ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងធុរជនទាំងអស់ សូមបន្តចូលរួមជួយជ្រោមជ្រែងដល់សហគ្រិនវ័យក្មេងកម្ពុជា ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិពិតៗ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកថា វិស័យឯកជន ជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបាន។
ក្នុងកម្មវិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ នាសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានមានប្រសាសថា តាមការសង្កេត ក្រោមការដឹកនាំរបស់លោកឧកញ៉ា គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាអណត្តិចាស់ ក្នុងរយៈពេល៣ឆ្នាំ កន្លងមកនេះ ឃើញថា សមាគមបានអនុវត្តន៍សកម្មភាពយ៉ាងខ្លាំងក្លា ក្នុងការជួយជំរុញលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យ SMEs តាមរយៈកម្មវិធីបណ្ដុះបណ្ដាលម្ចាស់អាជីវកម្ម ការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេស គឺការចូលរួមសហការការងារជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតគោលនយោបាយលើកទឹកចិត្តដល់ SMEs។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរនូវស្នាដៃ និងធ្វើការវាយតម្លៃខ្ពស់នូវរាល់ការចូលរួមអនុវត្តន៍គោលនយោបាយ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សំដៅជំរុញអភិវឌ្ឍន៍ សហគ្រាសធុនតូចនិងមធ្យម តាមផែនការសកម្មភាព និងវិធីសាស្ត្ររបស់ខ្លួន ពិសេសក្នុងដំណាក់កាលជម្ងឺរាតត្បាត កូវីដ-១៩ ដ៏គ្រោះថ្នាក់បំផុត ហើយបាននឹងកំពុងបន្តរីករាលដាលជាសកល ដែលបានបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ប្រតិបត្តិការផលិតកម្ម អាជីវកម្មប្រចាំថ្ងៃ។
ឯកឧត្តម បានថ្លែងថា ជំងឺកូវីដ-១៩ បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ជីវិតមនុស្សដែលនាំឲ្យយើងទាំងអស់គ្នា ត្រូវធ្វើការផ្លាស់ប្តូរការរស់នៅ ការប្រាស្រ័យទាក់ទងគ្នា ការគិត របៀបរបបធ្វើការ វិធីសាស្ត្រ និងប្រើប្រាស់បច្ចេកវិទ្យាតាមបែបទម្រង់ថ្មីៗ ដើម្បីសម្រេចគោលដៅ បំណងប្រាថ្នាតាមមហិច្ឆិតាក្នុងការរស់នៅ ប្រតិបត្តិការផលិតកម្ម អាជីវកម្ម និងការធ្វើសេវាកម្ម។
កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងវិធានការដ៏មុតស្រួចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កំពុងធ្វើឱ្យបណ្តាប្រទេសនៅលើសកលលោកចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃការគ្រប់គ្រងស្ថានការណ៍ប្រទេសជាតិ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។ សម្តេចតេជោ ក៏បានដាក់ចេញនូវបទបញ្ជាដឹកនាំយ៉ាងហ្មត់ចត់ ប្រកបដោយបញ្ញាញាណឈ្លាសវៃ ដើម្បីគ្រប់គ្រងឲ្យបានល្អនូវសភាពការណ៍ទាំងនេះ រហូតដល់ក្លាយជាប្រទេសឈរនៅលំដាប់ខ្ពស់ក្នុងពិភពលោក ដែលអាចគ្រប់គ្រងស្ថានការណ៍ជំងឺឆ្លងសកលកូវីដ-១៩ នេះបានល្អឥតខ្ចោះ ហើយអង្គការសុខភាពពិភពលោក (WHO) ក៏បានកោតសរសើរចំពោះការដឹកនាំ និងការចាត់ចែងអនុវត្តន៍ វិធានការយ៉ាងមានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការកែទម្រង់ មុតស្រួចជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កម្ពុជាបាននឹងកំពុងលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ទាំងក្នុងវិស័យផលិតកម្ម, ឧស្សាហកម្ម, សេវាកម្ម ពាណិជ្ជកម្ម និងរដ្ឋាភិបាលឌីជីថល (Digital Government)។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល នាពេលឆាប់ៗខាងមុខនេះ ដែលជាមានវិធានការមុតស្រួច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ រួមមាន៖ (១) ការដាក់ឱ្យអនុវត្តន៍នូវថ្នាលចុះបញ្ជីពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលខ្លី ក្នុងការបើកក្រុមហ៊ុនអាជីវកម្ម (២) បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ដែលបានចូលជាធរមានចាប់ថ្ងៃទី១ ខែមករា ឆ្នាំ ២០២១នេះ និង(៣)ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ជាដើម។
ឆ្លៀតក្នុងឱកាសនេះដែរទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សម្ដែងនូវអំណរសាទរ ចំពោះលោក ស៊ាង សុបញ្ញា ដែលត្រូវបានបោះឆ្នោតគាំទ្រ ជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រាប់អាណត្តិ ឆ្នាំ២០២១-២០២៣ ហើយក៏សូមកោតសរសើរដល់ក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ ប្រកបដោយឆន្ទៈមោះមុត ដោយមានការគាំទ្រ និងផ្តល់ទំនុកចិត្តខ្ពស់ពីសមាជិក សមាជិការបស់សមាគមគ្រប់ៗរូប នាពេលកន្លងមក។ ទន្ទឹមនេះទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏មានជំនឿចិត្តយ៉ាងមុតមាំថា នៅក្នុងអាណត្តិថ្មីក្រោមការដឹកនាំរបស់ ស៊ាង សុបញ្ញា សមាគមសហគ្រិនវ័យក្មេងកម្ពុជានឹងបន្តអភិវឌ្ឍន៍កាន់តែរឹងមាំមួយកម្រិតទៀត ដោយមានកិច្ចសហការដ៏ល្អជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យធុរកិច្ចកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនជឿនលឿនថែមទៀត។
ជាថ្មីម្តងទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងធុរជនទាំងអស់ សូមបន្តចូលរួមជួយជ្រោមជ្រែងដល់សហគ្រិនវ័យក្មេងកម្ពុជា ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិពិតៗ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកថា វិស័យឯកជន ជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ