ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីធុនធំបុកនិងម៉ូតូ ក្នុងដំណើរបញ្ច្រាសទិសគ្នា។
សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា អ្នកបើកបររថយន្តក្រោយពេលបុករួចបានចុះរត់គេចខ្លួនបន្សល់ទុករថយន្តនៅ
កន្លែងកើតហេតុ ។ ដោយឡែកអ្នករងគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានបងប្អូនសាច់ញ្ញាតិនាំយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ។
នៅថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២:៣០ នាទី លើផ្លូវជាតិលេខប្រាំចន្លោះគីឡូម៉ែត្រ ១០៣-១០៤ ស្ថិតនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានម៉ូតូ០១ គ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1BL-6203 បើកបរដោយឈ្មោះ ណឹប សុភត្រា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បើកបរចេញពីទិសខាងលិច ទៅទិសខាងកើត ។
លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានឡើងវ៉ាឬជែងរថយន្ត ០១គ្រឿងមិនស្គាល់ម៉ាកនិងស្លាកលេខ ក៏បានទៅបុកជាមួយរថយន្ត០១ គ្រឿងម៉ាកSCANIA ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1207 មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ (រត់គេចខ្លួនបាត់) ក្នុងដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យស្លាប់ ០១នាក់ ប្រុស (អ្នកបើកបរម៉ូតូ) នៅហ្នឹងកន្លែងកើតហេតុ ។
ខូចខាតម៉ូតូ០១គ្រឿង ធ្ងន់ រថយន្ត ០១គ្រឿង ស្រាល ត្រូវបានចាប់វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ