ភ្នំពេញ ៖ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួងរួមគ្នា ស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ច សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយ របស់យោធិន ដែលពុំត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់លក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។
នេះបើតាមប្រកាសអន្តរក្រសួង សម្រេច ត្រូវបានបង្កើតគណៈកម្មការចំពោះកិច្ច សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន នៃកងយោធពលខេមរភូមិន្ទ ដែលមានសមាសភាព គឺឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសហប្រធាននិងនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាកំណែទម្រង់ កងយោធពលខេមរភូមិន្ទ ជាសហប្រធាន និងមានអនុប្រធានពីររូប សមាជិកចំនួន៦រូប។
គណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំអាចត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។ សិក្សាពីលក្ខណៈសម្បត្តិ នៃការផ្តល់ប្រាក់ឧបត្ថម្ភបំពេញបន្ថែម ចំពោះយោធិន ដែលមានឋានន្តរសក្តិ និងមុខតំណែងចុងក្រោយ តែពុំអាចត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។ រៀបចំសំណើពាក់ព័ន្ធនឹងការងារខាងលើ ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដើម្បីពិនិត្យសម្រេច។ បំពេញការងារផ្សេងៗទៀតតាមបទបញ្ជា របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ