Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា លើកឡើងថា ការចូលរួម​សហការ​ពី​អាជ្ញាធរខេត្ត​ជាការ​ចាំបាច់​សម្រាប់​អ្នកវិនិយោគ​

​ខេត្តកំពត​៖ ឯកឧត្តម ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា បាន​លើកឡើងថា រាល់​ការវិនិយោគ​របស់​វិស័យ​ឯកជន មិន​អាចធ្វើ​តែម្នាក់ឯង ទទួលបាន​លទ្ធផល​ស​ម្រេច​នោះទេ​។ ហើយ​ការចូលរួម​សហការ​ពី​អាជ្ញាធរខេត្ត ជាការ​ចាំបាច់​សម្រាប់​អ្នកវិនិយោគ​។

​ក្នុងឱកាស​រៀបរៀង​សៀវភៅ​ម​គ្គុ​ទេស​វិនិយោគ​ខេត្តកំពត​-​កែប ឯកឧត្តម ងួន ម៉េង​តិច បាន​ដឹកនាំ​សមាជិកសភា​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ជួបពិភាក្សា​ជាមួយ​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត និង​បានលើកឡើង​ពី​កិច្ចសហការ​របស់​អាជ្ញា​ធរ​ខេត្ត​ជា​កក្តា​ចាំបាច់​មិនអាច​ខ្វះ​បាន ក្នុងការ​រួមគ្នា​ស្វែងរក​នូវ​ទិន្នន័យ​វិនិយោគ​ផ្សេងៗ នៅក្នុង​ខេត្ត​ដើម្បី​ជា​ព័ត៌មាន​សំខាន់​សម្រាប់​អ្នក​ចង់​វិនិយោគ​នៅក្នុង​ខេត្ត​។​

​ក្រោយពេល​បាន​ស្តាប់​របាយការណ៍​ដ៏​ក្បោះក្បាយ អំពី​លក្ខណៈ​ទូទៅ​របស់​ខេត្តកំពត​ឃើញថា ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ឯកឧត្តម ងួន ម៉េង​តិច បាន​លើកឡើងថា ខេត្តកំពត​ពិតជា​មាន​ស​កត្តា​នុព​ល​ខ្លាំង​ស្ទើរ​គ្រប់​វិស័យ ហើយ​ឱកាស​វិនិយោគ​នៅក្នុង​ខេត្តកំពត ក៏មាន​ច្រើន​លើសគេ​ផងដែរ​។ ប៉ុន្តែ​ដើម្បី​កៀរគរ អ្នកវិនិយោគ​ឱ្យមក​បោះទុន​បាន​ច្រើន​នោះ សភាពាណិជ្ជកម្ម​ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញាធរ ព្រោះ​ទាំង​វិស័យ​ឯកជន រួមទាំង​ប្រធានសភា​ពាណិជ្ជកម្ម​នៅតាម​បណ្តា​ខេត្ត​ផង មិនអាច​ធ្វើ​ការងារ​អ្វីមួយ​បានសម្រេច ដោយ​គ្មាន​ការចូលរួម​សហការ​ពី​អាជ្ញាធរ​នោះទេ​។

​ចំពោះ​ការរៀប​រៀង​សៀវភៅ​ម​គ្គុ​ទេស​វិនិយោគ​ខេត្តកំពត​-​កែប ក៏​ដូចគ្នា​ដែរ​គឺ ទាមទា​ការចូលរួម​សហការ​ពី​អភិបាលខេត្ត រដ្ឋបាលខេត្ត​ទាំងមូល ដើម្បី​ធ្វើឱ្យ​សៀវភៅ​មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ងាយស្រួល​ដល់​អ្នកវិនិយោគ​យកទៅ​វិភាគ ពិចារណា​មុននឹង​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ​។

​ជាមួយគ្នា​នោះ លោក ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​ឱ្យដឹងថា ខេត្តកំពត​មាន​សក​ត្តា​នុព​ល​ខ្លាំង​ស្ទើរ​គ្រប់​វិស័យ​ពិសេស កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ទេសចរណ៍​ជាដើម​។ ទោះ​ស្ថិតនៅ​វិបត្តិ​កូ​វីដ​១៩​ក៏ដោយ ប្រាក់ចំណូល​របស់​ខេត្ត​នៅតែ​ប្រមូលបាន​ចំនួន ១៤០​ភាគរយ ខណៈដែល​តម្លៃ​ដីធ្លី ដំណង់​អគារ និង​ការអភិវឌ្ឍ​ផ្សេងៗ​នៅតែ​បន្ត​កើនឡើង​ឥតឈប់ឈរ​ពីមួយ​ខែ​ទៅ​មួយខែ​៕រក្សាសិទ្ធិដោយ៖CEN

×