ភ្នំពេញ ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បានព្រមានថា ក្រុមហ៊ុនធុរកិច្ចទីផ្សារបណ្តាញទាំងឡាយណា ដែលរកស៊ីមិនត្រឹមត្រូវ នឹងរាយការណ៍ទៅស្ថាប័នដែលពាក់ព័ន្ធ ជូនថ្នាក់លើ ហើយគ្រប់ក្រុមហ៊ុនទាំងអស់នោះ នឹងត្រូវចុះឆែកក្នុងពេលបន្តបន្ទាប់ តាមពេលវេលានិងកាលកំណត់ ដោយអាជ្ញាធរមានសមត្ថកិច្ច។
លោកថ្លែងបែបនេះ ក្នុងពិធីសម្ពោធនិងប្រកាសទទួលស្គាល់ក្រុមហ៊ុនសីហាផៅវ័រ រីច ជាសមាជិកក្នុងសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា កាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ភោជនីយដ្ឋានឌឺហ្គ្រេនតេរ៉ា។
លោក បានលើកឡើងថា នៅដើមឆ្នាំថ្មីនេះ ពិនិត្យឃើញថាសមិទ្ធផលធំៗរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានស្ថេរភាពនយោបាយពេញផ្ទៃប្រទេស។ ធុរកិច្ចទីផ្សារបណ្តាញ ជាអាជីវកម្មដែលស្របច្បាប់ ។ ចំណែកឯអាជីវកម្មដែលខុសច្បាប់ គឺរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យធ្វើនោះទេ ទូទាំងពិភពលោក មិនមែនតែប្រទេសកម្ពុជានោះទេ ហើយទូទាំងពិភពលោកអាជីវកម្មពីរ៉ាមីតនេះគេមិនឲ្យធ្វើទេ ហើយប្រព័ន្ធពីរ៉ាមីតនេះរយៈពេល២ឬ៣ឆ្នាំគេឲ្យបិទហើយ ព្រោះវាខុសច្បាប់។ ពីរ៉ាមីតជាអាជីវកម្មខុសច្បាប់ គឺរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យបើកទេ ។
“បើចង់ចូលទៅក្នុងក្រុមហ៊ុនធុរកិច្ចទីផ្សារបណ្តាញដោយស្របច្បាប់ គឺក្រុមហ៊ុនណាដែលធុរកិច្ចទីផ្សារបណ្តាញប្រកាសទទួលស្គាល់ ហើយចម្លងជូនដោយរាជរដ្ឋាភិបាលស្របច្បាប់ ទាំងក្រុមហ៊ុនដែលចុះបញ្ជីស្របច្បាប់នៅក្រសួង និងទំនិញដែលចុះនៅក្រសួងដែលពាក់ព័ន្ធ ស្របច្បាប់តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រុមហ៊ុនោះពិតជាក្រុមហ៊ុនត្រឹមត្រូវ។ ចំណែកក្រុមហ៊ុនណាមួយ ដែលមិនហ៊ានចុះបញ្ជី គឺមានអ្វីមិនប្រក្រតីនៅក្នុងនោះហើយ បងប្អូនកុំឆ្ងល់ពេក” លោកបណ្ឌិត បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
យន្តការគ្រឹះរបស់ធុរកិច្ចទីផ្សារបណ្តាញ មានសសរស្តម្ភធំៗចំនួន៤ និងធាតុផ្សំចំនួន៣ គឺជាប្រភេទទីផ្សារបណ្តាញអាជីវកម្មបែបប្រពៃណី ដែលនាំចូលនិងចែកចាយធម្មតា មានហ្វ្រេនឆាយ មានណិតវើកប្រព័ន្ធអេឡិកត្រូនិច និងបើកស៊ប(ហាង) ហើយទំនិញទាំងអស់ត្រូវតែមានចុះបញ្ជីត្រឹមត្រូវ ហើយទើបអាចលក់ក្នុងទីផ្សារបណ្តាញបាន។
លោកឡី សុភាព នេះជាសារមួយទៅដល់ក្រុមហ៊ុនធុរកិច្ចទីផ្សារបណ្តាញនាពេលនេះ យើងនឹងរាយការណ៍ទៅស្ថាប័នដែលពាក់ព័ន្ធចំពោះក្រុមហ៊ុនធុរកិច្ចទីផ្សារបណ្តាញទាំងឡាយណា ដែលរកស៊ីមិនត្រឹមត្រូវខ្ញុំនឹងរាយការណ៍ជូនថ្នាក់លើគ្រប់ក្រុមហ៊ុនទាំងអស់ នឹងត្រូវចុះឆែកក្នុងពេលបន្តបន្ទាប់តាមពេលវេលានិងកាលកំណត់ នៃអាជ្ញាធរដែនដីដែលសមត្ថកិច្ចទាំងអស់។
លោកបានថ្លែងបន្តថា “សសរស្តម្ភទាំង៤រួមមាន ក្រុមហ៊ុនមានការទទួលខុសត្រូវទៅលើផ្លូវច្បាប់នៃក្រុមហ៊ុន ប្រព័ន្ធផលប្រយោជន៍ ទំនិញ មានប្រព័ន្ធបណ្តុះបណ្តាល មានក្រុមការងារចាំជួយ និងធុរកិច្ចម្នាក់ៗ ។ ទាំងអស់ដែលជាសក្តានុពលធុរកិច្ចទីផ្សារបណ្តាញ ទាំងអ្នកចេះច្រើន ទាំងអ្នកចេះតិច ឬក៏អ្នកមិនទាន់ចេះសោះ អាចមកចូលរួមក្នុងធុរកិច្ចទីផ្សារបណ្តាញ អាចប្រជាជនកម្ពុជា ទាំងអ្នកតូច ទាំងអ្នកមធ្យម អ្នកស្រុកស្រែចម្ការគ្រប់ទិសទីអាចពួតដៃគ្នារកស៊ីបានដោយវិស័យគ្រប់ៗគ្នា។ ធុរកិច្ចទីផ្សារបណ្តាញ គឺជាអ្នកដែលរកស៊ីត្រឹមត្រូវ ហើយក្រុមហ៊ុនណាដែលរកស៊ីមិនត្រឹមត្រូវ ត្រូវដាក់ចូលក្នុងពីរ៉ាមីត ហើយបញ្ឈប់បាន ក៏បញ្ឈប់ទៅ ។ លោកសង្ឃឹមថា ប្រទេសកម្ពុជាសម្បូរទៅដោយអ្នករកស៊ីទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ