បន្ទាយមានជ័យ : នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញមុខប្តឹងលោកអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប៉ុន្តែករណីនេះត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានចេញមុខប្រកាសជាសាធារណ:ការពារលោកស្នងការ ដែលទំនងជាខ្លឹមសារក្នុងបណ្តឹង ផ្ទុយពីការពិតនិងដោយសារមានចលនាបំផុសបំផុលឲ្យមន្ត្រីថ្នាក់ដឹកនាំនិងបុគ្គលិកនគរបាលថ្នាំងថ្នាក់ បែកបាក់សាមគ្គី ហើយមានចេតនាមិនឲ្យកូនមិនស្តាប់បញ្ជារមេផង។
សម្តេចក្រឡាហោម ស ខេង បានថ្លែងជាសាធារណ:កាលពីថ្ងៃទី២០ខែតុលា ឆ្នាំ២០១៧នេះ ក្នុងពិធីប្រកាសចូលកាន់តំណែងគណៈអភិបាលខេត្តបាត់ដំបងថា : ” ខ្ញុំដឹង(សម្តេចជ្រាបហើយ)នូវការចុះផ្សាយរឿងស្នងការខេត្តបន្ទាយមានជ័យ ដែលព័ត៌មាន និងហ្វេសប៊ុកចុះផ្សាយជាបន្តបន្ទាប់នោះ ។ តែអ្វីៗមិនដូចហ្នុងទេ “។
សម្តេចថ្លែងដូច្នេះ ខណ:នៅឯខេត្តបន្ទាយមានជ័យវិញ ក៏មានមន្ត្រីជាន់ខ្ពស់អធិការកិច្ច២ក្រុមគឺរបស់ក្រសួងមហាផ្ទៃ១និងអគ្គស្នងការដ្ឋាននគរបាលជាតិ១បានបញ្ចប់បេសសកម្មអធិការកិច្ចស្រាវជ្រាវបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៨-១៩ខែតុលាឆ្នាំ២០១៧ កន្លងមក។មន្ត្រីអធិការកិច្ចបានចុះស្រាវជ្រាវបណ្តឹងរបស់លោកវរសេនីយ៍ ម៉ក់ ឧត្តម នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា លោកវរសេនីយ៍ ម៉ក់ ឧត្តម នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្មីៗនេះ បានប្តឹងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យពីភាពមិនប្រក្រតីទៅកាន់ក្រសួងមហាផ្ទៃនិងក៏ទៅកាន់អគ្គស្នងការនគរបាលជាតិផងដែរ។
បណ្តឹងនោះមានកម្មវត្ថុ ចោទប្រកាន់លើប្រសិទ្ធភាពពីឥរិយាបថ នៃការដឹកនាំរបស់លោកស្នងការ អាត់ ខែម ដែលថាមិនត្រឹមត្រូវ មិនអាចទទួលយក អយុត្តិធម៌ប្រក្រតី គាបសង្កត់ ប្រើអំណាចជ្រុល ជាដើម។
លោកវរសេនីយ៍ ជា ពិសិដ្ឋ នាយការិយាល័យបណ្តុះបណ្តាល និងជានាយការិយាល័យស្តីទីផែនធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអោយគេហទំព័រស៊ីអ៊ីអិនដឹងថ្ងៃទី២០តុលាថា:អធិការកិច្ចក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិនោះបានកោះហៅលោកកលោកស្រីនាយការិយាល័យជំនាញទាំ២៨ការិយាល័យ ចំណុះ លោកលោកស្រីស្នងការរងទាំង៩ផែន (និងអធិការទាំង៩ស្រុកក្រុង)មកសាលសាលាខេត្តកាលពីថ្ងៃទី១៨-១៩តុលា ដើម្បីសួរបំភ្លឺ ដើម្បីដាក់ឬដកបន្ទុកលើបណ្តឹងលើលោកស្នងការថាតើពួកគេពិតជាថ្នាំងថ្នាក់នឹងចរឹត ឥរិយាបថដឹកនាំរបស់លោកស្នងការមែនឬមិនមែន ?
លោកនិយាយបន្តថា :ករណីនេះ សម្រាប់លោកនិងនាយការិយាល័យ ឬដល់ស្នងការរង អធិការផងភាគច្រើនអាចថាមិនមានអ្នកណាថ្នាំងថ្នាក់នឹងលោកស្នងការដូចដែលបណ្តឹងរបស់នាយការិយាល័យបុគ្គលិកប្តឹងនោះទេនិងក៏អាចបន្ថែមថា មិនដូចញត្តិដែលលោកវរសេនីយ៍ សូរ ចាន់រី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ កៀរគគ្នាធ្វើប្រឆាំងនឹងលោកស្នងការដំណាលគ្នានោះដែរ ។អាចថាចម្លើយបំភ្លឺរបស់នាយមន្ត្រីនគរបាលទៅមន្ត្រីអធិការកិច្ចផ្ទុយពីខ្លឹមសារញត្តិនោះ។
សូមបញ្ជាក់ថាខ្លឹមសារបណ្តឹងឬញត្តិដែលផុសក្នុងហ្វេសប៊ុកដែលគេបានកាត់ក្បាល កាត់កន្ទុយមួយដែលស៊ីអ៊ីអិនទទួលបានដែរនោះមានសេចក្តីថា : កម្មវត្ថុ :របាយការណ៍ស្តីពីកម្លាំងតាមវរ:សេនាតូចការពារព្រំដែនគោក និងអធិការដ្ឋានស្រុកក្រុងនាំគ្នាតវ៉ា មិនអាចទទួលយកបានចំពោះការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
សំបុត្រកំបុត១កំណាត់នោះនោះបានសរសេរថា នៅថ្ងៃទី១៧សីហា ២០១៧ កន្លងមក ក្រោយពីទទួលបានព័ត៍មានផ្ទុះការតវ៉ាលើប្រសិទ្ធិភាពដឹកនាំរបស់លោកស្នងការ មានដូចតទៅ : ទី១- មិនគាំទ្រការប្រើប្រាស់កម្លាំងគ្មានពេលសម្រាក ខុសជំនាញ និងមិនចំទិសដៅ គ្មានផែនការ។ទី២ – គ្មានអង្ករឬប្រាក់ឧបត្ថម្ភ ពេលកម្លាំងចុះយាមតាមគោលដៅការពារសន្តិសុខជូនពលរដ្ឋ។ទី៣- កាត់របបសម្លៀកបំពាក់ គម្រាមមិនអោយកម្លាំងតវ៉ា។ទី៤- គាបសង្កត់កងកម្លាំង រៃអង្គាសថវិកាចូលបក្ស គ្មានគោលការណ័ គ្មានបញ្ជីស្នាមច្បាស់លាស់ ។ចូលឧបត្ថម្ភ តែគ្មានលិខិតថ្លែងអំណរគុណ ឬសរសើរ។ទី៥ -ពេលមានឧប្បត្តិហេតុគ្រោះធម្មជាតិអោយកងកម្លាំងចេញកម្លាំងធ្វើហើយ ចេញលុយទៀត។ទី៦-ប្រើប្រាសកម្លាំងដោយបង្ខំ សំដីអសុរស គ្មានសីលធម៍ គុណធម៍ គ្មានលើកទឹកទឹកចិត្ត ផ្តល់កម្លាំងចិត្ត. មានតែស្តីបន្ទោស ជេរស្តី។ទី៧- ដោះដូរកម្លាំងតាមនឹកឃើញ គិតតែប្រយោជន៍ផ្ទាល់ខ្លួន បក្ខពួកកូនក្មួយ។ បើកដៃអោយកូន ក្មួយរកសុីល្មើស នាំឡានម៉ូតូ ទំនិញគេចពន្ធពីថៃមកកម្ពុជា ។បំបាក់ស្មារតីមន្ត្រីថ្នាក់ក្រោមដោយវិធីបកសក្តិ ដេញចោល ដាក់វិន័យ ដកបញ្ឈជើង ប្តូរកន្លែងជាដើម។ ទី៨ – មិនយកចិត្តទុកដាក់លើសុខទុក្ខ ជីវភាព ជម្រកស្នាក់នៅរបស់កងកម្លាំង (មិនដូចអង្គភាព កងកម្លាំងផ្សេង)។ទី៩- បទបញ្ជារលោកស្នងការ លោកមិនដែលទទួលខុសត្រូវ ទុកអោយកម្លាំងប្រឈមបញ្ហានានាទាំងផ្លូវកាយ ផ្លូវច្បាប់ បើមានរឿងត្រូវដោះស្រាយខ្លួនឯង។ល។
ដូច្នេះសូមលោកនាយឧត្តមសេនីយ៍ មេត្តាជ្រាបនិងចុះដោះស្រាយជាបន្ទាន់ជូនកងកម្លាំង។
មន្ត្រីនគរបាលខ្លះនិយាយថា :”រឿងនេះបើគ្មានភ្លើង វាក៏គ្មានផ្សេងដែរ “។
ឯមន្ត្រីនគរបាលខ្លះនិយាយថា :ចំពោះលោកវរសេនីយ័ម៉ក់ ឧត្តមនាយការិយាល័យបុគ្គលិក កន្លងមកលោកចំណុះតែលោកស្នងការ១នាក់ តែឥឡូវលោកត្រូវចំណុះស្នងការរងផែនធនធានមនុស្ស ទៀត។ តែលោកក៏មិនប្រក្រតីខ្លួនឯងដែរ។
ក្នុងការិយាល័យដូចជាដាក់សុទ្ធតែបក្ខពួក កូន ក្មួយ សាច់ញាតិលោក ហើយកន្លងមកមានដល់ស្នើតែងតាំង ដំឡើងស័ក្តីមន្ត្រីនគរបាលដល់ជាង៧០នាក់ ដោយមិនបានឆ្លងបញ្ជាលោកស្នងការទៀត។
ករណីនោះហើយ ដែលនាំអោយលោកស្នងការ បានប្រជុំស្នងការ ស្នងការរង នៃស្នងការដ្ឋានស្នើផ្លាស់ប្តូរតំណែងលោកម៉ក់ ឧត្តម ពីនាយការិយាល័យបុគ្គលិកទៅនាយការិយាល័យសណ្តាប់ធ្នាប់។
តែឯកសារស្នើនោះបានបែកធ្លាយនៅសាលាខេត្ត ទើបលោកម៉ក់ ឧត្តមប្រញាប់រត់រកការការពារខ្លួន ហើយក៏ចេញមុខធ្វើពាក្យប្តឹងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដូចខាងលើតែម្តងទៅ។
ចំណែក លោកវរសេនីយ៍ សូ ចាន់រី មេបញ្ជាការនគរបាលការពារព្រដែនគោកវរសេនាតូច ៩១១ ដែលមានបញ្ហាមិនប្រក្រតីមួយចំនួនលើការដឹកនាំវរ: ក៏ត្រូវលោកស្នងការស្នើផ្លាស់ប្តូរទៅជាមេបញ្ជាការនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨០៧ ផងដែរ ដោយស្នើ លោកវរសេនីយ៍ ឡុង សំណាង ជាមេវរ:៨០៧មកជាមេវរ:៩១១ វិញ ។
រឿងនោះ លោកវរសេនីយ៍ សូ ចាន់រី ត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយឧបទ្ទហេតុបណ្តឹងមួយទៀតផងដែរ កាលពីខែកក្កដា២០១៧ ដែលប្តឹងថា លោកឧត្តមសេនីយ៍ទោ អាត់ ខែម មានបញ្ហាលើភាពគ្មានគុណតម្លៃលក្ខណ:ថ្នាក់ដឹកនាំដោយថាលោកបានប្រមាថ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលទទួលទិសនគរបាលភូមិភាគិ៤និង៥ ។
ប៉ុន្តែ ពេលអធិការកិច្ចមួយដឹកនាំដោយឧត្តមសេនីយ៍ ហ៊ូ សុគុណ រងកណ្តាលនគរបាលព្រំដែននិងមន្ត្រីបានចុះស្រាវជ្រាវបណ្តឹងនោះ ដោយសួរលោកស្នងការរង លោកមេបញ្ជាការ /រង នាយនគរបាលវរ:ការពារព្រំដែនទាំង៤ ….តែគេរកមិនបានការគាំទ្រការចោទប្រកាន់នោះទេ ។រឿងរ៉ាវក៏ស្ងាត់ធម្មតាវិញ។
ឥឡូវក៏មានលេចឭថា លោកវរសេនីយ៍ សូ ចាន់រី នៅពីក្រោយការរៀបចំអោយមន្ត្រីនគរបាលចំណុះវរ:៩១១ និងអង្គភាពផ្សេងធ្វើញត្តិផ្តិតមេដៃតវ៉ាប្រឆាំងនឹងលោកស្នងការអាត់ ខែម ទៀត។
ជាមួយគ្នានោះ កាលពីថ្ងៃទី១៨-១៩ តុលា ក៏មានបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនរួមទាំង គណនីឈ្មោះ Better Man ផងបានផុសពីសកម្មភាពមន្ត្រីអធិការកិច្ចក្រសួងមហាផ្ទៃ អធិការកិច្ចអគ្គស្នងការនគរបាលជាតិចុះស្រាវជ្រាវបណ្តឹងប្តឹងលោកស្នងការ ផុសពីករណីពីលិខិតកាត់ក្បាល កាត់ចុង ដែលជាបណ្តឹងប្រឆាំងលោកស្នងការ..ផុសថា មានមន្ត្រីនគរបាលត្រៀមធ្វើបាតុកម្មតវ៉ានៅមុខស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ(នាភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ) ករណីអំពើអយុត្តិធម៍របស់លោកស្នងការជាដើម។
ក៏មានហ្វេសប៊ុក ,សារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សាយក្នុងន័យស្រដៀងគ្នានោះ បានបរិហាររិះគន់ពីភាពមិនប្រក្រតីលោកស្នងការជាមួយកូន ក្មួយ តាំងពីក្នុងការងារនគរបាល ការងារឯកជននិងរបររកស៊ី។ល។
គឺអាចរឿងរ៉ាវក្នុងបណ្តាញសង្គមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់នោះហើយដែលសម្តេចក្រឡាហោមស ខេង បានអាននិងឃើញ ហើយសម្តេចសន្និដ្ឋានរួចបានថ្លែងចេញមុខការពារលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះ ។
នៅឯខេត្តបន្ទាយមានជ័យទៀត ក៏មានមន្ត្រីនិងពលរដ្ឋខ្លះបានអោយដឹងថា :លោកឧត្តមសេនីយ៍ទោ អាត់ ខែម បាននិងកំពុងធ្វើការងារបានល្អ ហើយប្រជាពលរដ្ឋគោរពស្រលាញ់ និងកំពុងមានការគាំទ្រពីអាជ្ញាធរផង។លោកក៏មានសកម្មភាពសកម្មលើកការងារជំនាញ ការងារសង្គមនិងមហាជន ការងារមនុស្សធម័ ក៏ដូចការងារគណបក្សប្រជាជនកម្ពជាដែរ៕ ដោយ : បន្ទាយ