ស្ទឹងត្រែង ៖ ឈើគ្រឿងផ្ទះប្រមាណពី ៨ ទៅ ១០ ម៉ែត្រគូបក្រុមឈ្មួញប្រមូលគ្នាពី ១០ ទៅ ២០ នាក់ អូសទម្លាក់ទឹកទន្លេសេកុង ត្រង់ចំណុចអូរញ៉ាងភូមិញឺន ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា ឈើប្រភេទគ្រឿងផ្ទះខាងលើនេះ ត្រូវបានឈ្មួញចូលទៅក្នុងព្រៃប្រើម៉ាស៊ីនត្រង់ស៊ីន័រ កាត់ផ្ដួលរំលំអារច្រៀក រួចលើកដាក់គោយន្តកន្ត្រៃ មកទម្លាក់ក្បែរមាត់ទន្លេសេកុង ត្រង់ចំណុចអូរញ៉ាង ភូមិញឺន ឃុំស្ដៅ ដើម្បីរង់ចាំដឹកចេញបន្ត។
ក្រោយពីឈើគ្រឿងផ្ទះដែលគេដឹកចេញពីក្នុងព្រៃ មកទម្លាក់នៅក្បែរមាត់ទន្លេរួចជាស្រេច
នៅរសៀលថ្ងៃទី៣ខែកុម្ភៈនេះ ឈ្មួញបានប្រមូលគ្នាប្រមាណពី ១០ ទៅ ២០ នាក់ ត្រៀមលើកឈើដាក់ទូក បន្តដឹកយកមកកាន់ទីរួមខេត្តស្ទឹងត្រែង។
ក្រុមឈ្មួញទាំងនោះ មានអ្នកខ្លះបានពាក់ឯកសណ្ឋានស្ថាប័ននគរបាល ដើម្បីបន្លាចក្នុងការដឹកជញ្ជូនឈើពីព្រៃចុះទូក។ តាមការឲ្យដឹងទៀតថា មានសមត្ថកិច្ចមួយចំនួន នៅពីក្រោយខ្នងជំនួញឈើគ្រឿងផ្ទះ ដឹកពីចំណុចភូមិសាស្ត្រភូមិញឺន ឃុំស្ដៅ ស្រុកសេសាន មកកាន់ក្រុងស្ទឹងត្រែង។
បើពុំមានអ្នកនៅពីក្រោយខ្នងទេនោះ ពួកគេក៏មិនហ៊ានពាក់ឯកសណ្ឋានសមត្ថកិច្ច បន្លាចដល់គេឯងដែរ៕ រក្សាសិទ្ធិដោយ៖សំណាង