​និង​អត្តសញ្ញាណ​ដែល​គេ​ដឹងថា​សត្វ​ប្រភេទ​នេះ​ពិត​ជាមាន​វត្តមាន​ពិត​ឬក៏​អត់​នោះ​មាន​ភាពងាយស្រួល​ដោយសារ​ស្លាកស្នាម​របស់​វា​មាន​ភាពច្បាស់លាស់​និង​ងាយស្រួល​ចំណាំ​ផង​។​

​កញ្ញា MILOU Groenenbrg បាន​ថ្លែង​ដែរ​ថា នៅ​ឆ្នាំ​២០១៩ គេ​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ពីស​ត្វ​ក្រពើ​ភ្នំ​ម្តងមកហើយ​។ ចំណែក​ក្នុង​ឆ្នាំ​២០២១​នេះ​គេ​នឹងធ្វើ​ការ សិក្សា​ស្រាវជ្រាវ​ឱ្យបាន​ទូលំទូលាយ​ជាង​ឆ្នាំកន្លងមក​។​ចំពោះ​ការសិក្សា​ស្រាវជ្រាវ​នេះដែរ​គឺ​ប្រយោជន៍​ដើម្បី​អភិរក្ស​ក៏ដូចជា​ស្តារ​នូវ​ពូជ​សត្វ​ប្រភេទ​នេះ​ឱ្យ​កាន់​តែមាន​ច្រើន​នៅ​កម្ពុជា​។​ចំពោះ​ការសិក្សា​នា​ឆ្នាំ​២០២១​នេះដែរ​ដើម្បីឱ្យ​បានដឹង​ច្បាស់លាស់​ថាស​ត្វ​ប្រភេទ​នេះ​មាន​ប៉ុន្មាន​ក្បាល​ហើយ​វា​មាន​វត្តមាន​នៅទីណា​ខ្លះ​នៅ​កម្ពុជា​។​ជាមួយគ្នា​ក្នុងឆ្នាំនេះ​ដែរ​អង្គការ​របស់​WWF​នឹងសិក្សា​ទៅលើ​កត្តា​គំរាមកំហែង​របស់​វា​ផងដែរ​។​

​ទាក់ទិន​ក្នុង​រឿងនេះ​កញ្ញា​MILOU Groenenbrg បាន​គូសបញ្ជាក់ថា នៅ​តំបន់​ទន្លេស្រែពក​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​គឺជា​ទីកន្លែង​ល្អ​នៃ​ជម្រក​របស់​វា​ដោយសារ​មិនទាន់មាន​មនុស្ស​ចូលទៅ​រំខាន​វា​ដល់​ទីនោះ​នៅឡើយ​ទេ​។ កញ្ញា​បាន​បន្ត​ឱ្យដឹងថា​ចំពោះ​ការ​ប្រឈម​នៃ​សត្វ​ក្រពើ​ភ្នំ​មានដូចជា​ការ​ប្រមាញ់​យក​ស្បែក ការនេសាទ​ខុសច្បាប់ ,​ការនេសាទ​ដោយ​ខ្សែភ្លើង​ឆក់​និង​ការរក​ពងក្រពើ​ភ្នំ​ពី​សំណាក់​ពលរដ្ឋ​អ្នកស្រុក​ជាដើម​។​ក្រៅពី​ការបាត់បង់​ទីជម្រក ការដែល​សត្វ​ក្រពើ​ប្រភេទ​នេះ​បង្កាត់​ពូជ​ជាមួយ​សត្វ​ក្រពើ​ដទៃទៀត​ដែល​ធ្វើឱ្យ​ពូជ​របស់​វា​លែង​សុទ្ធ​ដូច​កាលពីមុន​។​

​ជុំវិញ​បញ្ហា​ការស្តារ​សត្វ​ក្រពើ​ភ្នំ​ឡើងវិញ​នេះដែរ កញ្ញា MILOU Groenenbrg បានបញ្ជាក់​ថាបើ​សិន​ក​រ​ណី​សត្វ​ប្រភេទ​នេះ​ស្ថិតនៅក្នុង​កម្រិត​មួយ​ប្រឈម​នឹង​ការគំរាមកំហែង​ខ្លាំង​និង​ពិសេស​ការឈាន​ដល់​បាត់បង់​ពូជ​នោះគេ​នឹង​ធ្វើការ​បង្កាត់​ពូជ​វា រួចហើយ​យក​កូន​ក្រពើ​ភ្នំ​ទាំងនោះ​ទៅ​ពន្លែង​ក្នុង​តំបន់​សុ​វត្តិភាព​ដែល​វា​រស់នៅ​។ ទាក់ទិន​ទៅនឹង​ការស្តារ​ឡើងវិញ​នៃ​សត្វ​ប្រភេទ​នេះដែរ​គេ​នឹងធ្វើ​ការជជែក​ជាមួយ​ថ្នាក់​គ្រប់គ្រង​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​រក​ភាពច្បាស់លាស់​មួយ​។​សម្រាប់ នៅ​តំបន់​ដង​ទន្លេស្រែពក​គឺជា​ទីកន្លែង​ល្អ​មួយ​ក្នុងការ​ស្តារ​សត្វ​ប្រភេទ​នេះ ដោយសារតែ​វា​ជាទី​តាំង​តំបន់​ស្នូល​ដែលជា​កន្លែង​អភិរក្ស​ដ៏​សំខាន់ ហើយក៏​ស្ថិតនៅ​ឆ្ងាយ​ពី​សហគមន៍​ដែល​ពលរដ្ឋ​រស់នៅ​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ដែល​បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ចុះ​បំពេញ​ទស្សនកិច្ច​នៅក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែក​ពក​ខេត្តមណ្ឌលគិរី​បាន​ថ្លែងថា សត្វ​ដ៏​កម្រ​ដែល​ប្រឈម​នឹង​ការបាត់បង់​ពូជ​ពិសេស​សត្វ​ក្រពើ​ភ្នំ និង​សត្វ​ស្លាប​ប្រភេទ​សត្វ​ខ្សឹប សត្វ​ត្រ​យ៉ង​យក្ស សត្វ​ត្មាត នោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួងបរិស្ថាន​បានរួម​សហការ​ជាមួយ​ដៃគូ​ដោយមាន​វិធានការ​មួយ​ដែល​គេ​កំពុង​ធ្វើ​ដើម្បី​អភិរក្ស​ក្នុងនោះ​វិធានការ​នៃ​ការ​បង្កាត់​ពូជ​ដើម្បី​បង្កើន​បរិមាណ​សត្វ​កម្រ​នេះ និង​លែង​ចូល​ធម្មជាតិ ដើម្បី​រក្សា​នូវ​និរន្តរភាព​នៃ​វត្តមាន​សត្វ កម្រ​ដែល​ជិត​ផុត​ទាំងអស់​នៅ​កម្ពុជា​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បានបញ្ជាក់​បន្ថែមថា​”​ចំពោះ​វិធានការ​បង្កាត់​ពូជ​នេះ គឺ​គេ​បានចាប់ផ្តើម​ធ្វើ​មានដូចជា​កន្ធាយ​ក្បាល​កង្កែប អណ្តើក​ហ្លួង​ជាដើម​។ ឯកឧត្តមរ​ដ្ឋេ​លេខាធិការ​បានបញ្ជាក់​បន្ថែម​ថា​ក្រសួងបរិស្ថាន​មើលឃើញ​ពី​ភាពចាំបាច់​ក្នុង​កិច្ចការពារ​សត្វ​ប្រភេទ​មួយចំនួន​ដែល​ជិត​ផុត​ពូជ ឬក៏​ជាការ​គំរាមកំហែង​បំផុត​នៅលើ​ពិភពលោក​ក្នុងនេះ​ដូចជា​សត្វ​ក្រពើ​ភ្នំ​ដែល​សំបូរ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រៅពីនេះ​ដូចជា​សត្វ​ទន្សោង រមាំង សត្វ​ខ្សឹប នៅ​ប្រទេស​កម្ពុជា​ក៏មាន​ចំនួន​ច្រើនជាងគេ​ផងដែរ​។​ហេតុនេះ​ដើម្បី​កិច្ចការពារ​សត្វ​ទាំងនេះ​ឱ្យនៅ​គង់វង្ស​ត​ទៅមុខទៀត​នោះ​ក្រសួង​ចាំបាច់​ត្រូវ​សហការ​ជាមួយ​ដៃគូរ អ្នកជំនាញ​ដើម្បី​រៀបចំ​នូវ​វិធានការ​ផ្សេងៗ​ក្នុងការ​រក្សា​និរន្ត​ភាព​នៃ​សត្វ​ប្រភេទ​នេះ​ឱ្យ​គង់វង្ស​នៅ​កម្ពុជា​។​

​លោក សេង ទៀក នាយក​អង្គការ​WWF បានឱ្យដឹង​ដែរ​ថា ការប្រឈមមុខ​បាត់បង់​ពូជ​សត្វ​ក្រពើ​ភ្នំ​មាន​ច្រើន​កត្តា​ក្នុងនេះ​ដូចជា​ក្នុងអំឡុង​ក្នុង​ឆ្នាំ​២០០៣​ដល់​២០០៥​ប្រជាពលរដ្ឋ​បាននាំគ្នា​មក​ប្រមូល​ពង​រប​ស់វា​នៅតាម​តំបន់​ទន្លេស្រែពក ប៉ុន្តែ​បន្ទាប់ពី​តំបន់​ទន្លេស្រែពក​នេះ​ត្រូវបាន​គេ​ដាក់បញ្ចូល​ជា​តំបន់​អភិរក្ស​ធនធានធម្មជាតិ​ស្នូល​មក​សកម្មភាព​នេះ​បាន​លុបបំបាត់​ទៅវិញ​។ លោក​ថ្លែង​ដែរ​ថា​កាលពីមុន​សត្វ​ក្រពើ​ភ្នំ​នេះ​មិន​ត្រូវបាន​គេ​ចាប់អារម្មណ៍​ទេ ប៉ុន្តែ​ទើបតែ​ឆ្នាំ​២០១៩​គេ​បាន​ស្គាល់​ពី​សត្វ​ប្រភេទ​នេះ​ជាក់លាក់ ហើយ​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​និង​បាន​អភិរក្ស​សត្វ​ប្រភេទ​កម្រ​នេះ​ឡើង​។ ជាមួយគ្នានេះ​លោក​ថ្លែងអំណរគុណ​ដល់ដៃ​គូរ​ពាក់ព័ន្ធ​ពិសេស​ក្រសួងបរិស្ថាន​ដែល​បាន​ចូលរួម​កិច្ចសហការ​ក្នុង​កិច្ចការពារ​អភិរក្ស​សត្វ​កម្រៗ​នៅ​កម្ពុជា​ក៏ដូចជា​ពិភពលោក​និង​ពិសេស​សត្វ​ក្រពើ​ភ្នំ​ដែលជា​សត្វ​កម្រ​បំផុត​ក្នុង​លោក​ឱ្យ​គង់វង្ស​នៅ​កម្ពុជា​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×