Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ បានប្រកាស​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​

​ភ្នំពេញ ៖ កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ បានប្រកាស​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ក្រោម​អធិបតីភាព​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី YOO Myung-hee រដ្ឋមន្ត្រី​ពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​កូរ៉េ​។​កម្មវិធី​នេះ​ធ្វើឡើង តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​

​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ជាក់ថា កិច្ច​ព្រៀម​ព្រៀង​នេះ មាន​គោលបំណង​ពង្រឹង​ភាពជា​ដៃគូ​សេដ្ឋកិច្ច និង​ពង្រឹង​ធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់​តែមាន​ភាពទូលំទូលាយ​ដោយ​ផ្ដល់នូវ​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក សំដៅ​បង្កើត​ផលប្រយោជន៍​សេដ្ឋកិច្ច សុខមាលភាព ប្រជាជន និង​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។ លើសពីនេះ​វា​អាច​ស្ដារឡើងវិញ​នូវ​សេដ្ឋកិច្ច​ប្រទេស​ទាំងពី​ឲ្យ​បាន​ឆាប់រហ័ស ក្នុងកំឡុងពេល និង​ក្រោយ​ពេលដែល​វិបត្តិ​កូ​វីដ​-១៩ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទេ​ភាគី គឺ​គ្របដណ្ដប់​ទៅលើ​ទំនិញ​មួយចំនួន​ដូចជា​៖ មាន​ស្តង់ដារ បញ្ញត្តិ​បច្ចេកទេស និង​នីតិវិធី​វាយតម្លៃ​អនុលោមភាព វិធានការ​អនាម័យ ភូ​គា​ម​អនាម័យ​។​

​លោក​លើកឡើងថា​៖«​កិច្ចព្រមព្រៀង CKFTA នេះ​នឹង​ពង្រីក​បន្ថែមទៀត​លើ​ការធ្វើ​សេរីភាវូបនីយកម្ម​ទីផ្សារ​រវាង​ប្រទេស​ទាំងពីរ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែលមាន​ស្រាប់ ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ធ​អាស៊ាន​-​កូរ៉េ និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ដែល​ទើបតែ​បាន​ចុះហត្ថលេខា​នាពេល​ថ្មី​នេះៗ​។

​ជាពិសេស​កិច្ចព្រមព្រៀង​នេះ​នឹង​លើកកម្ពស់​នាំចេញ​របស់​កម្ពុជា​ទៅកាន់​សា​ធា​រដ្ឋ​កូរ៉េ​បន្ថែមទៀត​លើ​មុខទំនិញ​នាពេល​កន្លងមក មានដូចជា ផលិតផល​សម្លៀកបំពាក់​និង​វាយ​ន​ភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍​អេឡិចត្រូនិក កៅស៊ូ និង ផលិតផល​កសិកម្ម ជាដើម​។ សម្រាប់​សាធារណរដ្ឋ​កូរ៉េ ក៏​អាចជួយ​លើកកម្ពស់​ការនាំចេញរ​បស់​ខ្លួន​បន្ថែមទៀត មកកាន់​ប្រទេស​កម្ពុជា រួមមាន​យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារៈ​អគ្គិសនី ភេសជ្ជៈ ឱសថ និង​ផលិតផល​ផ្លា​ស្ទិ​ក​។​»
​គួរ​បញ្ជាក់ថា បន្ទាប់ពី​ប្រកាស​បញ្ជ​ប់​ការចរចារ​ជា​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ប្រទេស​ទាំងពីរ​នឹង​អនុវត្ត​នីតិវិធី​ក្នុងស្រុក​សម្រាប់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​នេះ ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១​នេះ​។ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​កូរ៉េខាងត្បូង​មានតម្លៃ ៨៨៤ លាន​ដុល្លារ​គិត​ត្រឹម​ខែធ្នូ​ឆ្នាំ ២០២០ ដែលជា​ការថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ចំនួន ១៤ ភាគរយ​នេះ​បើ​យោងតាម​តួលេខ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​។​

​ចាប់ពី​ខែមករា​ដល់​ខែធ្នូ​ឆ្នាំ ២០២០ ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​ចំនួន ៣១៧ លាន​ដុល្លារ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ពោលគឺ​ធ្លាក់ចុះ ១៨ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​។ ប្រទេស​កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​កូរ៉េខាងត្បូង​ចំនួន ៥៦៧ លាន​ដុល្លារ​ពោលគឺ​ធ្លាក់ចុះ ៥ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

×