Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា អរគុណ​សហភាព​អឺរ៉ុប​ដែល​ផ្តល់ ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា រយៈពេល​ជាង​ពីរ​ទសវត្សរ៍ កន្លងមកនេះ​

​ភ្នំពេញ​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អរគុណ ដល់​សហភាព​អឺរ៉ុប​ចំពោះ​ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង រយៈពេល​ជាង​ពីរ​ទសវត្សរ៍ កន្លងមកនេះ​។​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អនុញ្ញាតឱ្យ​លោកជំទាវ ខា​មេន ម៉ូ​រេណូ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលជួប​ពិភាក្សា​ការងារ​នៅ​ទីស្តីការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្តោតលើ​ការពិគ្រោះ​យោបល់​ទៅលើ​យុទ្ធសាស្ត្រ របស់​សហភាព​អឺរ៉ុប​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ជាមួយ​កម្ពុជា ឆ្នាំ​២០២១-២០២៧​។​

​លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​ជម្រាប ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី នូវ​វិស័យ​អាទិភាព​ទាំង ០៣ នៃ​យុទ្ធសាស្ត្រ​អឺរ៉ុប​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ជាមួយ​កម្ពុជា ឆ្នាំ​២០២១-២០២៧ ដែល​រួមមាន ៖ ១) កំណើនសេដ្ឋកិច្ច និង​ការបង្កើត​ការងារ ២) កសិកម្ម និង​ការគ្រប់គ្រង​ធនធាន ធម្មជាតិ ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​ជលផល និង​៣) អភិបាលកិច្ច និង​នីតិរដ្ឋ​។ លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បាន​រំលឹក​ផងដែរ អំពី​សមិទ្ធផល​មួយចំនួន​ក្រោម​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​រវាង កម្ពុជា និង​សហភាព​អឺរ៉ុប​។ ក្នុងចំណោម​សមិទ្ធផល​ទាំងនោះ គឺមាន​គម្រោង​រោងចក្រ​ប្រព្រឹត្តិកម្ម ទឹកស្អាត​នៅ​សង្កាត់​បាក់​ខែង ដែល​ត្រូវបាន​ទ្រទ្រង់​ដោយ​ជំនួយឥតសំណង​ពី​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បូករួម​នឹង​ឥណទាន​ពី​ធនាគារ​វិនិយោគ​អឺរ៉ុប ដែល​គម្រោង​នេះ​នឹង​បង្កើត​ការងារ​ប្រហែល ១៦,០០០ កន្លែង និង​មានលទ្ធភាព​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាជន ដែល​កំពុងមាន​តម្រូវការ​ទឹកស្អាត​បំផុត​។​

​ក្នុងអំឡុងពេល​នៃ​កិច្ច​ពិគ្រោះ​យោបល់​ខាងលើ ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​មតិយោបល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ស​មា​ហ​រណកម្ម​អាស៊ាន ជាពិសេស​ទាក់ទង​នឹង​បញ្ហា​គម្លាត​អភិវឌ្ឍន៍ រវាង​រដ្ឋ​សមាជិក ការគាំទ្រ​ពី​សហភាព​អឺរ៉ុប​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​កម្ពុ​ជា ក្នុង​សមាហរណកម្ម​ចូល​ទីផ្សារ​តំបន់ និង​ខ្សែសង្វាក់​តម្លៃ​ស្ថានភាព​ពលករ​ចំណាកស្រុក ស្ថានភាព​ទីផ្សារ​អឺរ៉ុប​សម្រាប់​អង្ករ​កម្ពុជា វិស័យ​ទេសចរណ៍ កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន ការបណ្តុះបណ្តាល​ជំនាញ និង​កិច្ច​គាំពារ​សង្គម ការជំរុញ​ការវិនិយោគ​ទ្វេភាគី ដែល​ភាគី​ទាំង​ពីរបាន​ឯក​ភាពជា​យុទ្ធសាស្ត្រ​សម្រាប់​បញ្ហា​ខាងលើ​តម្រូវឱ្យមាន​ការសម្របសម្រួល​ទៅតាម​ស្ថានការណ៍ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ ដល់ សហភាព​អឺរ៉ុប​ចំពោះ​ជំនួយ អភិវឌ្ឍន៍​ដល់​កម្ពុជា ដែល​បាន​អនុវត្ត​ទាំង​ក្រោម​ក្របខណ្ឌ​ទ្វេភាគី និង​រួមគ្នា​ជាមួយ​បណ្តា​ប្រទេស អឺរ៉ុប និង​ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង រយៈពេល​ជាង​ពីរ​ទសវត្ស​ន៍​កន្លះ​កន្លងមកនេះ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង ការស្វាគមន៍​ចំពោះ​ការពិគ្រោះ​យោបល់​បឋម​នេះ ដែលមាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សកម្មភាព​អភិវឌ្ឍន៍​នានា​របស់​សហភាព​អឺរ៉ុប​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ផងដែរ នូវ​ការទន្ទឹងរង់ចាំ​ចំពោះ​ការបញ្ចប់​នៃ​យុទ្ធសាស្ត្រ​របស់​សហភាព​អឺរ៉ុប ស្តីពី​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​សម្រាប់​កម្ពុ​ជា ឆ្នាំ​២០២១-២០២៧៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×