បាត់ដំបង ៖ ទីស្ដីការគណៈរដ្ឋមន្ត្រី តាមរយៈស្ថាប័នវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានប្រគល់ជួនសម្ភារសិក្សា និងសម្ភារសុខាភិបាលមួយចំនួនដល់សិស្សជាង៥ពាន់នាក់នៅខេត្តបាត់ដំបងគឺជាមូលនិធិចិន ដើម្បីកាត់បន្ថយភាពក្រីក្រនិងបង្ហាញនូវសេចក្តីស្រឡាញ់ ចំពោះប្រជាពលរដ្ឋកម្ពុជា ពីសំណាក់ពលរដ្ឋចិន ក៏ដូចជាការរឹតចំណង់សាមគ្គីភាពនៃប្រទេសទាំងពីរ។
លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង បានជំរុញទៅសិស្សានុសិស្ស បន្ទាប់ពីបានសម្ភារសិក្សានេះ ត្រូវខិតខំរៀនសូត្រ ហើយសម្រាប់មាតាបីតាឬអាណាព្យបាល សូមជួយជំរុញកូនចៅ ឲ្យបានរៀនចប់ចុងចប់ដើមនិងបើមានជីវភាពខ្វះខាត ពុំមានលទ្ធភាពឲ្យកូនរៀនបន្ត ត្រូវសួរនាំអាជ្ញាធរក្នុងការស្វែងរកនូវអាហារូបករណ៍ឲ្យពួកគេសិក្សាបន្ត។
ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការដ្ឋានវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងពិធីចែកសម្ភារសិក្សាដល់សិស្សានុសិស្សនៅស្រុកឯកភ្នំ កាលពីថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០២១ បានមានប្រសាសន៍ថាសម្ភារទាំងអស់នេះគឺជាមូលនិធិចិន ដើម្បីកាត់បន្ថយភាពក្រីក្រនិងបង្ហាញនូវសេចក្តីស្រឡាញ់ ចំពោះប្រជាពលរដ្ឋកម្ពុជា ពីសំណាក់ពលរដ្ឋចិន ក៏ដូចជាការរឹងចំណង់នូវសាមគ្គីភាពនៃប្រទេសទាំងពីរ ។ការផ្ដល់នេះទៀត ដើម្បីពញាក់ដល់សិស្សានុសិស្សឲ្យខិតខំសិក្សារៀនសូត្រ ព្រោះមានតែចំណេះដឹងនោះទេ ដែលអាចជួយអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន ខណៈដែលសកម្មភាពរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានជួយលើការងារសុខាភិបាល ការផ្ដល់នូវអណ្ដូងទឹកនិងជំនួយផ្សេងៗទៀតនៅតាមមូលដ្ឋាន។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ឲ្យដឹងថាសាលាដែលត្រូវបាននូវសម្ភារសិក្សា និងសម្ភារសុខាភិបាល ពីមូលនិធិចិននេះ មាននៅក្រុងបាត់ដំបង ស្រុកឯកភ្នំ និងស្រុកបាណន់។ល។៕ រក្សាសិទ្ធិដោយ ៖ អ៊ុងសារុំ