ភ្នំពេញ ៖ បុរសដែលបើករថយន្ត អាល់ហ្វាត បុកនារីស្រស់ស្អាតជិតចូលរោងការម្នាក់ស្លាប់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឡុង វណ្ណា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃ.ស ។
ជនត្រូវចោទ គួង ស៊ីថន អាយុ៤២ឆ្នាំ ត្រូវបានតំំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោក សាយ ណូរ៉ា ចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហេសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ» តាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ញត្តិមាត្រា៤៤ មាត្រា១២៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ តាមបទល្មើសនេះ រូបគេ អាចប្រឈមនឹងការជាប់ពន្ធនាគារ១ឆ្នាំដល់៥ឆ្នាំផងដែរ។
សូមរំឮកថា នារីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ និងបណ្តាលឱ្យបុរសម្នាក់ទៀត រងរបួសស្រាលដោយសារ ជនត្រូវចោទ គួង ស៊ីថន អាយុ៤២ឆ្នាំ នេះ ស្រវឹងស្រាជោកជាំ ហើយបានបើករថយន្តម៉ាកអាល់ហ្វាតបុករួចកិន មើលទៅគួរឲ្យរន្ធត់។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចមុខបុរីប៉េងហួត ខាងកើតច្រមុះជ្រូកស្ទឹងមានជ័យ ចម្ងាយប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នារីគ្រោះមានឈ្មោះ លឹម ស្រីហេង អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះលេខ២៤ ផ្លូវ១៨ ក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជិះម៉ូតូម៉ាកស្គូពី ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1II-9166 ត្រូវបានសាច់ញាតិប្រាប់ថានៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះ នាងនឹងចូលរោងការហើយ។
ចំណែកជនរងគ្រោះរងរបួសស្រាលមានឈ្មោះ ហ៊ឹម សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងភ្លើង មានស្រុកកំណើតនៅស្រុកកោះអណ្តែត ខេត្តតាកែវ ជិម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1N-8939 ៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN