Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ជំរុញ​កីឡាករ​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង​ពង្រឹងសមត្ថភាព ឆ្ពោះទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​២០២៣

​កណ្ដាល ៖ កាលពី​រសៀល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង ជ្រើសរើស​ជើងឯក​ភូមិភាគ​បឹង​ទន្លេសាប “​ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​៧ ឆ្នាំ​២០២០” ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ ជាមួយ​ស្នាមញញឹម និង​ក្តី​រីករាយ ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា នៅ​ខេត្តកណ្ដាល ទីក្រុង​តាខ្មៅ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​អនុប្រធាន​សហព័ន្ធ ឯកឧត្តម​បណ្ឌិត មាស សារិន អនុប្រធាន​អចិន្ត្រៃយ៍​សហព័ន្ធ ឯកឧត្តម ឯម ម៉ា​អូ​រី អនុប្រធាន​សហព័ន្ធ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី​គណៈប្រតិភូ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត អាជ្ញា​ធម៌​ខេត្ត គ្រូបង្វឹក កីឡាករ​-​កីឡាការិនី​ជាច្រើនរូប​ទៀត​។​

​ការប្រកួត​នេះ​ត្រូវបាន​រៀបចំឡើង​រយៈពេល​បី​ថ្ងៃ​គឺ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ លើ​វិញ្ញាសា​ចំនួន ៥ រួមមាន​៖ ទី​១ ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ផ្នែក​បុរស ទី​២ ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ផ្នែក​នារី ទី​៣ ទូក​កា​នូ​C1 ទី​៤ ទូក​កា​យ៉ាក់​K1 និង​ទី​៥ ទូក​រ៉ូ​អ៊ីង​។ ក្នុងនោះ​រង្វាន់​សម្រាប់​ជ័យលាភី​ទាំងអស់​ត្រូវបាន​បែងចែក​ដូចតទៅ​៖ សម្រាប់​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ផ្នែក​បុរស និង​នារី​៖ លេខ​១ ទទួលបាន ១,៩២០,០០០​រៀល លេខ​២ ទទួលបាន ១,៦០០,០០០​រៀល លេខ​៣ ទទួលបាន ១,២៧៨,០០០​រៀល​។ រីឯ​ទូក​កា​នូ កា​យ៉ាក់ និង​រ៉ូ​អ៊ីង​វិញ ចំណាត់ថ្នាក់​លេខ​១ ទទួលបាន ១៥០,០០០​រៀល​/​ម្នាក់ លេខ​២ ទទួលបាន ១២០,០០០​រៀល​/​ម្នាក់ លេខ​៣ ទទួលបាន ១០០,០០០​រៀល​/​ម្នាក់​។​

​ក្នុង​ពិធី​បិទ​ការប្រកួត​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការកោតសរសើរ ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នេះ​ប្រកបដោយ​ភាពរលូន និង​ទទួលបាន​ជោគជ័យ​ជា​ផ្លែផ្កា​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំ​រុញឱ្យ​កីឡាករ​ខិតខំ​ពង្រឹងសមត្ថភាព​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​២០២៣ និង​បានផ្តល់​អនុសាសន៍​គន្លឹះ​មួយចំនួន ដើម្បីឱ្យ​វិស័យ​កីឡា​ទូក​កា​នូ​-​កា​យ៉ាក់ ទូក​រ៉ូ​អ៊ីង និង​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ឬ​ហៅថា “​ទូក​នាគ​” កាន់តែ​មានការ​រីកចម្រើន និង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​។ អនុសាសន៍​ទាំងនោះ​រួមមាន​៖
១- ត្រូវខិតខំ​បើក​វគ្គ​បណ្តុះបណ្តាល និង​បង្កើន​បរិមាណ​កីឡាករ​-​កីឡាការិនី នៅតាម​បណ្តា​សមាគម កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​កា​នូ និង​ទូក​រ៉ូ​អ៊ីង ទូទាំងប្រទេស​
២- ត្រូវមាន​ធនធាន និង​សម្ភារ​ហ្វឹកហាត់​ឱ្យបាន​គ្រប់គ្រាន់ ជាអាទិ៍ សមាគម​កីឡា​ទូក​រាជធានី​-​ខេត្ត និង ក្រសួង​ពាក់ព័ន្ធ ចាំបាច់​ត្រូវមាន​ទូក​ផ្ទាល់ខ្លួន ដើម្បី​ងាយស្រួល​ក្នុងការ​ហ្វឹកហាត់ ក៏ដូចជា​ចូលរួម ប្រកួត​ទាំង​ថ្នាក់​ភូមិភាគ និង​ថ្នាក់ជាតិ​
៣- ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង របស់​សហព័ន្ធ និង​សមាគម​កីឡា​ទូក ទូទាំងប្រទេស ដោយ​ផ្តោតលើ​ការបំពេញ​មុខងារ​រប​ស់​គណៈកម្មការ​ជំនាញ​នីមួយៗ ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​
៤- ត្រូវ​ពង្រឹងសមត្ថភាព​អាជ្ញាកណ្តាល និង​ចៅក្រម ឱ្យ​កាន់តែ​ល្អប្រសើរ ទាំង​បរិមាណ និង​គុណភាព ដើម្បី​អាច​គ្រប់គ្រង និង​រៀបចំ​ការប្រកួត​បាន​គ្រប់​កម្រិត​
៥- ត្រូវខិតខំ​ស្វែងរក​ដៃគូ​សហការ និង​ក្រុមហ៊ុន​ឧបត្ថម្ភ​បន្ថែមទៀត ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត ឱ្យបាន​កាន់តែច្រើន​ក្នុង​មួយឆ្នាំៗ តាម​ដែល​អាច​ធ្វើបាន​
៦-​ត្រូវ​ជំរុញ​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ប្រកួត និង​សកម្មភាព​ការងារ​របស់​សហព័ន្ធ ឱ្យបាន​ទូលំទូលាយ ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​សាធារណ​ជនជាតិ និង​អន្តរជាតិ ឲ្យ​កាន់តែច្រើន​ទៀត​៕

​សូម​ជម្រាបជូន​ថា ការប្រកួត​នេះ​ត្រូវបាន​សហការ​រៀបចំ និង​ឧបត្ថម​ថវិកា ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល ឯកឧត្តម​ឧ​ត្ត​មនា​វី ទៀ វិញ មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​អនុប្រធាន​សហព័ន្ធ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោកជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង ឯកឧត្តម ជាម ចន្ទ​សោ័​ភណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ ឯកឧត្តម ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ ក្រុមហ៊ុន Ganzberg ឯកឧត្តម លី ហួត ក្រុមហ៊ុន​ទឹកបរិសុទ្ធ SKH ព្រមទាំង​អ្នក​ឧបត្ថម្ភ​ដទៃ​ជាច្រើនរូប​ទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×