តាកែវ៖ កាលពីពេលថ្មីៗនេះ ក្រុមការងារប្រចាំតំបន់ដឹកនាំដោយលោក លី សម្ភស៍(មន្ត្រីសម្របសម្រួលអង្គការBirdLife) និង លោកឈឿន សុជាតិ (ប្រធានក្រុមឧទ្យានុរក្ស)បានកត់ត្រាចំពោះ វត្តមានសត្វចាបព្រៃប្រមាណជា២០ក្បាល នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្រោយពីបាត់ដំណឹងអស់រយះពេលបីឆ្នាំមកហើយ។
ចំពោះបញ្ហាប្រឈមដែលបណ្តាលមកពីបាត់វត្តមានសត្វទាំងនោះ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មកពីការទន្ទ្រានយកដីរបស់ជនខិលខូច និងកង្វះទឹកនារដូវប្រាំង មួយវិញទៀតមកពីការបំពុល បណ្តាលមកពីការប្រើប្រាស់ថ្នាំនិងជីកសិកម្មហួសកំរិត គឺជាកត្តាគំរាមកំហែងដែលកំពុងកើតមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។
ការបង្ហាញខ្លួននេះបញ្ចាក់ថាទីជម្រកដែលមាននៅតំបន់ដីសើមនេះ បានដើរតួយ៉ាងសំខាន់ក្នុងការរស់នៅនិងពងកូនរបស់សត្វស្លាបទឹកជាច្រើនប្រភេទ និងសត្វស្លាបទេសន្តរប្រវេសន៍ដូចជាសត្វក្រៀលនិងសត្វចាបព្រៃវែងជាដើម។
សូមជំរាបជូនថាសត្វចាបព្រៃវែង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ជិតផុតពូជបំផុត ដែលកំណត់ក្នុងបញ្ជីក្រហមIUCNអាស្រ័យដោយចំនួនរបស់វានៅលើពិភពលោក បានថយចុះជាង៨០%នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បក្សីប្រភេទនេះបង្កកំណើតនៅអ៊ឺរ៉ុប និងអាស៊ីខាងជើងបន្ទាប់មកបម្លាស់ទីមកកាន់តំបន់អាស៊ី ដូចជាឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា រហូតដល់រដូវត្រជាក់ ពួកវា ត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ។ នៅក្នុងកំឡុងឆ្នាំ២០០០ នៅប្រទេសកម្ពុជាគេធ្លាប់ឃើញវត្តមានពួកវាជាហ្វូងធំរហូតដល់ជាង១០០០ក្បាល ប៉ុន្តែនាពេលបច្ចុប្បន្នវត្តមានរបស់វាមានជាក្រុមតូចពេលខ្លះមានតែ២ក្បាលក៍មាន។
ក្នុងនោះមន្ត្រីជំនាញដែលការពារ និងអភិរក្សនូវតំបន់ជម្រកសត្វបឹងព្រែកល្ពៅ ចូលរួមការពារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺចូលរួមការពារសត្វស្លាបជិតផុតពូជ ។
បើតាមការឲដឹងពីលោក ឆយ ម៉ុមលី ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បានឲដឹងថា ការជម្រឿនសត្វស្លាបអាស៊ី ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ លទ្ធផលត្រូវបានរកឃើញមានវត្តមានសត្វស្លាបព្រៃ ចំនួន:១០១៤៦ក្បាល មានប្រភេទសត្វ ចំនួន ៦៤ប្រភេទ ក្នុងនោះសត្វស្លាប ៣ប្រភេទ ទើបរកឃើញមានវត្តមានក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺ ១.សត្វត្រដាវវិចក្បាលប្រផេះ ចំនួន៧ក្បាល ២.សត្វទីតលីតតូចជើងលឿងវែង ចំនួន៣០ក្បាល ៣.សត្វក្បាលធំវ័ណ្ឌទ្រូងខ្មៅ ចំនួន៤០ក្បាល ៕ រក្សាសិទ្ធិដោយ៖ តាកែវ