ខេត្តកំពង់ចាម ៖ កាប់គេស្លាប់ហើយ រត់គេចខ្លួន នឹកស្មានថា រត់គេចផុត ? ទីបំផុត គេចខ្លួនបានតែពីរថ្ងៃ ក៏ត្រូវសមត្ថកិច្ច បំបែកសំណុំរឿងឃាតកម្មមួយនេះបានជាស្ថាពរ ដោយស្រាវជ្រាវចាប់ខ្លួនជនដៃដល់ នៅវេលាម៉ោង ៨យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ។
អំពើឃាតកម្មសម្លាប់មនុស្សដោយចេតនានេះ កើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចក្បែររោងការមួយកន្លែង ស្ថិតក្នុង ភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ ឌឿន តូច អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ព្រោះតែគេកាប់ច្រើនកាំបិត។ ចំណែកជនដៃដល់ មានឈ្មោះ តឿន ទុំ អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ (អ្នកទាំងពីរត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅភូមិ-ឃុំកើតហេតុខាងលើ)។
ហេតុការណ៍កាប់ប្រហារនេះ ដំបូងឡើយ គឺជនរងគ្រោះបានដើរចេញពីរោងការក្នុងបំណងទៅយកម៉ូតូ ដែលផ្ញើទុកនៅផ្ទះប្រជាពលរដ្ឋក្បែររោងការចម្ងាយប្រហែល ១០០ម៉ែត្រ ដោយតាមផ្លូវងងឹត ហាក់ស្ងាត់ ។ ពេលជនរងគ្រោះដើរបានប្រហែល៧០ម៉ែត្រ ក៏ត្រូវជនល្មើសលបកាប់នឹងដាវបណ្ដាលឲ្យរងរបួសផ្នែកមុខជាច្រើនកាំបិត ត្រូវកំភួនដៃ និងដាច់កដៃខាងឆ្វេង ស្លាប់នៅកន្លែងកើតហេតុតែម្ដង ហើយភ្លាមនោះ ជនដៃដល់បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
បន្ទាប់ពីទទួលរបាយការណ៍រឿងហេតុនេះ លោកស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឱ្យ លោកវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត និងវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ ចុះដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់។
សមត្ថកិច្ចបានស្រាវជ្រាវ រហូតដល់រកឃើញមុខសញ្ញា ហើយនៅវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែមករានេះ ទើបកម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនដៃដល់ ឈ្មោះ តឿន ទុំ អាយុ១៩ឆ្នាំ និងដកហូតបានដាវ០១ដើម។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងជីដូនមួយនេះពិតប្រាកដមែន ហើយតាមពិតទៅ គឺកាប់ច្រឡំមនុស្សទៅវិញទេ , ឯមនុស្សដែលខ្លួនមានបំណងកាប់នោះ គឺភ្ញៀវខាងកូនកំលោះម្នាក់ ដែលកាលពីពេលថ្ងៃ គឺមានជម្លោះនឹងគ្នា រហូតធ្វើឲ្យខ្លួនគុំកួន៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN