ព្រះសីហនុ ៖ ផ្លូវចំនួន៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គ្រោងរួចរាល់ទាំងអស់នៅចុងខែមីនា ឆ្នាំ២០២១ នេះ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដោយពេលនេះ ក្រុមការងារកំពុងតែសម្អាតការងារដែលនៅសេសសល់។
នេះបើតាមការលើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ដឹកដោយ លោក យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ខណ:ពេលនេះ ការកសាផ្លូវ ៣៤ខ្សែ គឺនៅសល់តែការងាររណបប៉ុណ្ណោះ ដូចជា ស្ថាបនាបន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្ម ការអ៊ុតកៅស៊ូបេទីមីណឺ ការបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូរចរាចរណ៍ បំពាក់ភ្លើងចរាចរណ៍ នៅលើដងផ្លូវជាដើម ក៏កំពុងពន្លឿនឲ្យចាប់រួចរាល់ផងដែរ។
អភិបាលខេត្តព្រះសីហនុ អះអាងថា នឹងជំរុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ២០២១។
ផ្លូវទាំង៣៤ខ្សែនេះ ចែកចេញជា ៣ប្រភេទ រួមមាន ៖
១- មហាវិថីចំនួន ៣ខ្សែ ប្រវែងជាង ២២គីឡូម៉ែត្រ ទទឹង ៥០ម៉ែត្រ មានគន្លងផ្លូវរថយន្ត៦គន្លង (៣ទៅ ៣មក)។
២- វិថី ចំនួន ១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ ទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ តាមស្ថានភាពផ្លូវ។
៣- អនុវិថី ចំនួន ១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ ទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ តាមស្ថានភាពផ្លូវ៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN