តាកែវ៖ ថ្លែងក្នុងវេទិការផ្សព្វផ្សាយការយល់ដឹងច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការចែកចាយផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវនេះ ឯកឧត្តម ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប បានណែនាំឲដល់ម្ចាស់ស្ថានីយ៍ដេប៉ូប្រេងឥន្ធនៈទាំងអស់ត្រូវលក់ប្រេងឥន្ធនៈប្រកបដោយគុណភាពនិងបរិមាណសមស្របទៅតាមស្តង់ដារដែលក្រសួងបានកំណត់ឲ្យទៅអ្នកប្រើប្រាស់ ជៀសវាងការលក់ដូរប្រេងឥន្ធនៈក្លែងបន្លំ ដែលជាហេតុនាំឲស្ថានីយ៍ដេប៉ូចែកចាយរបស់យើងនីមួយៗ ប្រឈរមុខនឹងផ្លូវច្បាប់ ខណៈដែល ក្នុងឆ្នាំ២០២០ កន្លងទៅនេះ មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់(កបប) សាខាខេត្តតាកែវ បានត្រួតពិនិត្យនៅតាមដេប៉ូលក់ប្រេងឥន្ធនៈជាច្រើនដែលមាននៅក្នុងខេត្ត ហើយត្រូវបានរកឃើញទីតាំងដេប៉ូលក់ប្រេងឥន្ធនៈចំនួន ០៤ហើយក្នុងខេត្ត ដែលបានដាក់លក់ប្រេងសាំង ដែលមានកម្រិតអុកតាន ទាបជាងបទដ្ឋានកំណត់ និងបន្លំគុណភាព ហើយក្នុងនោះមានដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ២ រកឃើញថាលក់ប្រេង ជូនអតិថិជនមានការលម្អៀង (បាត់បង់) ផ្នែកបរិមាណ ចំពោះស្ថានីយ៍ ដែលមានភាពមិនប្រក្រតីខាងលើនេះ ត្រូវបានមន្ត្រីជំនាញ កបប រៀបចំសណុំរឿងបញ្ជូនទៅតុលាការ ដោយបានចេញសាលក្រមរួចរាល់ហើយ និងបានផាកពិន័យជាថវិកា យកចូលរដ្ឋ ទៅតាមគោលការនៃច្បាប់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរលោក ឈួ សុធា អភិបាលរងខេត្តតាកែវ ក៏បានជម្រុញឲមន្ត្រីជំនាញ កបប សាខាខេត្តតាកែវ ត្រូវបង្កើនការចុះត្រួតពិនិត្យនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលមាននៅក្នុងខេត្ត ដើម្បីលុបបំបាត់ឲបានចំពោះម្ចាស់ស្ថានីយ៍ពីការលក់ប្រេងបន្លំនិងកេងចំណេញលើអ្នកប្រើប្រាស់ ជាពិសេសត្រូវចូលរួមគ្នាទុបស្កាត់ឲ្យបានលើបញ្ហានេះ ។
ជាមួយនឹងការទប់ស្កាត់ការលក់ក្លែងបន្លំនេះដែរ មន្ត្រីជំនាញកបប ក៏ត្រូវតែត្រួតពិនិត្យបន្ថែមទៀតលើគុណភាព សុវត្ថិភាព ទំនិញ និងមុខម្ហូបអាហារដែលបងប្អូនប្រជាពលរដ្ឋបរិភោគ និងប្រើប្រាស់ជាប្រចាំ ដែលដាក់តាំងលក់នៅតាមទីផ្សារនានានៅក្នុងខេត្ត ធ្វើយ៉ាងត្រួតពិនិត្យឲ្យបានម៉ត់ចត់ដើម្បីធានាឲបានចំពោះសុវត្តិភាព និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ៕ រក្សាសិទ្ធិដោយ៖តាកែវ