ជាការយកចិត្តទុកដាក់គិតគូរ និងស្រឡាញ់ទៅលើប្រជាពលរដ្ឋនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកថា ព្រះពុទ្ធសាសនា មិនត្រឹម តែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណជាតិទៀតផង។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងថ្ងៃរៀបចំពិធីបុណ្យមាឃបូជា ដ៏សំខាន់សម្រាប់ប្រពៃណីខ្មែរ និងព្រះពុទ្ធសាសនា ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃព្រហស្បត៍ ១៥កេីត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ដោយសម្ដេចតេជោ បានប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរជនរួមជាតិទាំងអស់ ឱ្យជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។
សូមបញ្ជាក់ថា បុណ្យមាឃបូជា ប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នា ប្រទេសឥណ្ឌា កាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គរយ:ពេល ៩ខែគត់។
តាមឯកសារស្រាវជ្រាវ ព្រះសម្មាសម្ពុទ្ធបានហៅថា ពិធីនេះថា ចាតុរង្គសន្និបាត ” ការប្រជុំមានអង្គបួន ” គឺ១– ថ្ងៃនោះព្រះចន្ទចរចូលដល់មាឃនក្សត្រ ( ថ្ងៃពេញបូណ៌មី ខែមាឃ ) , ២– ព្រះភិក្ខុសង្ឃចំនួន ១.២៥០ រូប ឥតបានមត់កំណត់ពេលគ្នាជាមុនសោះ ក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមសាស្ដា, ៣- ព្រះភិក្ខុសង្ឃទាំងអម្បាលនោះ សុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់, ៤- ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត។
ការប្រជុំមានអង្គ៤ដូច្នេះ ក្នុងពុទ្ធសម័យមានតែម្ដងគត់ ហើយក្នុងវេលានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងឱវាទបាតិមោក្ខ…។ ពួកពុទ្ធមាមកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមក កំណត់យកថ្ងៃពេញបូណ៌មីខែមាឃ រៀងរាល់ឆ្នាំ ថា ជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជាថ្ងៃមាឃបូជា, ធ្វើមាឃបូជា, បុណ្យមាឃបូជា៕ រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN