ភ្នំពេញៈ ក្រុមហ៊ុន ង៉ែត សុម៉ាលី ដែលរកស៊ីកាយអាចម៌ដីលក់បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានកាយដីចំណីផ្លូវលំ និងដីចំណីអូរ ស្ថិតនៅក្នុងភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង យកទៅទៅចាក់បំពេញដីទីតាំងក្រុមហ៊ុន WCC សម្រាប់ពុះឡូត៍លក់ ដោយមិនមានការទប់ស្កាត់ពីសមត្ថកិច្ចនោះទេ។ ប៉ុន្តែភាគីក្រុមហ៊ុនបានបដិសេធថា មិនពាក់ព័ន្ធរឿងកាយដីនេះទេ ព្រោះក្រុមហ៊ុនជាអ្នកទិញអាចម៌ដីពីក្រុមហ៊ុន ង៉ែត សុម៉ាលី តែប៉ុណ្ណោះ។
ប្រជាពលរដ្ឋដែលរស់នៅភូមិទឹកល្អក់បានឲ្យដឹងថា ក្រុមហ៊ុន ង៉ែត សុម៉ាលី (នៅផ្សារព្រៃខ្មែរ) បានកាយបកដីស្រែយ៉ាងជ្រៅយកអាចម៍ដីទៅលក់ចាក់បំពេញលើទីតាំងដីពំឡូត៍របស់ក្រុមហ៊ុន WCC នៅក្នុងភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកជ័យ ម៉ូត ជំទប់ទី ១ ឃុំទឹកហូត បានឲ្យដឹងថា លោកទើបតែដឹងរឿងនេះ ពីលោកសេងវិចិត្រ អភិបាលរងស្រុករលាប្អៀ ហើយលោកនឹងចុះទៅពិនិត្យនៅទីនោះដើម្បីចំណាត់ការតាមច្បាប់។
លោក យង់ សៅវុទ្ធី អភិបាលស្រុករលាប្អៀរ បានថ្លែងថា លោកពុំបានដឹងរឿងនេះទេ តែលោកនឹងឱ្យលោកអភិបាលរងស្រុកទទួលកិច្ចការងារនេះ និងលោកមេឃុំទឹកហូតចុះទៅទៀតមើល ដើម្បីចាតវិធានការតាមផ្លូវច្បាប់។
ចំណែកលោក វ៉ែន មិ អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន WCC បានថ្លែងប្រាប់ CEN ថា ក្រុមហ៊ុនជាអ្នកទិញអាចម៌ដីពីក្រុមហ៊ុន ង៉ែត សុម៉ាលី ហើយមិនពាក់ព័ន្ធក្នុងរឿងកាយដីនេះទេ។ ហើយក្រុមហ៊ុនមិនបានយកគញរឿងចក្រទៅកាយដីទេ។
លោក វ៉ែន មិ បានបញ្ជាក់ថា “ក្រុមហ៊ុន WCC ទិញអាចម៌ដីពីក្រុមហ៊ុន ង៉ែត សុម៉ាលី អត់មានអីត្រូវពាក់ព័ន្ធជាមួយខាងក្រុមហ៊ុនខ្ញុំទេ”។
ទាក់ទងក្រុមហ៊ុន ង៉ែត សុម៉ាលី មិនអាចសុំការទំនាក់ទំនងបានទេ ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ