ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Jessi Ca បានបង្ហោះរូបភាពដ៏គួរឲ្យរំជួលចិត្ត ក្នុងទិដ្ឋភាពកូនប្រុសជាទីស្រឡាញ់របស់ខ្លួន ធ្វើការឲ្យគេដូចជាការលាងចាន បម្រើបាយដល់ភ្ញៀវ និងអង្គុយញ៉ាំបាយមើលទៅគួរឲ្យកម្សត់ ដោយបានភ្ជាប់សំណេរយ៉ាងជ្រៅជ្រាលបង្ហាញអារម្មណ៍ក្នុងនាមជាម្តាយម្នាក់រស់នៅស្រុកស្រែជនបទថា៖ «ព្រោះតែបន្តការសិក្សានៅទីក្រុង! ធ្វើការដូរបាយបីពេលនិងការស្នាក់នៅ ! ខិតខំតស៊ូឡើងកូន ឪពុកម្តាយសង្ឃឹមលើកូនប្រុសតែម្នាក់នេះហើយ។ ជូនពរកូនសំណាងល្អក្នុងជីវិត»។
ក្រោយពីបានឃើញក្មេងប្រុសម្នាក់នោះដែលមានរូបរាងដ៏ស្រស់សង្ហា និងមុខមាត់ដូចកូនកូរ៉េ តែមិនគួរណាមានជីវិតជាកូនអ្នកក្រ ខិតខំតស៊ូព្រោះតែដើម្បីការសិក្សាបែបនេះ ក៏បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន សម្តែងនូវក្តីអាណិតអាសូរជាខ្លាំង ដែលរហូតអ្នកខ្លះសុំយកទៅធ្វើការងារជាមួយក្រៅពីលាងចាន លើកអាហារជូនភ្ញៀវ និងខ្លះទៀតក៏សូម្បីធានាចេញលុយបង់ថ្លៃការសិក្សាឲ្យទៀតផង។
តែទោះយ៉ាងណា ទាំងនេះគឺគ្រាន់តែជាការចង់ដឹង ពីចំណាប់អារម្មណ៍របស់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមប៉ុណ្ណោះ ព្រោះថាក្រោយមក ម្តាយរបស់ក្មេងប្រុសរូបនេះ ក៏បានបង្ហោះសារទាំងអារម្មណ៍រំភើបខ្លាំងមិននឹកស្មានដល់យ៉ាងដូច្នេះថា៖ «យប់មិញ ផុសរូបកូនធ្វើការអោយពូគាត់ ដូរបាយបីពេល មានបងប្អូនកូនក្មួយស៊ែរដល់ 4ᴋជាង ឡាច 3ᴋជាង និងខមិនជាច្រើន មានទាំងអក្សអង់គ្លេសជាស៊ីងខ្មែរអានមិនចេញ សូមអភ័យទោសដែលឆ្លើយតបមិនទាន់! ហើយក៏អគុណជាខ្លាំងដែលមានក្តីអាណិត និងស្រឡាញ់កូនខ្ញុំតាមរយៈហ្វេសប៊ុក។ ជាចុងក្រោយសូមជូនពរបងប្អូនកូនក្មួយទាំងអស់ មានសុខភាពល្អចៀសផុតជំងឺកូវីដ១៩នេះ»។
ជាក់ស្តែង ភ្ជាប់ជាមួយនឹងវីដេអូខ្លីជាមួយផងនោះ គេក៏បានសង្កេតឃើញក្មេងប្រុសរូបនេះ អង្គុយចុចទូរស័ព្ទប្រើសុទ្ធតែ iPhone12Pro ដែលធ្វើឲ្យអ្នកខំអាណិត លាន់មាត់ថា៖ «ដូរបាយ៣ពេលក្រ តែកុំមើល ប្រើសុទ្ធ 12pro max, ខ្ញុំស្មានតែគាត់កូនអ្នកក្រ ទាល់តែឃើញវីដេអូបានដឹងចឹងសោះ។ ខ្ញុំថាយកមកហាងខ្ញុំដើម្បីរៀនជំនាញម៉ាស៊ីនព្រីន និងកុំព្យូទ័រ មានកន្លែងស្នាក់នៅនិងប្រាក់ខែ»។ តែទោះយ៉ាងណា ក៏នៅតែមានអ្នកខមិនល្អៗថា «ក្មេងល្អទៅដល់ណា ក៏មានតែអ្នកអាណិតស្រឡាញ់ដែរ, សង្ហាហើយចេះតស៊ូទៀតក្មួយ អានាគតពិតជាល្អមិនខាន,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង