ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានអោយដឹងថា កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានទូកនេសាទមួយគ្រឿង ដែលម្ចាស់ទូកឈ្មោះ វ៉ាន់ សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ បានប្រើឧបករណ៍នេសាទអូសចូលសាកសពមនុស្សប្រុសម្នាក់ នៅក្នុងសមុទ្រនៅត្រង់ ចំណុចត្រីវិស័យលេខ ៣៥.៤៥។
នគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
អ្នកនេសាទ បានឲ្យដឹងថា ក្រោយពេលពួកគេ ផ្តល់ដំណឹងជូនសមត្ថកិច្ចៗ ចំរុះមាននគរបាលនិងកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកស្ទឹងហាវ បានចេញទៅស្រង់យកសាកសព មករក្សាទុកនៅចំណុចអ៊ូរទូក ស្ថិតនៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីទុកឲ្យសមត្ថកិច្ចជំនាញ ពិនិត្យធ្វើកោសល្យវិច្ច័យ ៕ ដែន សីមា