Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្ថុ​បុរាណ​ខ្មែរ ចំនួន​ជាង​១០០​រូប ធ្វើ​ពី​ថ្ម និង​សំរឹទ្ធ ដែល​បាត់បង់ នឹងត្រូវ​បញ្ជូន​ត្រឡប់​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ បន្ទាប់ពី​ការជួញដូរ​ដោយ​ខុសច្បាប់​

​ភ្នំពេញ ៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការបញ្ជូន​វត្ថុ​បុរាណ​ខ្មែរ ដែល​បាត់បង់ ត្រឡប់មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ដោយ​ក្នុងនោះ​វត្ថុ​បុរាណ​ខ្មែរ ចំនួន​ជាង​១០០​រូប ធ្វើ​ពី​ថ្ម និង​សំរឹទ្ធ រួមទាំង​សម្បត្តិ​វប្បធម៌​ខ្មែរ​ជាច្រើន​ទៀត​នឹងត្រូវ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​

​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​មាន​សេចក្តី​រីករាយ សូម​ជម្រាបជូន​ព័ត៌មាន​ដល់​សាធារណជន ជ្រាបថា បន្ទាប់ពី​ដំណើរការ​ចរចា​អស់​ជាង​ឆ្នាំ​មក ក្រុមគ្រួសារ​របស់លោក ឌូ​គ្លាស ឡា​ច​ហ្វ​ដ (Douglas Latchford) បាន ព្រមព្រៀង​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរ​ទាំងអស់​ដែល​បាន​កាន់កាប់​រក្សាទុក មក​ប្រគល់ជូន​កម្ពុជា​វិញ​។ វត្ថុ​បុរាណ​ខ្មែរ ចំនួន​ជាង​១០០​រូប ធ្វើ​ពី​ថ្ម និង​សំរឹទ្ធ រួមទាំង​សម្បត្តិ​វប្បធម៌​ខ្មែរ​ជាច្រើន​ទៀត​នឹងត្រូវ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​។ ភាគី​ទាំង​ពីរបាន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ស្តីពី​ការបញ្ជូន​ត្រឡប់មកវិញ​នៃ​សម្បត្តិ​វប្បធម៌ ខ្មែរ នា​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​។​

​ស្នាដៃ​ពិចិត្រ​ទាំងនេះ​មាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី​៦ រហូតដល់​សម័យ​ក្រោយ​អង្គរ រួមទាំង​រតនៈវត្ថុ​ដ៏​ល្អ​ឯក មកពី​អតីត​រាជធានី​កោះ​កេរ្តិ៍ និង​តំបន់​អង្គរ ដែល​នឹងត្រូវ​ដាក់តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ នាពេលខាងមុខ​។ ក្នុងដំណាក់កាល​ដំបូង វត្ថុ​បុរាណ​ខ្មែរ​ចំនួន​៥​រូប ក្នុងនោះ​មាន​បដិមា​ព្រះ​ឥសូរ​និង​ព្រះ​ស្កន្ទ (​សិវ​ស្កន្ធ​) ធ្វើ​ពី​ថ្មភក់ មកពី​រមណីយដ្ឋាន​កោះ​កេរ្តិ៍ និង​ក​ន្សែ​ទូក​ធ្វើ​ពី​សំរិទ្ធ នឹងត្រូវ​បញ្ជូន​មកដល់​មាតុភូមិ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​។ ក្រសួង​នឹង​ជូនដំណឹង​អំពី​ពេលវេលា​ជាក់លាក់​ជា​បន្តបន្ទាប់​ទៀត​ទៅតាម​ដំណាក់កាល​នីមួយៗ នៃ ការវិលត្រឡប់​មកវិញ​នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំងនោះ​។​

​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​គូសបញ្ជាក់ថា សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​នាពេល​បច្ចុប្បន្ន តាមរយៈ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​មូលដ្ឋាន​ចម្បង​ក្នុងការ​វិលត្រឡប់​នៃ​ព្រលឹង​បុព្វបុរស​ខ្មែរ ដែល​បាន​រសាត់​ឆ្ងាយ​ពី​មាតុភូមិ កន្លងមក​។ កិច្ចការ​ដ៏​លំបាក​ស្មុគស្មាញ​នេះ​អាច​សម្រេច​ទៅបាន​ក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់ និង​គាំទ្រ យ៉ាង​ពេញទំហឹង​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម ទាំង​កិច្ចសហការ​ជួយ​សម្រប​សម្រួល​ពី​ក្រសួង​ពាក់ព័ន្ធ​នានា និង​ឥស្សរជន ជាច្រើនរូប​ទៀត​ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង ផ្នែក​ឯកជន​។ ការបញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​នូវ​រូបចម្លាក់​ទាំងនេះ សបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទាមទារ​យក​មកវិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​បាន​បាត់បង់ ហើយ​ការបញ្ជូន​ត្រឡប់មកវិញ​នេះ គឺ ជា​ព្រឹត្តិការណ៍​ប្រ​វ​តិ្ត​សាស្ត្រ​សម្រាប់​ប្រជាជន​កម្ពុជា និង​ពិភពលោក​។ ក្រសួង​នឹង​បន្តធ្វើ​កិច្ចការងារ​នេះ ដើម្បី​ការពារ​និង​ថែរក្សា​មរតក​វប្បធម៌​ខ្មែរ ដោយ​បន្ត​សហការ​ជាមួយ​ក្រុមគ្រួសារ​របស់​លោក Douglas Lachford ក៏ដូចជា​អ្នកប្រមូល​បុរាណវត្ថុ​ដទៃទៀត​នៅ​ទូទាំង​ពិភពលោក​។​

​ទន្ទឹមនេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី Nawapar Krangsak ជា​កូនស្រី​របស់លោក Douglas Latchford ដែល​បាន​ផ្តួចផ្តើម​គំនិត និង​មាន​
​សុ​ឆន្ទៈ​ក្នុងការ​រួមចំណែក​លើក​ស្ទួយ​មរតក​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា​។ លោកជំទាវ​រដ្ឋមន្ត្រី ក៏បាន​ថ្លែង អំណរគុណ​ដល់​ក្រុមការងារ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​លោក Bradley James Gordon, លោក Steven Andrew Heimberg និង​លោក Charles Webb ដែល​បានធ្វើការ​ជាមួយ​ក្រសួង​អស់​រយៈពេល​ជាង​បី​ឆ្នាំ​មកហើយ ក្នុង​ការចរចា​បញ្ជូន​សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ទាំងនេះ​វិល​ត្រឡប់មក​កម្ពុជា​វិញ​។​

​លោកស្រី Nawapan Kriangsak បាន​លើកឡើងថា នៅពេល​ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​ពិភាក្សា​លើ​បញ្ហា​នេះ កាលពី​បី​ឆ្នាំមុន ខ្ញុំ​មិនដឹងថា​កិច្ចការ​នេះ​មាន​ភាពស្មុគស្មាញ​នោះទេ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ ដោយ​សមុច្ច័យ​ទាំង អស់នេះ​ដែល​បាន​ប្រមូល​ទុក​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះ នឹងត្រូវ​វិលត្រឡប់​ទៅ​ស្រុកកំណើត​ដូនតា របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា​វិញ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​លោកជំទាវ​រដ្ឋមន្ត្រី និង​សហការី​របស់លោក​ជំទាវ ចំពោះ​ចក្ខុវិស័យ និង​កិច្ចសហប្រតិបត្តិការ ព្រមទាំង​លោក Gordon, លោក Heimberg និង លោក Webb ចំពោះ ការលះបង់​របស់​ពួកគេ ក្នុងការ​នាំមក​នូ​វល​ទ្ធ​ផល​ជា​វិជ្ជមាន​នេះ​។​

​អ្នកអង្គម្ចាស់​ក្ស​ត្រី នរោត្តម ចាន់​ស៊ី​តា ដែលជា​បុត្រី​របស់​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ជា នាដកា​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​ដ៏​ល្បីល្បាញ​ជា​អន្តរជាតិ​, បាន​ថ្លែងថា “​ខ្ញុំ​រីករាយ​ដែល​ទទួលដំណឹង​ថា វត្ថុ​បុរាណ​ខ្មែរ ដ៏​អស្ចារ្យ​នេះ​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ ពីព្រោះ​រតនសម្បត្តិ​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជា​ខ្មែរ ជា ច្រើន​ជំនាន់​អស់​ជាង​ប្រាំមួយរយ​ឆ្នាំ​នៃ​អារ្យធម៌​អង្គរ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់ ក្នុងនាម​នៃ​គ្រួសារ​រាជវង្ស ដោយ​ឃើញ​វត្ថុ​ដ៏​ពិសិដ្ឋ​ទាំងនេះ​ត្រឡប់មក​កម្ពុជា​វិញ​”​។​

​ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ បាន​លើកឡើងថា ការវិលត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ដ៏​វិសេសវិសាល​នេះ គឺ​ស្របតាម បំណងប្រាថ្នា​របស់​ឪពុក​ខ្ញុំ សម្តេច​វិបុល​បញ្ញា សុខ អាន អតីត​ឧបនាយករដ្ឋមន្ត្រី ក្នុង​បុព្វហេតុ​ថែរក្សា​វប្បធម៌​ខ្មែរ និង​លើកស្ទួយ​មោទកភាព​ចំពោះ​ប្រវត្តិសាស្ត្រ​ជាតិ​។ ខ្ញុំ​នឹង​បន្ត​ចូលរួម​ស្វែងរក​វិធី​ថ្មីៗ ដើម្បី​ចែករំលែក​ដល់​ពិភពលោក​នូវ​សមិទ្ធផល​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ដ៏​អស្ចារ្យ​របស់​កម្ពុជា​។ ខ្ញុំ​រីករាយ​នឹង​បន្ត​ចូលរួម​ចែករំលែក​នូវ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​នាំយក​សម្បត្តិ​វប្បធម៌​ខ្មែរ​មក​កម្ពុជា​វិញ​បន្តបន្ទាប់​ទៀត​។​

​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ការចូលរួម​វិភាគទាន​ដ៏​មានតម្លៃ របស់​កា​វិ​យា​ល័យ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ភាគខាងត្បូង​ទីក្រុង​ញូវយ៉ក ភ្នាក់ងារ​ស៊ើបអង្កេត​សន្តិសុខ មាតុភូមិ​សហរដ្ឋអាមេរិក និង​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​។ លោកជំទាវ​បាន​បន្តទៀតថា ការខិតខំ​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក គឺជា​និមិត្តរូប​នៃ​ចំណងមិត្តភាព​ដ៏​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក និង​ស្រប ពេល​នៃ​ការ​រំលឹក​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី ជឿជាក់ថា ព្រឹត្តិការណ៍​ទាំងនេះ​បង្ហាញ​ពី​ទស្សនវិស័យ​ដ៏​រឹងមាំ​នៃ​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត ដែលជា ការលើកកម្ពស់​តម្លៃ​នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ ទុកជា​គុណប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់ មិន​សម្រាប់តែ​ចំពោះ​ប្រជាជន​ខ្មែរ ប៉ុណ្ណោះ​ឡើយ ក៏ប៉ុន្តែ​ក៏​ជា​បេតិកភណ្ឌ​ដ៏​ថ្លៃថ្លា​សម្រាប់​មនុស្សជាតិ​ទាំងមូល​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×